ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានអះអាងថា ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន Royal Group មិនបានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង ៥០ គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកកាលពីសប្តាហ៍មុន នោះទេ។
ការថ្លែងអះអាងរបស់លោក ស ខេង ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមមួយចំនួនថា អ្នកឧកញ៉ា គិត ម៉េង និងឧកញ៉ា គិត ធាង ដែលត្រូវជាបងប្រុសរបស់លោក គិត ម៉េង និងជាអគ្គនាយកក្រុមហ៊ុន Royal Group និងមនុស្សមួយចំនួនទៀត ថាបានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង ៥០ គីឡូក្រាម ដែលសមត្ថកិច្ចឆ្មក់ចូលបង្ក្រាប និងរឹបអូសបាននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩។
បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលបានបង្ហោះកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ បានបញ្ជាក់ថា សមត្ថកិច្ចរកពុំឃើញភ័ស្តុតាងណាមួយដែលបង្ហាញថា លោកឧកញ៉ា គិត ម៉េង ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបានជិត ៥០ គីឡូក្រាម នៅមជ្ឈមណ្ឌលកម្សាន្ដ រ៉ុក នោះទេ។
លោក ស ខេង បញ្ជាក់ថា៖ «បន្ទាប់ពីការបង្ក្រាបដោយជោគជ័យរបស់កងកម្លាំងនគរបាល លើករណីនេះ ក៏បានកើតមានពាក្យចចាមអារ៉ាមថា ករណីបទល្មើសគ្រឿងញៀននេះមានការពាក់ព័ន្ធនឹងបុគ្គលផ្សេងៗដែលខ្ញុំសូមយកឱកាសនេះជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភ័ស្តុតាងណាមួយបញ្ជាក់ថា មានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានោះទេ»។
លោកបញ្ជាក់ទៀតថា៖ «ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ»។
ទន្ទឹមនឹងនេះដែរ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាននិងកំពុងសាកសួរយុវជន យុវនារីខ្មែរ-ចិន ចំនួន ៣០ នាក់ខណៈពេលដែលមនុស្ស ៣០២ នាក់ ដែលពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន និងមិនពាក់ព័ន្ធត្រូវបានដោះលែងកាលពីយប់ថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីបានធ្វើកិច្ចសន្យាអប់រំ។
លោក គិត ម៉េង បានបដិសេធធ្វើអត្ថាធិប្បាយទាក់ទងនឹងករណីខាងលើនេះ ខណៈដែលលោក គិត ធាង ដែលជាបងប្រុសរបស់លោក គិត ម៉េង នោះ មិនអាចទាក់ទងសុំការបំភ្លឺបានកាលពីម្សិលមិញ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា មន្ត្រីនគរបាលបាននិងកំពុងស៊ើបអង្កេតរកមេខ្លោង និងអ្នកពាក់ព័ន្ធដែលនាំគ្រឿងញៀនចូលមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលបានបិទជាផ្លូវការកាលពីថ្ងៃទី ២៣ ខែកុម្ភៈ។
លោក ម៉ក់ ជីតូ បញ្ជាក់ថា៖ «ប៉ូលិសត្រូវតែរកហើយ យើងត្រូវតែប្រឹងរកឲ្យឃើញ ហើយយើងត្រូវប្រឹងធ្វើការបន្តទៀត»។
លោកក៏បានបដិសេធពាក្យចចាមអារ៉ាមដែលថា មានមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃបានធ្វើការសាកសួរលោក គិត ធាង។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរត្រូវតែធ្វើការបង្ហាញភ័ស្តុតាងដែលលើកឡើងថាលោក គិត ម៉េង មិនបានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ៥០ គីឡូក្រាម ដោយសារកន្លងទៅមានការលើកឡើងថា មជ្ឈមណ្ឌលកម្សាន្តរ៉ុក គឺជារបស់លោក គិត ម៉េង ហើយបញ្ហាគ្រឿងញៀន បាននិងកំពុងបង្កបញ្ហាជាច្រើនដល់សង្គមកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងស្វាគមន៍រាល់ការបង្ក្រាបទៅលើការជួញដូរគ្រឿងញៀននៅក្នុងប្រទេស កម្ពុជា យើង។ យើងសូមឲ្យរដ្ឋាភិបាលបង្កើនការទប់ស្កាត់ ឬបង្ក្រាបបន្ថែមទៀតទៅ លើក្លិប និងទីតាំងផ្សេងៗដែលសង្ស័យ»។
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១ និង ៤០ នាទី ទៀបភ្លឺ កម្លាំងស្នងការដ្ឋាននគរបាលរាជធានី និងដោយមានការដឹកនាំសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១ នាក់ ដែលក្នុងនោះមានជនជាតិចិនចំនួន ១៤ នាក់ ហើយដកហូតបានគ្រឿងញៀនជាង ៣៩ គីឡូក្រាម និងសារធាតុញៀនជាទឹក ៩ គីឡូក្រាម ២ ខាំ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១២ និងកាំភ្លើងខ្លី ១ ដើម៕