ភ្នំពេញៈ នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង លើកឡើង​ថា​កន្លង​មក​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​លើកកម្ពស់​ដល់​ស្ថានភាព​រស់នៅ និង​ការបំពេញ​ការងារ​របស់​គ្រូបង្រៀន​ដោយ​ដំឡើង​ប្រាក់បៀវត្សរ៍ និង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។

ការថ្លែង​បែបនេះ​របស់​លោក​​ ស ខេង ធ្វើ​ឡើង​ក្នុង​ទិវា​គ្រូបង្រៀន​ក្នុង​ខួប​លើក​ទី​ ២២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍​។ លោក​បន្ត​ថា លើស​ពី​នេះ​រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់​កូតា​គ្រូបង្រៀន​ប្រមាណ​ ៣ ៦០០ ​នាក់​ ក្នុង​ ១ ​ឆ្នាំ ​ដើម្បី​ដាក់ពង្រាយ​នៅ​តាម​សាលារៀន​ដែល​ខ្វះ​គ្រូបង្រៀន​។ រាជរដ្ឋាភិបាល​ក៏បាន​សាងសង់​ផ្ទះ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រូបង្រៀន​ផង​ដែរ ដើម្បី​លើកកម្ពស់​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​រស់នៅ និង​ការបំពេញ​ការងារ​របស់​គ្រូបង្រៀន​។

លោក ស ខេង ថ្លែង​ថា​៖ «​គ្រូបង្រៀន​ក៏បាន​ទទួល​នូវ​ការ​បំប៉ន​សមត្ថភាព និង​ការលើកកម្ពស់​គុណវុឌ្ឍិ​ជា​បន្តបន្ទាប់​។ ឧទាហរណ៍​ក្នុង​ពេល​កន្លងមក​គ្រូ​បឋមសិក្សា​តម្រូវឱ្យ​ចប់​ត្រឹមតែ​កម្រិត​បឋមសិក្សា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បច្ចុប្បន្ន បើ​ចង់​ក្លាយ​ជា​គ្រូ​បឋមសិក្សា​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ នៅពេល​ខាងមុខ​ដើម្បី​ឱ្យមាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​តំបន់ យើង​នឹង​ខិតខំ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​បន្ថែមទៀត​»​។

ជាមួយ​គ្នា​នេះ​តាមរយៈ​សុន្ទរកថា ក្នុង​ទិវា​នោះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ថ្លែងថា ការឆ្ពោះ​ទៅរក​ការអប់រំ​តាមបែប​ឌីជីថល​គឺ​ចាំបាច់​ត្រូវការ​ធនធាន​គ្រូបង្រៀន​មាន​សមត្ថភាព​មាន​ទឹកចិត្ត​ក្លៀវក្លា​ក្នុង​ការបង្រៀន និង​ផ្តល់​ការអប់រំ​ដល់​សិស្ស​ឱ្យមាន​គុណភាព​។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​ឆ្លើយតប​នឹង​តម្រូវការ​នេះ ក្រសួង​បាន​យកចិត្ត​ទុកដាក់​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​តាមរយៈ​កំណែទម្រង់​បណ្តុះបណ្តាល​គ្រូ​ដែល​រួមបញ្ចូល​ទាំង​ការបណ្តុះបណ្តាល​ដំបូង​ (Pre-service) ​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ​សម្រាប់​គ្រូបង្រៀន និង​នាយក​សាលា​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ថ្លែង​ពី​ម្សិលមិញ​ថា​កាលពី​ឆ្នាំ​ ២០១៨ រដ្ឋាភិបាល​បានចេញ​សេចក្តី​ប្រកាស​ពី​ការយកចិត្ត​ទុកដាក់​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​គ្រូង្រៀន​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០១៩ នេះ​ដែល​ជា​ទិសដៅ​សម្រាប់​ឆ្នាំ​ ២០២០ លោកស្រី​ថា​មិនទាន់​ឃើញ​មាន​អ្វីដែល​ធ្វើឱ្យ​គ្រូបង្រៀន​គិតថា​រដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្ត​ទុកដាក់​ចំពោះ​គ្រូបង្រៀន​នោះទេ​ពី​បញ្ហា​ប្រាក់បៀវត្សរ៍​ក៏ដូចជា​បញ្ហា​អប់រំ ដែល​កំពុង​វិវឌ្ឍ​ទៅ​មុខ​ដើម្បី​ឈាន​ទៅរក​ជោគជ័យ​នៅ​ឆ្នាំ​ ២០២០​។

លោកស្រី​ថ្លែងថា​៖ «​យើង​ឃើញ​ហើយ​ថា តាមពិត​ការដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​ហ្នឹង​ផ្អែក​ទៅ​លើ​ការពង្រឹង​អំណាច​ខ្លួន​ច្រើនជាង​។ មិនមែន​ជា​បច្ចេកទេស ហើយ​មិនមែន​ជា​អ្វី​ដែល​ថា​ធ្វើ​ឱ្យ​លោកគ្រូ អ្នកគ្រូ ហើយ​សិស្សានុសិស្ស​ទទួល​បាន​នូវ​ការសិក្សា​ដែល​ល្អ​នោះទេ​»​។

លោកស្រី​បន្ថែម​ថា​អ្វី​ដែល​ធ្វើឱ្យ​គ្រូបង្រៀន​កាន់តែ​មាន​ទឹកចិត្ត​បង្រៀន​ខ្លាំង​ឡើង​នោះ​គឺ គ្រូបង្រៀន​ត្រូវមាន​ប្រាក់បៀវត្សរ៍​រស់នៅ​សមរម្យ ដើម្បី​កុំឱ្យ​ពួកគាត់​មាន​ពេលវេលា​បង្កើត «​មុខរបរ​ទី​ ២ ទី​ ៣»​។ សព្វថ្ងៃ​គ្រូបង្រៀន​ស្ទើរតែ​ទាំងអស់​មាន​មុខរបរ​ «​ទី​ ២ ទី​ ៣ ទី​ ៤» ដើម្បី​បង្គ្រប់​ «​ឆ្នាំងបាយ​»​ របស់​ពួកគាត់​។

លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា គ្រូបង្រៀន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​សម្រេចបាន​នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព​សម្រាប់​ទាំងអស់​គ្នា​នៅក្នុង​ក្របខ័ណ្ឌ​របៀបវារៈ​អប់រំ​ឆ្នាំ​ ២០៣០ ពីព្រោះ​ប្រព័ន្ធ​ទាំងមូល​ពឹងផ្អែក​លើ​ពួកគេ​។ ការវិនិយោគ​លើ​គ្រូបង្រៀន​គឺជា​ការវិនិយោគ​ដ៏ល្អ​បំផុត​មួយ​ដើម្បី​លើកស្ទួយ​ធនធាន​មនុស្ស​របស់​ប្រទេស​ណាមួយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​ប្រទេស​ កម្ពុជា កំពុង​ដើរ​លើ​មាគ៌ា​នេះ​តាមរយៈ​ការផ្តល់​អាទិភាព​ដល់​ការអប់រំ​គ្រូបង្រៀន ជាពិសេស​សម្រាប់​គ្រូបង្រៀន វ័យក្មេង ដើម្បី​បំពាក់​ឱ្យ​ពួកគេ​នូវ​ជំនាញ ដើម្បី​ត្រៀមខ្លួន​សម្រាប់​បញ្ហា​ប្រឈម​នៃ​ការបង្រៀន​នៅ​សតវត្សរ៍​ទី​ ២១ ដើម្បី​ជួយ​ឱ្យ​សិស្ស​ទទួលបាន​អត្ថប្រយោជន៍​ពី​ការរៀនសូត្រ​អន្តរកម្ម និង​ការរីក​ចម្រើន​បច្ចេកវិទ្យា​ឌីជីថល​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​បង្កើន​ថវិកា​សម្រាប់​ការងារ​អប់រំ យុវជន និង​កីឡា​។ ប្រាក់បៀវត្សរ៍​គ្រូបង្រៀន​បាន​កើនឡើង​ ៣ ​ដង​រួចមក​ហើយ​ ក្នុង​រយ: ៦ ​ឆ្នាំ​ នៃ​ការធ្វើ​កំណែទម្រង់ ហើយ​នឹង​ត្រូវបាន​ដំឡើង​តាម​ជំហាន​ជា​បន្តបន្ទាប់​នៅពេល​អនាគត​។

អ្នកនាំពាក្យ​រូបនេះ​ថ្លែង​ថា​៖ «​គុណភាព​គ្រូបង្រៀន​ជា​អាទិភាព​យុទ្ធសាស្ត្រ​មួយ​របស់​ក្រសួង​អប់រំ​សម្រាប់​បន្ត​កំណែទម្រង់​ឆ្នាំ​ ២០១៩-២០២៣ ដោយ​ផ្តោតលើ​ការលើក​កម្ពស់​គុណវុឌ្ឍិ និង​ជីវភាព​គ្រូបង្រៀន​»​។

លោក​បន្តទៀត​ថា​ក្រសួង​អប់រំ​បាន​និង​កំពុង​បន្ត​លើក​កម្ពស់​គុណភាព​គ្រូបង្រៀន​ដោយ​មាន​កិច្ចសហការ​វិជ្ជមាន​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន សហគមន៍​តាម​មូលដ្ឋាន មាតាបិតា​សិស្ស និស្សិត និង​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​៕