ភ្នំពេញៈ ​លោក ​ស ​ខេង ​រដ្ឋ​​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​បាន​អះ​អាង​ថា​ ការ​អនុ​វត្តគោលបំណង​យុទ្ធ​សាស្ដ្រ​នៃ​​គណៈ​កម្មាធិការ​​ជាតិ​ ស្ដី​ពី​អត្ត​សញ្ញាណកម្ម​​មាន​ភាព​យឺ​ត​យ៉ាវ​ដោយ​សារ​តែ​ស្ថាន​ភាព​នយោ​បាយ​ និងការ​រវល់​ការងារ​បោះ​ឆ្នោត។​

នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៣​ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ដឹក​នាំ​តម្រង់​ទិស​ដៅ​ ការងារ​ អត្រា​នុកូល​ដ្ឋាន ​ស្ថិតិ​អត្រា​នុកូល​ដ្ឋាន​ និង​ អត្ត​សញ្ញាណ​កម្ម​ (គ​.ជ​.​ដ​.​អ​)​ នៅ​ ខែកុម្ភៈ ឆ្នាំ​ ២០១៩​ លោក ​ស ​ខេង​ ថ្លែង​​ថា​៖​ «​ការ​យឺតយ៉ាវ​នោះ ​មិន​មែន​ដោយ​សារ​ការ​ មិន​យក​ចិត្ត​ទុក​ដាក់​របស់ ​អង្គភាព​ជំនាញ​នោះទេ។​ ប៉ុន្ដែ​គឺ​ដោយ​សារ​តែ​ស្ថាន​ភាព​នយោ​បាយ​សង្គម​របស់​ប្រទេស​ជាតិ​យើង​ផង​ ព្រម​ទាំង​ការជាប់​រវល់​ការ​ងារ​បោះ​ឆ្នោត​ និង​កិច្ចការ​អាទិ​ភាព​ជា​ច្រើន​ទៀត​របស់​រាជ​រដ្ឋាភិ​បាល។​ ការងារ​ចម្បង​ដែល​ត្រូវ​ខិត​ខំ​ឲ្យ​បាន​នៅ​ក្នុង​ដំណាក់​កាល​ដំ​បូង​នេះ ​ការ​រៀប​ចំ​សេច​ក្តី​ព្រៀង​ច្បាប់​ ការ​រៀប​ចំ​សេច​ក្ដីព្រាង​ច្បាប់​ស្ដីពី​អ​ត្រា​នុ​កូ​ល​ដ្ឋា​ន​ ស្ថិតិ​អត្រា​នុកូល​ដ្ឋាន​ និង​អត្ត​សញ្ញា​ណ​​​កម្ម និង​ការ​អភិ​វឌ្ឍ​ ប្រព័ន្ធ​ បច្ចេក​វិទ្យា​ទូរ​គម​នាគម​ន៍​ និង​ព័ត៌​មាន​សម្រាប់​បម្រើ​ការ​ចុះបញ្ជី​ការងារ​អត្ត​សញ្ញាណ​កម្ម»។​

​លោក​រដ្ឋ​មន្ត្រី​អះ​អាង​ថា​​​ ការ​កែទម្រង់ប្រព័ន្ធ​គ្រប់​គ្រង​អត្ត​សញ្ញាណ​កម្ម​នៅ​តែ​ជា​កិច្ច​ការ​អាទិ​ភាព​​សម្រាប់​រាជ​រដ្ឋាភិបាល​​អាណត្តិ​ទី៦​ ដោយ​សារ​តែ​ប្រព័ន្ធគ្រប់​គ្រង​អត្ត​សញ្ញាណ កម្ម​ប្រជា​ជន​ គឺ​ជា​ឆ្អឹង​ខ្នង​នៃ​ប្រព័ន្ធ​ផ្តល់សេវា​ទាំង​អស់​ទាំង​សេវា​រដ្ឋ​បាល​សាធារ​ណៈ ​និង​សេវា​ផ្នែក​ឯក​ជន។​

ការ​អនុវត្ត​សាក​ល្បង​ច្រក​ចេញ​ចូលតែ​មួយ​ ដូច​ជា​ការ​ផ្តល់​សេវា​អត្ត​សញ្ញាណ​កម្ម​នៅ​សាលា​ឃុំ ​សង្កាត់​ក្នុង​ខេត្ត​កែប និង​ខេត្ត​កំពត​វិញ​បាន​ជួយ​លើក​កម្ពស់​ ប្រសិទ្ធ​ភាព​សេវា​សាធារណៈ​ហើយ​តាម​ការ​ស្ទង់​មតិ​ពល​រដ្ឋ​ភាគ​ច្រើន​បំផុត​បាន​សម្ដែង​ការពេញ​ចិត្ត​ខ្លាំង​ បន្ទាប់​ពី​សេវា​ទាំង​នេះ​ត្រូវ​បាន​ប្រមូល​ផ្ដុំ​នៅ​កន្លែង​តែ​មួយ និង​នៅ​កៀក​ពួក​គាត់។

​លោក ​សាយ​ ម៉េង​ឈាង​ អ្នក​នាំ​ពាក្យ​អគ្គ​នាយ​ក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ក្រសួង​មហា​ផ្ទៃ ​បាន​បដិ​សេធ​ធ្វើ​អត្ថា​ធិប្បាយ​​បន្ថែម​ទៅ​លើ​អ្វី​ដែល​លោក​ ស​ ខេង​ បាន​លើក​ឡើង​ជា​បញ្ហា។

​លោក ​​គិ​ន​ ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុ​ជា​នៃ​រាជ​បណ្ឌិត្យ​សភាបាន​ថ្លែង​ថា ​រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ​ មិន​គួរ​ផ្សារ​ភ្ជាប់​ភាព​យឺតយ៉ាវ​នៃ​ការ​អនុ​វត្តគោល​បំណង ​យុទ្ធ​​សាស្ដ្រ​នីមួយៗ​ ជូន​ប្រជា​ពលរដ្ឋ​ជា​មួយនឹង​​ស្ថាន​ភាព​នយោ​បាយ ​និង​រវល់​ការងារ​បោះឆ្នោត​នោះ​ទេ​ដោយ​សា​រ​តែ​វា​ជា​សេវា​ផ្សេង​គ្នា។

​លោក​បញ្ជាក់​ដូច្នេះ​៖​ «​យើង​ត្រូវ​ញែក​​ឲ្យ​ដាច់​ការ​ងារ​ស្នូល​និង​មុខ​ងារ​ដែល​មាន​លក្ខ​ណៈ​បន្ទាន់​ ហើយ​យើង​មិន​អាច​យក​ភាព​យឺត​យ៉ាវ​នៃ​ការងារ​ធ្វើ​ អត្ត​សញ្ញាណ​កម្ម​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​សារ​តែ​ការងារ​បោះ​ឆ្នោត។ អាជ្ញាធរមាន​សមត្ថ​កិច្ចគួរ​តែ​ពង្រឹង​ក្នុង​ការអនុវត្ត​ផែន​ការ​ឲ្យ​បាន​ទាន់​ពេល​វេលា​ហើយ​កុំ​យក​ហេតុ​ផល​រឿង​បោះ​ឆ្នោត​​មក​​ធ្វើ​ជា​លេស​មិន​សម​ហេតុផល»។​

​លោក​​អះ​អាង​ថា​ ភាព​យឺត​យ៉ាវ​នេះ ​ដោយ​សារ​តែ​ម​ន្ត្រី​ដែល​មាន​សមត្ថ​កិច្ច​ទទួល​ខុស​ត្រូវ​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ និង​យក​ចិត្ត​ទុក​ដាក់​ហើយ​ថា​ អាច​ដោយ​សារ​បណ្តាល​មក​ពី​ពុំ​មាន​ការ​ចូល​រួម​ពី​ប្រ​ជា​ពលរដ្ឋ​ក្នុង​ការ​អនុ​វត្ត​គោល​បំណង​យុទ្ធ​សាស្ដ្រ​អត្ត​សញ្ញាណ​កម្ម។​

លោក​ ស៊ឹង​ សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមាគម​​អាដ​ហុក ​និងលោក​ សន​ ជ័យ ប្រធាន​អង្គ​ការ​សម្ព័ន្ធ​គ​ណ​នេយ្យ​ភាព​សង្គម​ក​ម្ពុ​ជា​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិ​ប្បាយ​ទាក់​ទង​នឹង​ការលើក​ឡើង​ខាង​លើ​នេះ​បាន​ទេ។​

ក្នុ​ង​កិច្ច​ប្រជុំ​នោះ​​របាយ​ការណ៍​ស្ដី​ពីការ​វាយ​តម្លៃ​ការ​អនុវត្ត​សាក​ល្បងច្រក​ចេញ​តែ​មួយ​ សេវា​អត្ត​សញ្ញាណ​កម្ម​នៅ​សាលា​ឃុំ ​សង្កាត់នៅ​ខេត្ត​កំពត និង​ខេត្ត​កែប​ និង​កា​ររៀប​ចំ​​សេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អត្រា​នុកូល​ដ្ឋាន​ ស្ថិតិ​អត្រា​នុ​កូល​ដ្ឋាន​ និង​អត្ត​សញ្ញាណ​កម្ម៕