ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញការគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដែលបានស្នើគម្រោងមួយដែលនឹងធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរវាងនគរបាលមូលដ្ឋានជាមួយនឹងប្រជាពលរដ្ឋព្រោះវាស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។
យោងតាមទំព័រហ្វេសប៊ុករបស់លោក ស ខេង បានឱ្យដឹងថា គម្រោងនេះបានស្នើឡើងនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក គ្រីសស្ទៀន បែកគ័រ (Christian Berger) និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃពុធ ទី ៣ កុម្ភៈ ក្នុងជំនួបមួយនៅក្រសួងមហាផ្ទៃ។
ហ្វេសប៊ុកដដែលនេះបានបញ្ជាក់ថា ចំពោះប្រធានបទពាក់ព័ន្ធនឹងការងារនគរបាល និងសហគមន៍ដែលបានលើកឡើងដោយឯកអគ្គរដ្ឋទូត គឺផ្ដោតទៅលើការងារនគរបាលនៅឃុំ-សង្កាត់ជាគម្រោងមួយដែលឯកអគ្គរាជទូតអាល្លឺម៉ង់ស្នើផ្ដល់ការគាំទ្រដល់ភាគីកម្ពុជា ក្នុងបំណងធ្វើយ៉ាងណា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយនឹងមន្ត្រីនគរបាលនៅតាមមូលដ្ឋានដែលនៅជិតប្រជាពលរដ្ឋ និងដើម្បីពង្រីកការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបនៃការធ្វើទំនាក់ទំនង និងការចូលរួមរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាមួយនឺងអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច។
ក្នុងជំនួបនោះដែរ លោក គ្រីសស្ទៀន បែកគ័រ បានសម្ដែងក្ដីរីករាយ និងបានបញ្ជាក់ថា ការគាំទ្រដល់នគរបាលនៅតាមសហគមន៍នេះ គឺជាគម្រោងមួយដែលអាចនាំឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកនេះ និងផ្នែកពាក់ព័ន្ធដទៃទៀតរវាងភាគីអាល្លឺម៉ង់ និងកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុករបស់លោក ស ខេង នៅក្នុងជំនួបដដែលនោះបានឱ្យដឹងថា៖ «ឆ្លើយតបនឹងការស្នើនេះ លោក ស ខេង បានស្វាគមន៍ចំពោះសំណើនេះ បានបញ្ជាក់ទៅវិញថា គំនិតនេះពិតជាស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើបច្ចុប្បន្ននេះ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានកែលម្អបន្ថែមនូវគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព។ គោលនយោបាយថ្មីនេះ គឺដាក់ចេញស្របទៅនឹងស្ថានភាព និងការវិវត្តជាក់ស្ដែងនៃសង្គមបច្ចុប្បន្ន»។
លោក ស ខេង ក៏បានឯកភាពរៀបចំដំណើរទស្សនកិច្ចរួមគ្នាមួយទៅកាន់ទីតាំងមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហការទាំងលើវិស័យកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការ ដែលអាល្លឺម៉ង់បានជួយជាច្រើន និងដើម្បីគាំទ្រគម្រោងទំនាក់ទំនងនគរបាល និងសហគមន៍នេះ។
លោកថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញពីភាពត្រឹមត្រូវនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ដំណើរទស្សនកិច្ចរួមក៏នឹងធ្វើឡើងទៅកាន់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាលនៅតាមភូមិភាគ ដើម្បីស្វែងយល់បន្ថែមអំពីការបណ្ដុះបណ្ដាលនគរបាល ដើម្បីឱ្យគម្រោងនគរបាល និងសហគមន៍ ដែលជាគំនិតផ្ដួចផ្ដើម និងគាំទ្រដោយភាគីអាល្លឺម៉ង់នេះ ពិតជាឆ្លើយតបនឹងតម្រូវការ និងភាពជាក់ស្ដែងនៃការងារនគរបាលកម្ពុជា។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងពីម្សិលមិញថា ការពង្រឹងការងាររបស់សមត្ថកិច្ចមូលដ្ឋានភាគីអូស្ត្រាលីបានជួយគាំទ្រការពង្រឹងនគរបាលប៉ុស្តិ៍តាមរយៈគម្រោងផ្ដួចផ្ដើមការងារនគរបាល និងសហគមន៍ អនុវត្តរយៈពេល ៣ ឆ្នាំ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ គម្រោងនេះបានជួយធ្វើឱ្យនគរបាលមូលដ្ឋានមានភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងជាសសរស្ដម្ភសម្រាប់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
លោកថ្លែងថា៖ «តាមការធ្វើប្រជាមតិកន្លងមក អត្រានៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមានក្នុងកិច្ចសហការជាមួយនគរបាលបានកើនឡើង ហើយប្រជាពលរដ្ឋភាគច្រើនបានបង្ហាញមតិថា មានភាពកក់ក្ដៅក្នុងអារម្មណ៍អំពីសុវត្ថិភាពក្នុងភូមិឃុំដែលគាត់រស់នៅ»។ លោកបន្តថា៖ «រហូតមកដល់បច្ចុប្បន្ននេះ របត់ការងារនគរបាល និងសហគមន៍ គឺជាចំណុចសំខាន់មួយរបស់នគរបាលជាតិ ដែលនគរបាលជាតិបាននិងកំពុងខិតខំពង្រឹងនគរបាលប៉ុស្តិ៍រដ្ឋបាលរបស់យើងឱ្យកាន់តែមានសមត្ថភាព និងគុណភាពរឹងមាំបន្ថែមទៀត។ ចំពោះការយកចិត្តទុកដាក់របស់ភាគីអាល្លឺម៉ង់លើការងារនេះ ខ្ញុំយល់ថា វាល្អប្រសើរណាស់»។
ទោះយ៉ាងណាលោកបញ្ជាក់ថា បើសិនជាគ្មានគម្រោងនេះក៏ដោយ ក៏នគរបាលកម្ពុជាបន្តពង្រឹងទំនាក់ទំនងនគរបាល និងសហគមន៍ដដែលបន្ទាប់ពីបានរៀនសូត្រក្នុងគម្រោងដែលអូស្ត្រាលីធ្លាប់គាំទ្រ។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីភាគីស្ថានទូតអាល្លឺម៉ង់បានទេកាលពីថ្ងៃទី ៤ កុម្ភៈ អំពីគម្រោងនេះ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាក៏យល់ឃើញថា គម្រោងនេះជាគម្រោងល្អដែរ ដោយលោកយល់ថាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងនគរបាល និងពលរដ្ឋក្នុងសហគមន៍នៅមានគម្លាតធំនៅឡើយ ហើយក្នុងការរស់នៅមានវប្បធម៌មួយគឺថា អាជ្ញាធរហាក់ដូចជាម៉ែឪ មិនមែនជាអ្នកបម្រើប្រជាពលរដ្ឋដោយវ័យឆ្លាត។
លោកថ្លែងថា៖ «ទាក់ទងនឹងវប្បធម៌ដែរ ប្រជាពលរដ្ឋយើងច្រើនតែគោរពកោតខ្លាចមន្ត្រីនគរបាលជាបុគ្គលដែលពាក់ឯកសណ្ឋានមានអាវុធ និងមានអំណាចជាជាងគោរពច្បាប់។ ហេតុដូច្នេះហើយបានជាពេលខ្លះយើងឃើញប្រជាពលរដ្ឋយើងគោរពច្បាប់តែនៅពេលមានអាជ្ញាធរនៅក្បែរ ពេលនគរបាលទៅបាត់ គាត់លែងគោរពច្បាប់»។
លោកថា មន្ត្រីនគរបាលនៅមានភាពខ្វះខាតជាច្រើនដូចជាការគោរពច្បាប់ដោយខ្លួនឯងឱ្យបានត្រឹមត្រូវសមត្ថភាពចរិតលក្ខណៈ និងក្រមសីលធម៌ជានគរបាលនៅមានកម្រិត។ ការអនុវត្តការងារក៏នៅមានកម្រិតនៅឡើយ ជាពិសេសការផ្ដល់សេវាដល់ប្រជាពលរដ្ឋមូលដ្ឋាន។ «ខ្ញុំជឿថា គម្រោងដែលផ្ដួចផ្ដើមដោយស្ថានទូតអាល្លឺម៉ង់នឹងជួយធ្វើឱ្យប្រសិទ្ធភាព គុណភាព និងរបៀបដែលនគរបាលយើងបំពេញការងារ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋនឹងប្រសើរឡើងមួយកម្រិតទៀត»៕