
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងសន្និបាតក្រសួងមហាផ្ទៃកាលពីម្សិលមិញឲ្យដឹងថាអ្នកជាប់ឃុំប្រមាណ ២/៣ នៃ ចំណោមអ្នកជាប់ឃុំនៅទូទាំងប្រទេសប្រមាណ ៣១ ០០០ ជាជនដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលត្រូវបានបង្ក្រាប ក្នុងនោះក៏មានជនបរទេសផងដែរ។
លោក ស ខេង ថ្លែងថា៖ «អំពីចំណាត់ការក្ដៅរបស់រដ្ឋាភិបាលនៃប្រទេសមួយចំនួន ទៅលើពលរដ្ឋដែលញៀនគ្រឿងញៀនរបស់គេ ដោយការប្រើកម្លាំងប្រដាប់អាវុធបាញ់ប្រហារទៅលើពលរដ្ឋដែលញៀនគ្រឿងញៀនទាំងនោះចោល។ យើងមិនចង់ឃើញស្ថានភាពបែបនោះទេ ដូច្នេះហើយទើបយើងចាំបាច់ត្រូវអប់រំពលរដ្ឋ ពិសេសយុវជនយើងឲ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនផង និងរួមគ្នាទប់ស្កាត់ និងបង្ក្រាបវាផង»។
លោក ស ខេង បានថ្លែងថានៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផល ការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញលោក ស ខេង ថ្លែងថា នៅក្នុងឆ្នាំ ២០១៨ កន្លងមកនេះ គ្រឿងញៀនប្រមាណ ៥០០ គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ បានបង្ក្រាបនិងចាប់រឹបអូសបានពីក្រុមជនល្មើស។
លោក ស ខេង បានថ្លែងថា៖ «គ្រឿងញៀនក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើសមត្ថកិច្ចឬអាជ្ញាធរព្រងើយកន្តើយមិនយកចិត្តទុកដាក់បង្ក្រាបវិញនោះ មិនដឹងថា វានឹងជ្រៀតចូលទៅក្នុងសរសៃឈាមប្រជាពលរដ្ឋ ពិសេសយុវជនខ្មែរ ដល់កម្រិតណានោះទេ។ នៅពេលគ្រឿងញៀនជ្រៀតចូលពេញក្នុងសរសៃឈាមរបស់ពួកគេ ពួកគេនឹងបាត់បង់នូវសតិសម្បជញ្ញៈ ហើយក្លាយជាជនទំនើងដែលអាចនឹងប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងពលរដ្ឋធម្មតា និង សមត្ថកិច្ចផងដែរ»។
យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ កម្លាំងអនុវត្តច្បាប់បង្ក្រាបបាន ៨ ០០២ ករណី ឃាត់ខ្លួន ១៦-២១៦ នាក់ ក្នុងនោះមានស្រី ១៣៣៣ នាក់ រឹបអូសវត្ថុតាងបានគ្រឿងញៀនសរុប ៥៣៦,៣៦ គីឡូក្រាម។ គិតត្រឹមថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០១៨ ជនជាប់ឃុំប្រុស និងស្រីមានចំនួនសរុប ៣១ ៦៨៦ នាក់។ ក្នុងនោះជនត្រូវចោទ ៦ ១៦២ នាក់ ជនជាប់ចោទ ៤ ៤០៤ នាក់ និងទណ្ឌិត ៩ ១១៥ នាក់។មានជនបរទេស ១ ២៦៨ នាក់។ មន្ត្រីពន្ធនាគារបានឆែកឆេររកឃើញនិងដកហូតនូវសារធាតុញៀនចំនួន ៣៥ កញ្ចប់។

មន្ត្រីអាវុធហត្ថខេត្តបាត់ដំបងតាំងបង្ហាញគ្រឿងញៀននិងជនសង្ស័យ ៣ នាក់ក្រោយពីបង្ក្រាបបាន។ អាវុធហត្ថខេត្តបាត់ដំបង
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបចាប់ជនសង្ស័យបីនាក់ រួមជាមួយនឹងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួនជិត ១៦ គីឡូក្រាម។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ នៅចំណុចក្រុមទី ៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។
លោក តូ ឌី ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនក្នុងករណីខាងលើនេះរួមមានឈ្នោះ តាត គិរី (ប្រុស) អាយុ ២៨ ឆ្នាំ ឈ្មោះ ឈួន ម៉ារី (ស្រី) អាយុ ២៥ ឆ្នាំ និង ឈ្មោះ ពុំ ស៊ន (ស្រី) អាយុ ៦០ ឆ្នាំ។ អ្នកទាំង ៣ រស់នៅក្រុមទី ៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។
លោកបាននិយាយថា៖ «មុនឈានទៅដល់ការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យទាំង ៣ ខាងលើនេះ ក្រុមការងាររបស់យើង បានតាមដាននិងស៊ើបអង្កេតអស់រយៈពេលជាច្រើនខែមកហើយ»។
លោកបានបន្ថែមថា តាមរយៈការស៊ើបសួរក្នុងជំហានដំបូងនេះ ក្រុមជនសង្ស័យបានឆ្លើយថា គ្រឿងញៀនទាំងនោះគឺពួកគេបានបញ្ជាទិញពីបុរសម្នាក់តាមរយៈប្រព័ន្ធ online ប៉ុន្តែពួកគេមិនបានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុរសនោះទេ។
លោក ឌី បានបញ្ជាក់ថា៖ «នៅពេលនេះក្រុមសមត្ថកិច្ចយើង កំពុងបន្តនីតិវិធីសួរចម្លើយពួកគេ ដើម្បីស្វែងរកបក្ខពួក និងអ្នកពាក់ព័ន្ធផ្សេងទៀត»។
បើតាមសម្ដីលោក ឌី ជនសង្ស័យឈ្មោះ តាត គិរី និងឈ្មោះ ឈួន ម៉ារី ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចភូមិដំណាក់ហ្លួង ឃុំវត្តគរ ក្រុងបាត់ដំបង បន្ទាប់ពីសមត្ថកិច្ចឆែកឆេររថយន្តរបស់ពួកគេ ហើយរកឃើញមានគ្រឿងញៀនប្រភេទគ្រាប់មេតំហ្វេតាមីន (WY) ចំនួន ៣ កញ្ចប់មានទម្ងន់សរុប ៣០៦,៤៦ ក្រាម។
បន្ទាប់មកសមត្ថកិច្ចកងរាជអាវុធហត្ថ បានសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បន្តចុះឆែកឆេរផ្ទះរបស់ពួកគេ ដែលមានទីតាំងស្ថិតនៅក្រុមទី ៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន សរុប ១៥,៨០ គីឡូក្រាមបន្ថែមទៀត ក្នុងនោះប្រភេទអៃស៍មេតំហ្វេតាមីន ទម្ងន់ ៩,៧០ គីឡូក្រាម និង ប្រភេទគ្រាប់ (WY) ទម្ងន់ ៦,១០ គីឡូក្រាម។
គួរបញ្ជាក់ថា កាលពី ១ សប្ដាហ៍មុន កម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប រួមសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រក ព្រលានយន្តហោះអន្តរជាតិសៀមរាប បានបើកយុទ្ធនាការបង្ក្រាបចាប់បុរសជនជាតិបរទេស ៥ នាក់ក្នុងនោះមាន ២ នាក់ជាជនជាតិរូម៉ានី និង គ្រឿងញៀនសរុបជិត ៦ គីឡូក្រាម ខណៈកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង បង្ក្រាបចាប់បុរសជនជាតិឡាវម្នាក់ ជាមួយនឹងថ្នាំញៀនប្រមាណ ១ គីឡូក្រាម៕