ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា មានតែរដ្ឋាភិបាលបច្ចុប្បន្ននេះទេដែលបានគ្រប់គ្រងជនអន្តោប្រវេសន៍បានល្អប្រសើរ បើប្រៀបធៀបទៅនឹងសម័យកាលមុនៗ ខណៈដែលបច្ចុប្បន្នមានជនបរទេសដែលបានចុះបញ្ជីតាមប្រព័ន្ធ FPCS បានកើនឡើងដល់ជាង ១៦ ម៉ឺននាក់មាន ១៨៣ សញ្ជាតិ។
លោក ស ខេង បានថ្លែងបែបនេះនៅពេលដឹកនាំកិច្ចប្រជុំស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នៅទីស្ដីការក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២១ ខែកក្កដា។ លោកបន្តថា ថ្វីដ្បិតមានការរិះគន់ខ្លះ ប៉ុន្តែរដ្ឋាភិបាលបានគ្រប់គ្រងជនបរទេស និងជនអន្តោប្រវេសន៍បានល្អប្រសើរជាងមុន។
លោកបានលើកឡើងថា៖ «បើប្រៀបធៀបនឹងសម័យកាលមុនៗក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាគឺទើបតែសម័យកាលបច្ចុប្បន្ននេះទេដែលប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបញ្ហាជនបរទេស បញ្ហាជនអន្តោប្រវេសន៍បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃបានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍»។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៩ ដែលកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធ FPCS និងបន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសកំណត់ចាប់ពីថ្ងៃទី ១ ខែកក្កដា តទៅ ជនបរទេសដែលមិនមានឈ្មោះក្នុងប្រព័ន្ធ FPCS នេះ នឹងមិនត្រូវបានផ្ដល់ការបន្តទិដ្ឋាការនោះបានធ្វើឱ្យជនបរទេសសម្រុកមកចុះវត្តមានរបស់ខ្លួននៅក្នុងប្រព័ន្ធ FPCS នេះ។
លោកថា៖ «ជាការកត់សម្គាល់ការចុះឈ្មោះរាយការណ៍ក្នុងប្រព័ន្ធ FPCS បានកើតឡើងដល់ជាង ១៦ ម៉ឺននាក់ មាន ១៨៣ សញ្ជាតិ ហើយចំនួននេះនៅតែបន្តមានកំណើនជារៀងរាល់ថ្ងៃ ដោយក្នុងនោះទិន្នន័យបានបង្ហាញថាមានជនបរទេសប្រមាណ ១១ ម៉ឺននាក់កំពុងមានវត្តមាននៅកម្ពុជាហើយសម្រាប់ភ្ញៀវបរទេស ដែលបានមកស្នើសុំបន្តទិដ្ឋាការនារយៈពេលចុងក្រោយនេះគឺសុទ្ធតែជនបរទេសដែលបានចុះបញ្ជីវត្តមាននៅក្នុងប្រព័ន្ធ FPCS»។
ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្ដូរពីការរៀបចំប្រព័ន្ធគ្រប់គ្រងជនបរទេសដែលប្រើប្រាស់កុំព្យូទ័រមកជាប្រព័ន្ធ APP ហៅថា FPCS ដែលអាចប្រើប្រាស់តាមទូរស័ព្ទ អាយផេត ឬកុំព្យូទ័រ ដោយមិនចាំបាច់វាយទិន្នន័យម្ដង ១ ដូចមុនទៀត និងគ្រាន់តែយកទូរស័ព្ទស្កេនលើលិខិតឆ្លងដែន គឺអាចទាញយកទិន្នន័យបានយ៉ាងរហ័ស។ ការប្រើប្រព័ន្ធនេះនឹងជួយឱ្យសមត្ថកិច្ចមូលដ្ឋានអាចឆែកដឹងបានថា តើមូលដ្ឋានរបស់ខ្លួនមានជនបរទេសកំពុងមានវត្តមានប៉ុន្មាននាក់ចូលប៉ុន្មាន និងចេញប៉ុន្មានក្នុង ១ ថ្ងៃ។
យោងតាមការធ្វើជំរឿនចុងក្រោយកាលពីឆ្នាំ ២០១៩ បង្ហាញថា មានជនបរទេសអន្តោប្រវេសន្តនៅទូទាំងប្រទេសបានដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេស អន្តោប្រវេសន្ត និងសុំបណ្ណស្នាក់នៅអចិន្រៃ្តយ៍ចំនួនជិត ៩ ម៉ឺន (៨៩ ៧៨៦) នាក់ ស្មើនឹង ២៨ ៩៤៥ គ្រួសារ មាន ១១ សញ្ជាតិក្នុងនោះមានជនជាតិវៀតណាមចំនួន ៨៩ ៤៧១ នាក់។
ទោះយ៉ាងណាកាលពីថ្ងៃទី ១៥ ខែកក្កដា អតីតគណបក្សសង្គ្រោះជាតិបានប្រកាសមិនគាំទ្រជំហររបស់រដ្ឋាភិបាលក្នុងការផ្តល់ជូនបណ្ណស្នាក់នៅអចិន្រៃ្តយ៍សុពលភាព ០២ ឆ្នាំម្តងដល់ជនបរទេសជាង ២ ម៉ឺនគ្រួសារនោះទេ និងបានទាមទារឱ្យអាជ្ញាធរគួរតែបណ្ដេញពួកគាត់ត្រឡប់ទៅប្រទេសកំណើតវិញដើម្បីការពារកុំឱ្យជនបរទេសទាំងនោះបង្កជាហានិភ័យដល់ប្រទេសជាតិ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយថ្លែងថា វាជារឿងធម្មតាដែលអ្នកនយោបាយតែងតែខិតខំបង្ហាញអំពីលទ្ធផលការងាររបស់ខ្លួន។ លោកបន្តថា ប្រសិនបើការគ្រប់គ្រងជនបរទេសដូចជា ជនជាតិឥណ្ឌា ចិន និងវៀតណាមជាដើម ពិតជាបានល្អដូចការលើកឡើងរបស់លោក ស ខេង មែននោះគឺលោកអបអរសាទរដោយសារអាចជួយកាត់បន្ថយអត្រាអត់ការងារធ្វើរបស់ពលរដ្ឋកម្ពុជាបានច្រើន និងមិនធ្វើឱ្យពលរដ្ឋត្រូវបន្តធ្វើចំណាកស្រុកទៅថៃ និងទៅប្រទេសផ្សេងទៀត។
លោកបញ្ជាក់ថា៖ «ពិតណាស់ ប្រសិនបើការគ្រប់គ្រងជនបរទេស មិនបានតឹងរ៉ឹងទេ វាអាចនាំឱ្យមានវិបត្តិ។ ឧទាហរណ៍ថា នៅថ្ងៃក្រោយយើងចង់បន្សុទ្ធឱ្យមានលក្ខណៈជាជាតិនិយម ឬកិច្ចការផ្សេងណាមួយពាក់ព័ន្ធនឹងស្មារតីជាតិ នឹងធ្វើឱ្យយើងជួបឧបសគ្គ។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលគ្រប់គ្រងបានល្អ យើងអបអរសាទរ ហើយអ្វីដែលបក្សប្រឆាំងគេលើកឡើងក៏សមហេតុផលដែរ។ ហេតុអីយើងគាំទ្រថា បក្សប្រឆាំងលើកឡើងមានហេតុផលគឺដោយសារមានជនបរទេសច្រើន (វៀតណាម) នៅកម្ពុជាហើយពលរដ្ឋកម្ពុជាត្រូវបាត់បង់ការងារច្រើន»។
យ៉ាងណាក្តីក្រសួងមហាផ្ទៃបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ចាប់តាំងពីដើមឆ្នាំ ២០១៧ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ បានចំនួន ៣៧ ៤៣៦ ច្បាប់ពីជនបរទេសចំនួន ២០ ១០៧ គ្រួសារដែលមានមនុស្សសរុបចំនួន ៦៩ ៩៥៧ នាក់ ស្មើនឹង ១១ សញ្ជាតិ ក្នុងនោះសញ្ជាតិវៀតណាមចំនួន ១៩ ៩៦៧ គ្រួសារ មានមនុស្សចំនួន ៦៩ ៧៨៧ នាក់៕
វីដេអូ៖