The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស ខេង​៖ ថវិកា​សម្រាប់​អភិវឌ្ឍ​ និង​រដ្ឋបាល​ក្នុង​ ១​ ឃុំ-សង្កាត់​នឹង​កើន​ដល់​ជាង $ ១០ ម៉ឺន​ ក្នុង​ឆ្នាំ​ ២០២០

លោក ស ខេង​៖ ថវិកា​សម្រាប់​អភិវឌ្ឍ​ និង​រដ្ឋបាល​ក្នុង​ ១​ ឃុំ-សង្កាត់​នឹង​កើន​ដល់​ជាង $ ១០ ម៉ឺន​ ក្នុង​ឆ្នាំ​ ២០២០

Content image - Phnom Penh Post
អ្នកចូលរួម​នៅក្នុង​ពិធី​បិទ​មហាសន្និបាត​អាណត្តិ​ទី​ ២ ​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត​កាលពី​ថ្ងៃ​ម្សិលមិញ​។ ហេង ជីវ័ន

លោក ស ខេង​៖ ថវិកា​សម្រាប់​អភិវឌ្ឍ​ និង​រដ្ឋបាល​ក្នុង​ ១​ ឃុំ-សង្កាត់​នឹង​កើន​ដល់​ជាង $ ១០ ម៉ឺន​ ក្នុង​ឆ្នាំ​ ២០២០

ភ្នំពេញៈ ថវិកា​សម្រាប់​ការអភិវឌ្ឍ ឃុំ-សង្កាត់​នីមួយៗ និង​ចំណាយ​រដ្ឋបាល​មូលដ្ឋាន​នឹង​កើនឡើង​រហូត​ដល់​ជាង​ ១០ ​ម៉ឺន​ដុល្លារ​ សម្រាប់​ឆ្នាំ ២០២០ ​និង​ជិត​ ២០ ​ម៉ឺន​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០២៣​។ ជាមួយ​គ្នា​នេះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រុមប្រឹក្សា ឃុំ-សង្កាត់​ត្រូវ​ប្រើប្រាស់​ថវិកា​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។

លោក ស ខេង បាន​លើកឡើង​បែបនេះ​នៅក្នុង​ពិធី​បិទ​មហាសន្និបាត អាណត្តិ​ទី ២ របស់​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​កាលពី​ព្រឹក​ម្សិលមិញ​នៅ​សណ្ឋាគារ​ភ្នំពេញ​ដែល​មាន​ការចូលរួម​ពី​ប្រធាន ក្រុមប្រឹក្សា​រាជធានី-ខេត្ត​អភិបាល​រាជធានី-ខេត្ត និង​អ្នកពាក់ព័ន្ធ​ប្រមាណ​ជាង​ ៣០០ ​នាក់​។

លោក​បាន​ថ្លែងថា​ ក្នុង​នាម​ក្រសួងមហាផ្ទៃ និង​ក្នុង​នាម​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប) លោក​សូម​អបអរសាទរ​ចំពោះ​រដ្ឋបាល ថ្នាក់ឃុំ សង្កាត់ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​ការទុកចិត្ត និង​មាន​ភាពជឿជាក់​លើ​ការដឹកនាំ​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​ការចូលរួម​ផ្តល់​សេវា និង​អភិវឌ្ឍ​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ និង​តម្រូវការ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​ធ្វើឲ្យ​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើន​ថវិកា​សម្រាប់​អភិវឌ្ឍ និង​រដ្ឋបាល​មូលដ្ឋាន​សម្រាប់​ឆ្នាំ​ ២០២០ នឹង​កើន​រហូត​ដល់​ជាង​ ១០ ​ម៉ឺន និង​ជិត ២០ ​ម៉ឺន​ដុល្លារ​ សម្រាប់​នៅ​ឆ្នាំ​ ២០២៣​។

លោក​បញ្ជាក់ថា​៖ «​តាមពិត​ទៅ​ ១ ​ឃុំ​ជាង ១០ ​ម៉ឺន​ ១ ​ឆ្នាំ​ទាំង​ថវិកា​អភិវឌ្ឍ​ទាំង​ថវិកា ចំណាយ​រដ្ឋបាល​ទូទៅ គឺ​ចាប់ផ្តើម​មាន​តាំងពី​ឆ្នាំ​ ២០២០ ទៅ​ហើយ​រហូត​ដល់​ឆ្នាំ​ ២០២៣ គឺ​ជិត​ ២០ ​ម៉ឺន​ឯណោះ ទាំង​ថវិកា​អភិវឌ្ឍន៍ ទាំង​ថវិកា ចំណាយ​រដ្ឋបាល​»​។

លោក​បាន​ជំរុញ​ដល់​មន្ត្រី​ក្រុមប្រឹក្សា ឃុំ-សង្កាត់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ក្នុង​ការគ្រប់គ្រង​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​ទាំងនេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​បានកំណត់ ហើយ​ថា​បើ​កាលណា​ការចំណាយ​មិនមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​គឺ​នឹង​ធ្វើឲ្យ​រាជរដ្ឋាភិបាល​ក្រសួង​ស្ថាប័ន និង​ប្រជាពលរដ្ឋ​បាត់បង់​នូវ​ទំនុកចិត្ត​ទៅ​លើ​មន្ត្រី​ក្រុមប្រឹក្សាឃុំ-សង្កាត់​។

Content image - Phnom Penh Post
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅក្នុង​មហាសន្និបាត​កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

លោក​ញ្ជាក់​ថា​៖ «​ដូច្នេះ​បើសិន​ណា​លទ្ធភាព​ និង​សមត្ថភាព​របស់​ក្រុមប្រឹក្សា ឃុំ មិន​ឆ្លើយតប​បាន​នូវ​ការចាត់ចែង​នឹង​ការប្រើប្រាស់​ថវិកា​នេះ​ទេ យើង​នឹង​ជួប​បញ្ហា ហើយ​នឹង​បាត់បង់​នូវ​ការជឿ​ទុកចិត្ត មិន​ត្រឹម​តែ​ពី​រដ្ឋាភិបាល​ពី​ក្រសួង​ស្ថាប័ន​នោះទេ​ថែម​ទាំង​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ដែន​សមកិច្ច​របស់​ខ្លួន​ផងដែរ​»​។

លោក​បន្តថា​៖ «​ពី​មុន​បន្ទោស​ថា មកពី​គ្មាន​លុយ តែ​ឥឡូវ​ឲ្យ​លុយ​ហើយ ហេតុអ្វី​ទៅ​ធ្វើ​មិនកើត ដូច្នេះ​ហើយ​ពេលនេះ​យើង​ត្រូវខិតខំ​ទាំងអស់​គ្នា ដើម្បី​ប្រើប្រាស់​លុយ​ឲ្យ​អស់ មិនមែន​មានន័យ​ថា​ចេះ​តែ​ប្រើ​ដោយ​ពុំមាន​តម្លាភាព និង​គណនេយ្យភាព​នោះទេ​»​។

លោក​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ ឲ្យ​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​វិជ្ជាជីវៈ ផ្នែក​បច្ចេកទេស និង​ការអភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដើម្បី​ធានា​ដល់​ការចាត់ចែង​ និង​ប្រើប្រាស់​ថវិកា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ បើ​ទោះបី​ជា​ខ្លួន​បានធ្វើការ​ផ្ទេរអំណាច និង​ធនធាន​ទៅ​មូលដ្ឋាន​រួចហើយ​ក៏ដោយ​។

លោក ស ខេង បញ្ជាក់​ថា​៖ «​គាត់​ (​ថ្នាក់ជាតិ​) ​នៅ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល និង​រដ្ឋសភា អត់​គេច​ទៅ​ណា​រួច​ទេ ដោយសារ​ច្បាប់​យើង​ចែង​ដូចនេះ ហើយ​ពិសេស​ច្បាប់​រដ្ឋធម្មនុញ្ញ​។ នៅពេល​ដែល​ផ្ទេរ​ពី​ខ្ញុំ​ទៅហើយ ខ្ញុំ​លែង​ទទួល​ខុសត្រូវ​ហើយ ការគិត​បែប​នេះ​គឺជា​ការគិត​មិន​ត្រឹមត្រូវ​ដោយសារ​តែ​គាត់​ចង់​ក្តោប​សិទ្ធិអំណាច​ទាំងឡាយ​នេះ ដើម្បី​ឲ្យ​គាត់​បាន​កាន់​លុយ​ចាយ​។ វា​គឺជា​ទស្សនៈ​ខុសឆ្គង​ដែល​យើង​មិនអាច​ទទួល​យក​បានទេ ពីព្រោះ​យើង​ត្រូវ​ចែករំលែក​ផល​ទាំងអស់​គ្នា​»​។

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​អ៊ូ ច័ន្ទរ័ត្ន ​បាន​ស្វាគមន៍​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​បញ្ជូន​មូលនិធិ​ថវិកាជាតិ ដល់​ឃុំ-សង្កាត់​បន្ថែម​ទៀត​ហើយ​បានចាត់ទុក​វិធានការ​នេះ​ថា​នឹង​ជួយ​អភិវឌ្ឍ​ឃុំ-សង្កាត់​ និង​ភូមិ ព្រម​ទាំង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ​នៅ​ថ្នាក់មូលដ្ឋាន​។

លោក​បញ្ជាក់ថា​៖ «​យើង​ស្វាគមន៍ គោលនយោបាយ​ថ្មី​របស់​គណបក្ស​ប្រជាជន និង​រាជរដ្ឋាភិបាល​។ វា​គឺជា​រឿង​ល្អ​...​វា​ជំរុញ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ទាំង​ផ្តល់​ការងារ​ហើយ​កាត់​បន្ថយ​អំពើពុករលួយ​ផង​ដែរ​»​។

លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប​) មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

លោក​ សឿង សារឿន ​ប្រធាន​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ ដើម្បី​កម្ពុជា​បាន​ចាត់ទុក​ការផ្តល់​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ​ថា​នឹង​ជួយ​ក្នុង​ការអភិវឌ្ឍ​នៅ​ថ្នាក់មូលដ្ឋាន ហើយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើការ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ដើម្បី​ធានាថា​ថវិកា​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​។

លោក​ថា​៖ «​យើង​អបអរសាទរ​ក្នុង​ការរីកចម្រើន​ក្នុង​ការផ្ទេរ​ថវិកា​ដល់​ថ្នាក់ឃុំ-សង្កាត់​តែ​យើង​ចង់​មើលឃើញ​ការប្រើប្រាស់​ថវិកា​ដោយ​តម្លាភាព និង​គណនេយ្យភាព​ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការសម្រេច​ធ្វើ​ផែនការ​ថវិកា​»​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សព្វថ្ងៃ​នេះ​ក្នុង​មួយ​ឃុំ-សង្កាត់​ទទួល​បាន​ថវិកា​ជា​មធ្យម​ប្រមាណ​ជា​ ៣ ​ម៉ឺន​ដុល្លារ ​ក្នុង​ ១ ​ឆ្នាំ ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​៕

អត្ថបទគួរចាប់អារម្មណ៍