ភ្នំពេញៈ ទន្ទឹមនឹងការព្រួយបារម្ភអំពីជំងឺកូវីដ ១៩ កម្ពុជាក៏មិនអាចមើលរំលងអំពីមហន្តរាយនៃគ្រោះថ្នាក់ចរាចរណ៍បានដែរ ដោយលោក ស ខេង សូមឲ្យប្រជាពលរដ្ឋមានការយល់យោគ ចំពោះវិធានការច្បាប់ដ៏តឹងរ៉ឹងចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ ខណៈដែលអនុក្រឹត្យថ្មីត្រូវបង្កើនការផាកពិន័យលើសពីអនុក្រឹត្យចាស់រហូតដល់ពី ៣ ទៅ ៥ ដង។
នៅក្នុងពេលធ្វើជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បកចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងថា៖ «ទន្ទឹមនឹងការព្រួយបារម្ភអំពីជំងឺកូវីដ ១៩ យើងក៏មិនអាចមើលរំលងមហន្តរាយនៃគ្រោះថ្នាក់ចរាចរណ៍បានដែរ»។
លោកថ្លែងថា អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ប្រជាពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់យានយន្តគ្រប់ប្រភេទកើនឡើងជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងខិតខំអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបានដឹងពីការអនុវត្តច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែយ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់ចរាចរណ៍នៅតែជាបញ្ហាស្មុគស្មាញ ពិសេសគ្រោះថ្នាក់ចរាចរណ៍បានបន្តកើនឡើងពី ១ ឆ្នាំ ទៅ ១ ឆ្នាំ បណ្ដាលឱ្យពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនជាច្រើន។
លោក ស ខេង លើកឡើងថាជាក់ស្ដែងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ គឺនៅឆ្នាំ ២០១៩ កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៨៥៤ លើក ស្មើនឹង ២៦ ភាគរយ ក្នុងនោះមានអ្នកស្លាប់ ២២០ នាក់ ស្មើនឹង ១២ ភាគរយ និងអ្នករងរបួស ១ ៣៧១ នាក់ស្មើនឹង ២៩ ភាគរយ។
លោកបន្តថា៖ «ដូច្នេះឆ្លើយតបនឹងកំណើននេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចាប់ពីឆ្នាំ ២០២០។ ដោយផ្អែកលើការសិក្សាលើឥរិយាបថនៃការគោរពច្បាប់ និងបទពិសោធពីក្រៅប្រទេស រាជរដ្ឋាភិបាលក៏បានធ្វើវិសោធនកម្មអនុក្រឹត្យស្ដីពីការពិន័យអន្តរកាណ៍ដោយបង្កើនប្រាក់ពិន័យពី ៣ ទៅ ៥ ដង ដើម្បីជំរុញការគោរព និងអនុវត្ត»។
លោក ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការយល់យោគចំពោះវិធានការច្បាប់ដ៏តឹងរ៉ឹងនេះហើយដើម្បីចៀសផុតពីការប្រឈមមុខនឹងច្បាប់ សូមប្រជាពលរដ្ឋគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនហើយក្រសួងពាក់ព័ន្ធ អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អង្គការជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានាត្រូវបន្តចូលរួមគាំទ្រការផ្សព្វផ្សាយច្បាប់ និងកម្រិតទោសពិន័យអន្តរការណ៍នៃអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ។
លោកបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងប្រទេសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ តម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលគេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត»។
លោក ស ខេង ក៏បានបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ទាំងអស់ត្រូវរៀបចំផែនការសកម្មភាព និងរៀបចំកម្លាំងតាមដាន ត្រួតពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវ។
ភាពត្រឹមត្រូវនេះលោក ស ខេង ចង់សំដៅដល់ការប្រកាន់ខ្ជាប់នូវការបន្តពង្រឹងក្រមសីលធម៌ វិន័យ របស់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវធ្វើយ៉ាងណាឲ្យស័ក្ដិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមានមនសិការវិជ្ជាជីវៈ។ ជាមួយគ្នានេះថ្នាក់ដឹកនាំ ក៏ត្រូវផ្ដល់រង្វាន់តាមការកំណត់របស់រដ្ឋ និងការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងក៏ត្រូវតែដាក់ពិន័យឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។
លើសពីនេះលោក ស ខេង បានណែនាំឱ្យចាប់ផ្ដើមរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលចរាចរណ៍ដោយត្រូវលៃលកទៅតាមបរិបទជំងឺកូវីដគឺត្រូវបង្កើនការអប់រំផ្សព្វផ្សាយគ្រប់រូបភាពរាប់ទាំងការតែងបទចម្រៀងដល់ប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាបអំពីកម្រិតធ្ងន់ធ្ងរនៃការផាកពិន័យជាទឹកប្រាក់ ប្រសិនបើពួកគាត់បំពានច្បាប់ចរាចរណ៍ផ្លូវគោក។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងថា កម្លាំងនគរបាលចរាចរណ៍បានខិតខំបំពេញភារកិច្ចយ៉ាងសស្រោកសស្រាំក្នុងការសម្រួលការធ្វើចរាចរ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែនៅឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅតែមានកំណើនជាងឆ្នាំ ២០១៨ គួរឱ្យព្រួយបារម្ភ។
លោកបញ្ជាក់ថា៖ «យ៉ាងណាក៏ដោយកម្លាំងនគរបាលចរាចរណ៍ក៏បានប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ហើយភាពអសកម្ម និងចំណុចខ្វះខាតមួយចំនួនក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានគាំទ្រ ចំពោះការបង្កើនការផាកពិន័យទៅលើអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ។ ប៉ុន្តែលោកបានសូមឱ្យមានការផ្សព្វផ្សាយអំពីអនុក្រឹត្យថ្មីនេះ ឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ និងក្នុងរយៈពេលសមស្របជាមុនសិនអាចពី ១ ខែទៅ ៣ ខែ។
លោកថ្លែងថា៖ «សុំឱ្យពង្រឹងវិន័យ និងការប្រតិបត្តិក្នុងចំណោមមន្ត្រីទទួលបន្ទុកការអនុវត្តច្បាប់ចរាចរណ៍ចៀសវាងអនុវត្តការពិន័យដែលមិនមានតម្លាភាព មិនស្មើភាព និងមានឥរិយាបថមិនសមរម្យចំពោះពលរដ្ឋ។ ការពិន័យគួរផ្តោតលើកត្តាហានិភ័យដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬការស្លាប់ និងរបួស»។
លោក បញ្ញា ក៏ស្នើឲ្យផ្សារភ្ជាប់ការអប់រំបន្ថែមដល់អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ នៅពេលអនុវត្តច្បាប់ផងដែរ និងបានស្នើឱ្យធ្វើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់លាប់ទាំងថ្ងៃទាំងយប់ និងទូលំទូលាយ គ្រប់ខេត្ត-រាជធានី និងកុំរាថយ និងពិនិត្យលទ្ធភាពបែងចែកប្រាក់ដែលទទួលបានពីការផាកពិន័យក្នុងកម្រិតណាមួយសម្រាប់យកមកប្រើប្រាស់លើការងារសុវត្ថិភាពចរាចរណ៍វិញ៕