ភ្នំពេញៈ ជំនួប​លើក​ទី ២ រវាង​លោ​ក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្ដាហ៍​ទី ៣ ខែ​នេះ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​កិច្ច​ការងារ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​គ្នា​ក្នុងការ​អភិវឌ្ឍ ដើម្បី​ចៀស​វាង រាល់​បញ្ហា​ប្រឈម និង​ភាព​អសកម្ម​ទៅ​ថ្ងៃ​អនាគត។

លោក ផាត សុ​ផានិត អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា៖ «ជំនួប​ដែល​គ្រោង​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ​នេះ គឺជា​ជំនួប​លើក​ទី ២ ក្រសួង​នឹង​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​តែ​ចំពោះ​នីតិវិធី​ជាក់​លាក់ គឺ​ក្រសួង​កំពុង​តែ​រៀបចំ ដែល​មិន​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ»។

លោក សុ​ផានិត បាន​ថ្លែងថា៖ «តាម​ខ្ញុំ​ចាំ​ដូចជា​ថ្ងៃ ១០ ជាង អាច ១៧ ឬ១៨ (ខែ​មករា) តែ​ធ្វើ​តែ ១ ថ្ងៃ​ទេ។ ខ្ញុំ​មិន​ទាន់​ច្បាស់​ទេ ព្រោះ​ខ្ញុំ​កំពុង​នៅ​វៀតណាម តែ​យើង​កំពុង​តែ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ចំនួន​នេះ ទីតាំង​កំពុង​រៀបចំ ហើយ​ចំនួន​សង្គម​ស៊ីវិល​ចូលរួម​មិន​ទាន់​មាន​ចំនួន​ជាក់​លាក់​ទេ កំពុង​រៀបចំ តែ​យើង​ច្បាស់​ជា​នឹង​រៀបចំ​ឲ្យ​មាន​ជា​លើក​ទី ២ ព្រោះ​លើក​ទី ១ យើង​ហើយ​ម្តង​ហើយ»។

លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា ឯករាជ្យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ដោយ​បង្ហាញ​ក្តី​រំពឹង​ថា នឹង​អាច​ចូលរួម​ក្នុង​ជំនួប​នោះ ហើយ​លើក​បញ្ហា​ប្រឈម​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ជួប​ប្រទះ ក្នុង​ពេល​កន្លង​មក ព្រោះ​កន្លង​មក ហាក់​នៅ​មិន​ទាន់​បើក​ទូលាយ​នោះ​ទេ។

លោកស្រី ថ្លែងថា៖ «បើសិនជា​ក្រសួងមហាផ្ទៃ​បាន​ជួប​ជាមួយ​សង្គម​ស៊ីវិល គឺជា​ការ​ប្រសើរ​ហើយ ប៉ុន្តែ​ការ​ដែល​មិន​ប្រសើរ​នោះ គឺ​ត្រង់​ក្រសួង​មហាផ្ទៃ ទៅ​ដល់​សូត្រមន្ត​អាគម​ដាក់ មិន​ឲ្យ​មាន​ការ​ជជែក​រក​ខុស​រក​ត្រូវ ផល​លំបាក​ផល​ចំណេញ​អី​ជាមួយ​គ្នា អាហ្នឹង​ជា​រឿង​មួយ ដែល​មិន​អាច​ទទួល​យក​បាន។ កន្លង​មក ពេល​ដែល​ចូល​ទៅ​ជួប គ្រាន់​តែ​ស្តាប់​គេ (ក្រសួង) សូត្រ​នូវ​លក្ខខណ្ឌ​ផ្សេងៗ ប៉ុន្តែ​មិន​ដែល​ឲ្យ​មាន​ការ​ជជែក​រក​វិធីសាស្ត្រ​ណា ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ល្អ​ប្រសើរ​ទេ»។

លោក​មឿ​ន តុលា នាយកប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា គេ​គ្រោង​នឹង​សួរ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ជុំវិញ​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព និង​ការ​រើស​អើង​ពី​មន្ត្រី​ថ្នាក់​ក្រោម ដែល​ហាក់​ផ្ទុយ​ស្រឡះ​ពី​សារាចរ​របស់​ក្រសួង។

លោក​ថ្លែងថា៖ «សម្រាប់​ខ្ញុំ គឺ​ការជួបជុំ​ជា​សាធារណៈ​ដូចជា​យើង​រៀបចំ​កាលពី​ថ្ងៃ សិទ្ធិ​មនុស្ស ១០ ធ្នូ អ៊ីចឹង យើង​ឃើញ​មាន​ការ​រារាំង​មិន​ឲ្យ​សូម្បី​តែ​​ដើរ ហើយ​មាន​ការ​ដាក់​កម្លាំង​ហ្នឹង​មិន​មែន​ជា​រូបភាព​ក្នុង​ការ​បើក​សេរីភាព​ពេញ​លេញ​ទេ»។

កញ្ញា ស្រី សុធាវី នាយិកា​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​បាន​ថ្លែង​ដោយ​ចង់​ឲ្យ​ក្រសួង​ទទួល​យក​សំណើ​របស់​សង្គម​ស៊ីវិល​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

កញ្ញា សុធា​រី ដែល​ធ្លាប់បាន​ដាក់សំណើ​កាលពី​ចូលរួម​ជំនួប​លើក​ទី ១ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាល​ពី​ឆ្នាំ​មុន បាន​ថ្លែង​ដោយ​ចង់​ឲ្យ​សំណើ​ដែល​គេ​បាន​ស្នើ​ឡើង​ក្នុង​ជំនួប​លើក​នេះ មាន​ប្រសិទ្ធភាព​ចៀស​វាង​គ្រាន់​តែ​បាន​ជួប​ហើយ តែ​ការ​ស្នើ​របស់​សង្គម​ស៊ិវិល មិន​ត្រូវ​បាន​ដោះស្រាយ។

កញ្ញា ថ្លែងថា៖ «យើង​ឃើញថា សំណើ​ដែល​យើង​បានស្នើ​កាលពី​ជំនួប​លើក​ទី ១ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ​ជាក់​ស្តែង​នៅ​ពេល​យើង​ចុះ​អនុវត្ត យើង​នៅ​ឃើញ​ថា វា​នៅ​មិន​ទាន់​បាន​ទូលំ​ទូលាយ​ដូច​អ្វី ដែល​ប្រកាស​ពី​ថ្នាក់​លើ​ទេ។ អ៊ីចឹង​ថ្នាក់​លើ​ត្រូវ​តែ​ជូន​ព័ត៌មាន​ហ្នឹង​ដល់​ថ្នាក់​ក្រោម​ជាតិ សហការ ហើយ​ផ្តល់​ការ​គាំទ្រ​ទៅ​ដល់​សង្គម​ស៊ីវិល»។

តាម​របាយការណ៍​សង្ខេប​ស្ដីពី​សមិទ្ធផលសំខាន់ៗមួយចំនួន​របស់​ក្រសួង​មហាផ្ទៃ អង្គការ សមាគម​ទាំង​អស់ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ មាន​ចំនួន​ជាង ៥ ៣០០ អង្គការ ក្នុង​នោះ​មាន​សមាគម​ចំនួន ២១៧៩ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ៣១៤។ គួរ​រំឭក​ផង​ដែរ​ថា​ក្នុង​ជំនួប​លើក​ទី ១ មាន​តំណាង​ស្ថាប័ន និង​អង្គការ​សង្គម​ស៊ីវិល​ជាង ១៧០ ស្ថាប័ន​បាន​ជួប​ជាមួយ​លោក ស ខេង កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨៕