ភ្នំពេញ៖ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ក្នុងរយៈពេល ១ ឆមាស ក្នុងឆ្នាំ ២០២០ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៥៥២ ករណី អ្នកស្លាប់ថយចុះ ១៧២ នាក់ និងរងរបួសថយចុះ ៧៧៨ នាក់ បើប្រៀបធៀបរយៈពេល ១ ឆមាសដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈការគោរពច្បាប់ចរាចរណ៍មានលក្ខណៈកាន់តែល្អប្រសើរ។
លោក ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញថា ចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៣០ ខែមិថុនា គឺមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១ ៦១៩ លើកថយចុះចំនួន ២៥% អ្នកស្លាប់មានចំនួន ៨៦១ នាក់ថយចុះ ១៧% និងអ្នករងរបួសមានចំនួន ២ ៤៤៩ នាក់ ថយចុះ ២៤% ខណៈក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ ១៧១ លើកស្លាប់ចំនួន ១ ០៣៣ នាក់ និងរងរបួសចំនួន ៣ ២២៧ នាក់។
លោកបន្តទៀតថា ដោយឡែកសម្រាប់រយៈពេល ២ ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកពីខែឧសភា និងខែមិថុនាឆ្នាំ ២០២០ គឺមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៤៥៧ លើកថយចុះ ៣៤% ស្លាប់ ២៤១ នាក់ ថយចុះ ៧៩ នាក់ និងរងរបួសចំនួន ៧៦៦ នាក់ ថយចុះ ២៣% ខណៈក្នុងរយៈពេល ២ ខែដូចគ្នាក្នុងឆ្នាំ ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៦៩០ លើក ស្លាប់ ៣២០ នាក់ និងរបួស ៩៩៩ នាក់។
ទំព័រហ្វេសប៊ុករបស់លោក ស ខេង សរសេរថា៖ «តាមទិន្នន័យបញ្ជាក់ខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើននៅពេលប្រទេសជាតិយើង មានការរីកចម្រើនមានកំណើនយានយន្តធ្វើដំណើរ និងកំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ»។
លោក ស ខេង ស្នើឱ្យពលរដ្ឋបន្តផ្ដល់យោបល់ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ប្រកបដោយន័យស្ថាបនាដោយលោកក៏បន្តក្រើនរំឭក មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលអនុវត្តភារកិច្ចបម្រើជាតិ និងប្រជាជនត្រូវគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយ និងលុបបំបាត់បាតុភាពអវិជ្ជមានផ្សេងៗ។
រដ្ឋាភិបាលបានរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមអនុក្រឹត្យថ្មី ដែលបង្កើនប្រាក់ផាកពិន័យរហូតទៅដល់ ៥ ដង បើប្រៀបធៀបអនុក្រឹត្យចាស់ដោយសង្ឃឹមថា ការរឹតបន្តឹងបែបនេះអាចនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរបួសនៅក្នុងឆ្នាំ ២០២០ នេះ បន្ទាប់ពីមានការកើនឡើងអ្នកស្លាប់ និងរបួសយ៉ាងគំហុកនៅក្នុងឆ្នាំ ២០១៩។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកសង្កេតឃើញថា នៅពេលដែលមន្ត្រីបានចាប់ផ្ដើមអនុវត្តច្បាប់តាមអនុក្រឹត្យថ្មី គឺមានការផាកពិន័យធ្ងន់ធ្ងរលើពលរដ្ឋ ស្របពេលពលរដ្ឋជួបការលំបាកបង្កឡើងពីផលប៉ះពាល់ពីជំងឺកូវីដ ១៩។ លោកបន្តថា ការថយចុះចំនួនគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះ ក្រៅពីបណ្ដាលមកពីការរឹតបន្តឹងច្បាប់ចរាចរណ៍ក៏ដោយសារតែការធ្វើដំណើររបស់ពលរដ្ឋ មានការធ្លាក់ចុះផងដែរបន្ទាប់ពីមានការផ្ទុះជំងឺឆ្លងកូវីដ ១៩។ លោកថា៖ «សម្រាប់ខ្ញុំ គឺចង់ឃើញប្រជាពលរដ្ឋភ្ញាក់រឭកដោយខ្លួនឯងដោយគ្មានការបង្ខិតបង្ខំ ឬការប្រើសម្ពាធជាការពិន័យធ្ងន់ធ្ងរទេ។ យើងចង់ឱ្យពួកគាត់យល់ដឹងថា វាមានសារៈសំខាន់ក្នុងការការពារសុវត្ថិភាព និងគោរពច្បាប់ (ពេលបើកបរ)»។
លោក រតនៈ ចង់ឱ្យមានការអនុវត្តសកម្មភាពផ្សេងទៀតក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ជាងការផាកពិន័យធ្ងន់ធ្ងរ ទៅលើពលរដ្ឋ ដូចជាការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍បន្ថែមទៀត ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដោយសារផ្លូវមួយចំនួនពុំទាន់មានស្លាកសញ្ញា ឬគំនូសសញ្ញាចរាចរណ៍ត្រឹមត្រូវ ជាពិសេសផ្លូវជាតិនៅខេត្តដាច់ស្រយាលមួយចំនួនរួមទាំងការរឹតបន្តឹងច្បាប់ឱ្យបានជាប់ជាប្រចាំ និងប្រកបដោយតម្លាភាព៕
វីដេអូ៖