ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថាវិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួមក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះទេ និងបានអំពាវនាវដល់អ្នកនយោបាយ និងជនរួមជាតិរួបរួមគ្នាប្រឆាំងផែនការចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី ៩ វិច្ឆិកា។
បង្ហោះនៅលើហ្វេសប៊ុករបស់លោកកាលថ្ងៃទី ២៦ ខែតុលាលោក ស ខេង សរសេរថាថ្មីៗនេះមានការរិះគន់ពីមជ្ឈដ្ឋានខ្លះថាជាទង្វើរំលោភសិទ្ធិមនុស្សចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួមក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ គម្រោងរបស់ពួកគេជ្រកក្រោមផែនការនៃការវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ របស់អតីតថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី។
លោកបញ្ជាក់ថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីម្តងទៀតថា ការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថិរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលគឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ»។
លោកបន្ថែមថាការប្រកាសជាសាធារណៈ និងជាបន្តបន្ទាប់របស់លោក សម រង្ស៊ីអំពីផែនការដែលគេហៅថា ការវិលមកកម្ពុជាវិញនាថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀតឲ្យកងទ័ពជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល។ ការបង្កើតមូលនិធិសម្រាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន។ ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល។ ការថ្លែងជាសាធារណៈប្រមាថមាក់ងាយព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិ និងទាមទារឲ្យព្រះអង្គដាក់រាជ្យនោះគឺពិតជាពុំមែនជាសកម្មភាពដែលត្រូវប្រតិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។
លោកបន្តថា គម្រោងវិលចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី និងបក្ខពួកគឺជាគម្រោងនៃចលនាឧទ្ទាមសុទ្ធសាធដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិ និងប្រជាជនកម្ពុជា។ ជាការប៉ុនប៉ងបង្កការអុកឡុក រំខានដល់ការរៀបចំពិធីបុណ្យឯករាជ្យជាតិក៏ដូចការចូលរួមសប្បាយរបស់ប្រជាជនក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
លោកលើកទៀតថា សកម្មភាពនៃការវិលត្រឡប់របស់លោក សម រង្ស៊ី នាពេលនេះគឺខុសពីសកម្មភាពនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្សី កាលពីឆ្នាំ ២០១៣។ នៅពេលនោះគាត់ជាប្រធានគណបក្សនយោបាយស្របច្បាប់ និងទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។ ការវិលត្រឡប់របស់គាត់នៅពេលនោះគឺដើម្បីមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
លោកសង្កត់ធ្ងន់ថា៖ «ហេតុដូច្នេះនៅពេលនោះអ្នកដែលមានសមានចិត្តអាចមានសិទ្ធិចូលរួមហែហមគាត់ គឺពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ។ ប៉ុន្តែការវិលត្រឡប់មកកម្ពុជានាពេលនេះ គឺ សម រង្ស៊ី ស្ថិតក្នុងស្ថានភាពជាទណ្ឌិត ហើយជាអ្នកដឹកនាំគម្រោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង»។
លោកក៏បានអំពាវនាវដល់អ្នកនយោបាយ និងជនរួមជាតិទាំងអស់ត្រូវរួបរួមគ្នាប្រឆាំងគម្រោងនៃចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី ៩ ខែវិច្ឆិកា ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយនៃផែនការនេះ។ ជំនួសមកវិញដោយការចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ចូលរួមពិសាអំបុកឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីរួបរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងឯកភាពជាតិ។
ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ រិះគន់ការចាប់ខ្លួនជាបន្តបន្ទាប់អ្នកគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ថាមិនបានបង្ហាញភ័ស្តុតាងជាក់លាក់ណាមួយដែលថា ពួកគេបានចូលរួមក្បត់ ឬក៏ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។ នេះធ្វើឲ្យមានការរិះគន់ថា រដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្ស។
លោកថ្លែងថា៖ «ការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់នេះវាជារឿងមួយដែលហួសហេតុដែល (ការប៉ុនប៉ងផ្តួលរំលំនោះ) មិនអាចនឹងកើតឡើង។ យើងមើលឃើញថា សកម្មជនទាំងអស់នោះមិនគួរត្រូវបានចោទប្រកាន់រួមគំនិតក្បត់ ឬផ្តួលរំលំរដ្ឋាភិបាលទេដោយសារតែមិនបានយល់ដឹងពីផែនការរបស់លោក សម រង្ស៊ី ហើយពួកគាត់ក្លាយទៅជាជនរងគ្រោះ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ចាត់ទុកវិធានការច្បាប់របស់អាជ្ញាធរក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួមក្នុងសកម្មភាពការវិលត្រឡប់របស់លោក សម រង្ស៊ី ថាបានរំលោភសិទ្ធិមនុស្ស។ លោកអះអាងថារដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធច្បាប់កម្ពុជា ដើម្បីគាបសង្កត់ទៅលើអ្នកគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសកម្មជនទាំងនោះ។
លោកបញ្ជាក់ថា៖ «ការអនុវត្តច្បាប់ និងការប្រព្រឹត្តរបស់ជនទាំងអស់ហ្នឹង វាមានផលប៉ះពាល់យ៉ាងម៉េចខ្លះទៅលើអំពើរបស់ខ្លួន ហើយទាំងអស់នេះយើងដឹងតាំងពីខាងដើមថា វាជាវិវាទនៃជម្លោះនយោបាយ។ នៅពេលដែលយើងអនុវត្តច្បាប់ទៅលើមនុស្សដែលគេមិនប្រព្រឹត្តអ្វីដែលខុសទៅនឹងច្បាប់ ដូច្នេះវាជាការរំលោភសិទ្ធិរបស់មនុស្ស»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេពីម្សិលមិញ ប៉ុន្តែកន្លងមកលោកធ្លាប់បានចោទថា អង្គការសង្គមស៊ីវិលមួយចំនួនតែងតែធ្វើការរិះគន់ទៅលើរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋានច្បាស់លាស់ហើយលម្អៀងទៅកាន់លោក សម រង្ស៊ី៕