ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ពី​ម្សិលមិញ​បាន​ថ្លែង​ថា នៅ​មាន​កម្មករ​ចំណាកស្រុក​កម្ពុជា​ប្រមាណ​រាប់ម៉ឺន​នាក់​ទៀត​នៅក្នុង​ប្រទេស​ថៃ ដែល​មិន​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​ពេញលេញ ដើម្បី​ការពារ​សុវត្ថិភាព​ពួកគេ បើ​ទោះបី​ជា​ដំណោះស្រាយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​បាន​សហការ​គ្នា​បង្កើត​នីតិវិធី និង​ប្រព័ន្ធ​ផ្តល់​ភាពស្រប​ច្បាប់​ជូន​ពលករ​ក្នុង​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​គោលដៅ​ក៏ដោយ​។

ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ត្រូវ​រៀបចំ​ធ្វើ​លិខិត​ឆ្លងដែន​ឲ្យ​មាន​តម្លៃ​សមរម្យ និង​បង្កើត​ការិយាល័យ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​កម្មករ​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លងដែន ដែល​អាច​ជួយ​ឲ្យ​កម្មករ​មាន​ភាពស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​។

នៅក្នុង​សុន្ទរកថា​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ដែល​បាន​ថ្លែង​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​ ១២ នៅ​មជ្ឈមណ្ឌល​សនិ្នបាត និង​ពិព័រណ៍​កោះពេជ្រ​ដែល​បាន​ប្រារព្ធ​ឡើង ដោយ​គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លោក ស ខេង ថ្លែង​ថា ក្នុង​រយៈពេល​ពី​ខែ​កក្កដា ឆ្នាំ​ ២០១៧ ដល់​ខែ​មិថុនា ឆ្នាំ​ ២០១៨ និង​បច្ចុប្បន្ន​មាន​កម្មករ​ប្រមាណ​ជាង​ ៥០ ​ម៉ឺន​នាក់​ត្រូវ​បាន​ផ្តល់​នូវ​ឯកសារ​ច្បាប់​មួយ​ចំនួន​ដូចជា​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​អនុញ្ញាត​ឲ្យ​ស្នាក់នៅ និង​ធ្វើ​ការងារ​ក្នុង​រយៈពេល​កំណត់ និង​នៅ​ទីតាំង​ការងារ​ជាក់លាក់​មួយ​តាមរយៈ​នីតិវិធី ផ្តល់​ភាព​ស្រប​ច្បាប់​ជូន​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។

លោក ស ខេង មាន​ប្រសាសន៍​ថា​៖ «​តែ​ទោះបី​ជា​យ៉ាង​ណា​ក្តី​ការផ្តល់​ភាពស្រប​ច្បាប់​ក្នុង​ដំណាក់កាល​នេះ គឺ​គ្រាន់​តែ​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ​។ ព្រោះ​ថា​អ្នក​ដែល​ទទួល​បាន​ការអនុញ្ញាត​តាម​ផ្លូវ​ច្បាប់ តាម​ប្រព័ន្ធ​ដែល​ជា​ការព្រមព្រៀង​គ្នា​ក្នុង​អនុស្សរណៈ​មាន​តែ​ប្រមាណ​ ៤០ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​នៅ​មាន​រាប់ម៉ឺន​នាក់​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ភាព​ស្រប​ច្បាប់​ពេញលេញ ដែល​អាច​ការពារ​សុវត្ថិភាព​បាន​នៅ​ឡើយ​ទេ​»​។

លោក ស ខេង ក៏​បាន​កត់សម្គាល់​ដែរ​ថា​មាន​កម្មករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើការ​នៅ​ផ្នែក​នេសាទ​គឺ​មាន​ភាព​ងាយ​រងគ្រោះ​ច្រើន​ជាង​គេ ដែល​ទាមទារ​ឲ្យ​មាន​ការ​ការពារ​ដាច់​ដោយ​ឡែក​។ លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ពេល​នោះ​ពលករ​នេសាទ​ជា​មុខសញ្ញា​នៃ​ការទទួល​ភាព​រងគ្រោះ​ច្រើន​ជាង​គេ​ដែល​ចាំបាច់​ត្រូវ​មាន​កិច្ចព្រមព្រៀង​កំណត់​លក្ខខណ្ឌ​ដោយ​ឡែក​ស្តីពី​កិច្ចការពារ​សុវត្ថិភាព និង​សិទ្ធិ​ពលករ​នេសាទ ដែល​អាច​រក្សា​បាន​ផលប្រយោជន៍​ទាំង​និយោជិត និង​ទាំង​និយោជក​»​។

លោក ស ខេង ថ្លែង​ថា​មាន​ពលករ​កម្ពុជា​រហូត​ជាង​ ១ ​លាន​នាក់​បាន​ចាប់​យក​ជម្រើស​ការងារ​ក្រៅ​ប្រទេស និង​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដោយ​ស្រប​ច្បាប់​ក្តី និង​មិន​ស្រប​ច្បាប់​ក្តី​។ លោក ស ខេង បញ្ជាក់​៖ «​មាន​ពលករ​មិន​តិច​ទេ​ដែល​បាន​និង​កំពុង​តែ​រងគ្រោះថ្នាក់​ក៏ដូចជា​ប្រឈម​នឹង​គ្រោះថ្នាក់​។ យើង​មិន​ទាន់​បាន​ដឹង​ច្បាស់​ទេ​ថា​មាន​ពលករ​ប៉ុន្មាន​នាក់​ដែល​បាន​និង​កំពុង​តែ​មាន​បញ្ហា​ដោយ​មិន​ទាន់​មាន​ការដោះស្រាយ ឬ​មាន​ការ​ដោះស្រាយ ដោយ​មិន​សមស្រប ឬ​កំពុង​បាត់​ដំណឹង​ក្នុង​អំឡុង​ពេល​ការងារ​ព្រោះ​តែ​ត្រូវ​បាន​គេ​បញ្ជួន​ចេញ​ទៅ​ឆ្ងាយ​គ្មាន​ទំនាក់ទំនង​រងគ្រោះថ្នាក់​បាត់បង់​ជីវិត ឬ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ដោយ​មិន​មាន​មូលហេតុ​សមស្រប​ជាច្រើន​»​។

លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា មាន​ការ​កើតឡើង​នូវ​អំពើ​ជួញដូរ​មនុស្ស​ដែល​បាន​និង​កំពុង​បង្ក​ក្នុង​រូបភាព​ជួល​ឲ្យ​ពពោះ​ជំនួស ដើម្បី​ជួញដូរ​ទារក និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​សកម្មភាព​បែប​នេះ​មិន​ត្រឹម​តែ​ជា​សកម្មភាព​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជះឥទ្ធិពល​ដល់​វប្បធម៌​ប្រពៃណី​ជាតិ សីលធម៌​រស់នៅ​ក៏ដូចជា​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត​ស្ត្រី​ដែល​ជា​មាតា និង​ទារក សូម​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​សូម​កុំ​ប្រកាន់​យក​អំពើ​ពពោះ​ជំនួស​ជា​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ព្រោះ​ជា​អំពើ​អមនុស្សធម៌ ជា​អំពើ​បាប​និង​ជា​បទល្មើស​។

លោក ស ខេង និយាយ​ថា​ស្ត្រី​ពពោះ​ជំនួស​បាន​យល់ព្រម​ចិញ្ចឹម​កូន​ដែល​ខ្លួន​ស៊ីឈ្នួល​ពពោះ​ជំនួស​។ គ្រួសារ និង​ស្ត្រី​ក្រីក្រ​ជាច្រើន​បាន​ព្យាយាម​ប្រឹងប្រែង​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ជីវភាព​ខ្លួន និង​ចិញ្ចឹម​កូន ទោះ​ជា​លំបាក​យ៉ាង​ណា​ក៏ដោយ តែ​មិន​បាន​ប្រកាន់​យក​ជម្រើស​លក់​ ឬ​បោះបង់​កូន​ដែល​ខ្លួន​បាន​ពពោះ​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ខ្លួន​ឡើយ​។

លោក​បញ្ជាក់​ថា​៖ «​ជាថ្មី​ម្តង​ទៀត​ខ្ញុំ​សូម​រំឭក​ដាស់​តឿន​ចំពោះ​មន្ត្រី​រាជរដ្ឋាភិបាល​ទាំងឡាយ​ដែល​បាន និង​កំពុងតែ​សាង​បញ្ហា​ឃុបឃឹត និង​សហការ​ជាមួយ​ជនល្មើស​ជួញដូរ​មនុស្ស និង​អំពើ​ពាក់ព័ន្ធ​ទាំងឡាយ​ទោះបី​ដោយ​ចេតនា​ក្តី​អចេតនា​ក្តី​ត្រូវ​ឆាប់​កែ​ខ្លួន​ឲ្យ​បាន​ល្អ​ ព្រោះ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការកែទម្រង់​គ្រប់​វិស័យ​រាប់ទាំង​ឥរិយាបថ​ការងារ​របស់​មន្ត្រីរាជការ​»​។

លោក Dy The Hoya មន្ត្រី​អង្គការ Central ដែល​ជា​អង្គការ​សិទ្ធិ​ការងារ​បាន​ថ្លែងថា កម្មករ​ដែល​មិន​ទាន់​ទទួល​បាន​ភាព​ស្រប​ច្បាប់​អាច​ប្រឈម​បញ្ហា​មួយ​ចំនួន ជាពិសេស​ត្រូវ​បាន​ថៅកែ​កេងប្រវ័ញ្ច និង​អាច​ត្រូវ​មន្ត្រីប៉ូលិស​ថៃ​គាបសង្កត់​ទាមទារ​ប្រាក់​។

លោក​បញ្ជាក់​ថា​៖ «​គាត់​អាច​ត្រូវ​ប៉ូលីស​ថៃ​ចាប់​បញ្ជូន​មក​វិញ ហើយ​គាត់​ត្រូវ​រស់នៅ​របៀប​លួចលាក់ និង​អាច​ប្រឈម​នឹង​ការកេងប្រវ័ញ្ច​។ ខ្ញុំ​គិត​ថា​ដើម្បី​ឲ្យ​កម្មករ​ទទួល​បាន​ភាព​ស្របច្បាប់ រដ្ឋាភិបាល​ត្រូវ​ធ្វើឲ្យ​តម្លៃ​លិខិត​ឆ្លងដែន​មាន​តម្លៃ​សមរម្យ និង​បង្កើត​ការិយាល័យ​ឲ្យ​បាន​ច្រើន​»៕