
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ ផា លីណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងកែសម្រួលក្រុមការងារថ្នាក់ជាតិឲ្យខ្លាំងជាងក្រុមការងារគណបក្ស ដើម្បីជួយលើកម្ពស់កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលដើម្បីជួយប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាកម្មថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និង លើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២០ ខែមករា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា រដ្ឋាភិបាលបាននិងកំពុងកែសម្រួលក្រុមការងារថ្នាក់ជាតិ ដើម្បីឲ្យគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល កាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្មថ្នាក់ក្រោមជាតិ។
លោកថា៖ «យើង ខិតខំធ្វើម៉េចពង្រឹង ក្រុមការងារថ្នាក់ជាតិឲ្យខ្លាំងជាងក្រុមការងារគណបក្សតាមទស្សនៈរបស់ខ្ញុំ។ មូលហេតុអ្វីដោយសារតែក្រុមការងារថ្នាក់ជាតិ គឺជាប្រតិបត្តិករ ដើម្បីពាំនាំនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រដ្ឋាភិបាល មករួមជាមួយនឹងរដ្ឋបាល នៅនឹងកន្លែង នេះចាត់តាំង អនុវត្តទៅលើគ្រប់វិស័យទាំងអស់»។
លោកបន្ថែមថា៖ «ក្រុមការងារគណបក្សធ្វើការងារគណបក្ស មានពេលវេលាច្រើនដើម្បីធ្វើការងារគណបក្សដូច្នេះហើយ ជាការយល់ឃើញរបស់ខ្ញុំគឺចាំបាច់ត្រូវពង្រឹងការងារថ្នាក់ជាតិនេះ និងជួយឧបត្ថម្ភក្រុមការងារថ្នាក់ជាតិរបស់យើងឲ្យរីកធំធាត់មានកម្លាំងគ្រប់គ្រាន់ និងលទ្ធភាពធ្វើការងារនេះបានល្អជាង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលប្រាប់ភ្នំពេញប៉ុស្តិ៍ថាការកែសម្រួលក្រុមការងារថ្នាក់ជាតិ «នឹងជួយប្រសិទ្ធភាពការងារដែលផ្តល់សេវាកម្មឲ្យមហាជននៅថ្នាក់ក្រោមជាតិ» ហើយអាចនឹងធ្វើឲ្យមន្ត្រីថ្នាក់ជាតិ ដែលអសកម្មមួយចំនួន ខិតខំបំពេញការងារកាន់តែមានប្រសិទ្ធភាព។
លោក មាស នី អ្នកវិភាគនយោបាយគាំទ្រការលើកឡើងរបស់លោក ស ខេង ដោយសារថានេះ ដើម្បីជួយកាត់បន្ថយមន្ត្រីថ្នាក់ជាតិមួយចំនួន ដែលមិនបានយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាកម្ម ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោក ថា បើការកែសម្រួលនេះអាច នឹងជួយធ្វើឲ្យគណបក្សមានប្រជាប្រិយភាព។
លោកថា៖ «ការកែសម្រួលអាចជួយលើកតម្កើងប្រជាប្រិយភាពគណបក្សប្រជាជនដោយសារតែនាពេលបច្ចុប្បន្ននេះ មន្ត្រីថ្នាក់ជាតិមួយចំនួនគិតតែរឿងធ្វើការងាររបស់បក្សដោយមិនបានគិតគូរដល់ការងារផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះទេដែលធ្វើឲ្យប្រជាប្រិយភាពរបស់គណបក្សប្រជាជនធ្លាក់ចុះ»៕