
លោក កឹម សុខា ស្ថិតក្នុងខេត្ត កំពង់ឆ្នាំង កាលពីឆ្នាំ ២០១៧។ ALEX WILLEMYNS
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាក់កាលពីម្សិលមិញថា ជោគវាសនារបស់លោក កឹម សុខាគឺអាស្រ័យទៅលើតុលាការដោយមិនអាចភ្ជាប់ជាមួយវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលតម្រូវឲ្យមានការស្នើសុំដកបម្រាមនយោបាយនោះបានទេ ខណៈសំណុំរឿងរបស់អតីតមេបក្សប្រឆាំងរូបនេះកំពុងតែស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការនៅឡើយ។
ការថ្លែងរបស់លោក ស ខេង ធ្វើឡើង ខណៈដែលវិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយដែលនឹងបើកផ្លូវដល់អ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយមានឱកាសស្នើសុំនីតិសម្បទាឡើងវិញត្រូវបានបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខាបន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួច។
លោក ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សម័យប្រជុំរដ្ឋសភាកាលពីម្សិលមិញថា៖ «យើងត្រូវមើលបញ្ហាពីដើមមូលហេតុអ្វីបានជាគាត់ (កឹម សុខា) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន? ត្រូវមើលមូលហេតុហ្នឹង យើងត្រូវមើលហេតុផលអីរហូតមកដល់ពេលនេះដំណើរការ នីតិវិធីតុលាការ មិនទាន់ចប់ ឥឡូវគាត់ស្ថិតនៅក្នុងនីតិវិធីតុលាការនៅឡើយ»។
លោក ស ខេង ក៏បានឲ្យដឹងដែរថារហូតមកទល់ពេលនេះក្រសួងមហាផ្ទៃមិនទាន់ទទួលបានសំណើណាមួយនៃការស្នើសុំផ្ដល់នីតិសម្បទាធ្វើសកម្មភាពនយោបាយឡើងវិញពីថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនៅឡើយទេ។
លោកបញ្ជាក់ថា៖ «មិនទាន់មាននៅឡើយដោយសារតែច្បាប់ហ្នឹង មិនទាន់បានព្រះករុណាលោកឡាយព្រះហស្តលេខានៅឡើយ និងប្រកាសឲ្យប្រើប្រាស់ជាធរមាន ហើយក្រោយច្បាប់ចូលជាធរមានយើងនឹងដឹង»។
លោក កង គឹមហាក់ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិបានថ្លែងថាស្ថានការណ៍នយោបាយអាចនឹងមានការប្រែប្រួលលឿនហើយថា បើនីតិវិធីតុលាការបានបញ្ចប់ទៅលើលោក កឹម សុខា នោះវាជាសញ្ញាវិជ្ជមាន ក្នុងការបើកផ្លូវដល់ការដោះស្រាយ វិបត្តិនយោបាយនៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «យើងចាំមើលជាក់ស្តែងទាំងអស់គ្នាទៅដោយសារស្ថានការណ៍នយោបាយឥឡូវមានការប្រែប្រួលរហ័ស។ នេះជាសញ្ញាវិជ្ជមានមួយ ប្រសិនបើមានព័ត៌មានដែលនីតិវិធីតុលាការត្រូវបានបញ្ចប់ឆ្ពោះឈានទៅរកការដោះស្រាយវិបតិ្តនយោបាយនៅប្រទេសយើង»។
លោកមេធាវី លី ច័ន្ទតុលា មិនអាចទាក់ទងសុំអធិប្បាយជុំវិញករណីនេះបានទេកាលពីម្សិលមិញ ប៉ុន្តែលោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានមើលឃើញថាករណីលោក កឹម សុខា គឺជាករណីនយោបាយដោយឡែកមួយពីការធ្វើវិសោធនកម្មច្បាប់មាត្រា ៤៥ ថ្មី ដែលច្បាប់នេះបើកសិទ្ធិអំណាចទៅនាយករដ្ឋមន្ដ្រីក្នុងការសម្រេចជោគវាសនាអ្នកដែលជាប់បម្រាមនយោបាយ។
លោកបន្ថែមថា៖ «និយាយរួមទៅទាល់តែព្រះមហាក្សត្រ ព្រះរាជទានទោស ក៏ប៉ុន្ដែតាមរយៈការស្នើរបស់លោកនាយករដ្ឋមន្ដ្រី ដូច្នេះទាល់តែលោកនាយករដ្ឋមន្ដ្រីយល់ព្រមបានបាន។ ដូច្នេះវានៅតែជារឿងនយោបាយ តែវាក៏ជាវិធីម្យ៉ាងសម្រាប់ការដោះស្រាយបញ្ហាទាល់ច្រកនយោបាយ»។
លោក សុក សំអឿន បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះថា គឺជាច្រកទ្វារនយោបាយសម្រាប់ក្រុមអ្នកនយោបាយជាប់ទោស ប៉ុន្ដែអ្វីដែលសំខាន់នោះត្រង់ថា តើអ្នកនយោបាយព្រមបើក ឬមិនបើកច្រកទ្វារនេះ។
ចំពោះករណីលោក កឹម សុខា លោក សំអឿន បានបញ្ជាក់ថា៖ «តុលាការឆាប់កាត់ទៅឲ្យមានទោសទៅ ហើយព្យួរទោសទៅមានតែវិធីហ្នឹង»។
កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាបុគ្គលអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនដែលជាប់បម្រាមនយោបាយត្រូវស្នើសុំនីតិសម្បទាម្នាក់ម្តងៗតាមលក្ខណសម្បត្តិរបស់បុគ្គលម្នាក់ៗដោយមិនអាចស្នើសុំជាកញ្ចប់បានទេ។
លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។ លោកត្រូវបានដោះលែងពីពន្ធនាគារត្រពាំងផ្លុងឲ្យមកស្នាក់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីជាប់ឃុំនៅទីនោះជិត ១ ឆ្នាំ៕