
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន កាលពីថ្ងៃម្សិលមិញ។ ហ៊ាន រង្សី
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា យុទ្ធនាការដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារអាចនឹងត្រូវដោះលែងអ្នកជាប់ទោសប្រមាណ ១ ម៉ឺននាក់ ដែលភាគច្រើនពួកគេបានអនុវត្តទោសជិតចប់ហើយការដោះលែងនេះនឹងប្រគល់ឲ្យសមត្ថកិច្ចដែនដីជាអ្នកទទួលការខុសត្រូវតាមដានពួកគេ ដើម្បីចៀសវាងកុំឲ្យពួកគេត្រឡប់ទៅប្រព្រឹត្តបទល្មើសជាថ្មីទៀត។
ការថ្លែងបែបនេះរបស់លោក ស ខេង បានធ្វើឡើងពីម្សិលមិញនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលមានអ្នកចូលរួមជិត ៣០០ នាក់នាទីស្តីការក្រសួងមហាផ្ទៃ។
លោក ស ខេង បានលើកឡើងថា រដ្ឋាភិបាលបានខិតខំដើម្បីលើកកម្ពស់ការដោះស្រាយបញ្ហាភាពអសកម្មនានានៅក្នុងពន្ធនាគារខណៈការចង្អៀតណែនគឺជាភាពអសកម្មមួយដែលនាំឲ្យមានការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងក្លាយជាបន្ទុកដ៏ធំមួយរបស់រដ្ឋក្នុងការចំណាយថវិកាដ៏ច្រើន ដើម្បីផ្គត់ផ្គង់អ្នកដែលនៅជាប់ឃុំក្នុងពន្ធនាគារទាំងនោះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការដោះលែងអ្នកជាប់ទោសដែលអាចមានចំនួនប្រមាណ ១ ម៉ឺននាក់អាចនឹងធ្លាក់ទៅជាបន្ទុករបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេសដើម្បីធ្វើការគ្រប់គ្រង និងទទួលមើលការខុសត្រូវក្នុងការតាមដាន ចៀសវាងនៅពេលធ្វើការដោះលែងពួកគេ ហើយបែរជាពួកគេត្រឡប់ទៅប្រព្រឹត្តបទល្មើសជាថ្មីទៀត។
លោកបញ្ជាក់ថា៖ «យុទ្ធនាការនេះគឺពិតជាមានសារៈសំខាន់ ហើយខ្ញុំជឿជាក់ថាបញ្ហានេះអាចធ្វើទៅបាន។ ប៉ុន្តែទន្ទឹមនេះខ្ញុំស្នើទៅដល់សមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុងយុទ្ធនាការនេះ វាអាចថាអ្នកដែលជាប់ឃុំ ឬជាប់ទោសដែលអនុវត្តទោសបានជិតចប់ប្រហែលជាតុលាការអាចដោះលែង មិនថា ប្រធានបទល្មើសណា ជាបទល្មើសណាទេ ដែលមានទោសនោះស្រាលទេ មិនមែនទោសឧក្រិដ្ឋទេ»។

អ្នកជាប់ឃុំត្រូវបានដឹកចេញពីតុលាការទៅកាន់ពន្ធនាគារកន្លងមក។ហេង ជីវ័ន
ក្រៅពីលើកឡើងយ៉ាងដូច្នេះលោក ស ខេង ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលក៏កំពុងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីជួយស្តារសមត្ថភាព ឬនីតិសម្បទារបស់អ្នកជាប់ទោសដែលគ្រោងនឹងដោះលែងទាំងនោះ ដើម្បីឲ្យប្រាកដថា នៅពេលពួកគេបានចាកចេញពីពន្ធនាគារហើយ ពួកគេនឹងក្លាយទៅជាធនធានមួយដែលល្អ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នាឱកាសនោះដែរថា អ្នកទោសទាំងអស់គឺត្រូវតែទទួលខុសត្រូវរាល់បទល្មើសដែលខ្លួនបានប្រព្រឹត្តប៉ុន្តែមិនមែនមានន័យថា ពួកគេត្រូវមានទោសពេញ ១ ជីវិតនោះទេ។ លោកបន្តថា ក្នុងករណីដែលទណ្ឌិតទាំងនោះបានអនុវត្តទោសចប់សព្វគ្រប់ នោះពួកគេអាចនឹងចេញពីពន្ធនាគារបាន ប៉ុន្តែអ្វីដែលសំខាន់គឺការកែប្រែនូវឥរិយាបថឲ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម។
លោកបញ្ជាក់ថា៖ «យើងបានចាប់ផ្តើម (យុទ្ធនាការ) នេះហើយ ប៉ុន្តែមិនទាន់មានទណ្ឌិតប៉ុន្មានទេដែលត្រូវបានដោះលែង ដោយពួកគេនៅតែអនុវត្តទោសដដែលទេ។ គ្រាន់តែដល់ពេលមួយ នៅពេលដែលតុលាការសម្រេចទៅ អាចនឹងមានករណីមួយចំនួនគាត់អាចចេញហើយ ប៉ុន្តែក្រោមការត្រួតពិនិត្យរបស់តុលាការ»។
លោក កើត រិទ្ធ ក៏បានឲ្យដឹងដែរថា ចំពោះការអនុវត្តនូវគោលការណ៍លើកលែងទោសដើម្បីបញ្ចៀសនូវការចង្អៀតណែនក្នុងពន្ធនាគារនេះគឺច្បាប់បានអនុញ្ញាតប្រសិនជាបទល្មើសទាំងនោះស្ថិតក្នុងកម្រិតស្រាលហើយទណ្ឌិតអាចធ្វើការកែប្រែខ្លួនបានល្អនោះលទ្ធភាពដែលអាចចេញពីពន្ធនាគារមុនការកំណត់នឹងមានសម្រាប់ពួកគេ។ ប៉ុន្តែលោកបញ្ជាក់ថា ការដោះលែងនេះមិនមែនបានន័យថា ពួកគេមានសេរីភាព ១០០ ភាគរយនោះទេគឺតម្រូវឲ្យស្ថិតនៅក្រោមការតាមដានរបស់អាជ្ញាធរមានសមត្ថកិច្ច។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដោយសម្តែងការសាទរចំពោះវិធានការដែលបានដាក់ចេញនេះដោយលោករំពឹងថា អាចនឹងធ្វើឲ្យមានការធូរស្បើយនៅក្នុងពន្ធនាគារ។
លោកបន្តថា អង្គការលីកាដូតែងតែជំរុញឲ្យមានការគិតគូរពិចារណាដោះលែងអ្នកជាប់ទោស ដែលបានអនុវត្តទោសក្នុងកម្រិតស្រាល និងបានអនុវត្តទោសបាន ២ ភាគ ៣ រួចហើយក្នុងពន្ធនាគារ ក្រោយពីពួកគេបានធ្វើការកែប្រែខ្លួន។ ក្រៅពីការដោះលែងអ្នកដែលបានអនុវត្តទោសទាំងនេះលោក សំអាត ក៏លើកឡើងទៀតថា សម្រាប់អ្នកដែលជាប់សង្ស័យ និងរកឃើញថា គ្មានទោសកំហុស និងកំពុងស្ថិតក្នុងដំណាក់កាលឃុំខ្លួនបណ្តោះអាសន្នដែលពិនិត្យឃើញថា គួរតែឲ្យនៅក្រៅឃុំ នោះរដ្ឋាភិបាលមិនគួរណាបន្តឃុំខ្លួនពួកគេដែលនាំឲ្យកាន់តែមានភាពចង្អៀតណែនក្នុងពន្ធនាគារបន្ថែមទៀតនោះទេ។
លោកបន្តថា៖ «ការដោះលែងហើយ ប៉ុន្តែការដាក់ឲ្យមានការឃ្លាំមើលពីអាជ្ញាធរមូលដ្ឋានគឺទី ១ អាចមានផលវិជ្ជមាន ព្រោះការគ្រប់គ្រង និងការតាមមើលសកម្មភាពរបស់ពួកគាត់ ថាពួកគាត់ពិតជាកែប្រែមែនឬអត់ហ្នឹង? ប៉ុន្តែសម្រាប់ផលអវិជ្ជមានវិញគឺវាធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាពរបស់គាត់ ឬក៏អាចឲ្យគាត់មានការភិតភ័យអីជាដើម ឬក៏អាចមានបាតុភាពអ្វីកើតឡើងផ្សេងទៀត។ បើទោះជាយ៉ាងណា យើងគាំទ្រនូវការដោះលែងនេះ»។
លោក ស ខេង ក៏ធ្លាប់បានលើកឡើងដែរថា មានមតិរិះគន់មួយចំនួនចំពោះគម្រោងនៃការដោះលែងអ្នកទោសដ៏ច្រើននេះលោក អំ សំអាត បានថ្លែងថា ដើម្បីបញ្ចៀសបាននូវការរិះគន់ផ្សេងៗ រដ្ឋាភិបាល ជាពិសេសប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវតែដើរតួនាទីសំខាន់ និងបង្កើនការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយត្រូវប្រាកដថា ជនដែលត្រូវបានដោះលែងក្នុងយុទ្ធនាការនេះមិនស្ថិតក្នុងភាពស្រពេចស្រពិល ឬស្ថិតក្នុងអំពើពុករលួយនោះទេ៕
វីដេអូ៖