ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានច្រានចោលការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលដែលបានចោទមកលើអាជ្ញាធរសាលារាជធានីភ្នំពេញថា បានរឹតត្បិតយ៉ាងតឹងរ៉ឹងទៅលើសេរីភាពរបស់ពួកគេក្នុងការប្រមូលផ្ដុំគ្នាអបអរសាទរទិវាសិទ្ធិមនុស្សកាលពីថ្ងៃទី ១០ ធ្នូនៅទីលានប្រជាធិបតេយ្យតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងពិធីប្រកាសចូលកាន់តំណែងលោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប កាលពីម្សិលមិញលោក ស ខេង បានឲ្យដឹងថា៖ «ខ្ញុំឮថា សាលារាជធានីភ្នំពេញសំណូមពរគាត់ទៅធ្វើនៅមុខទីលានប្រជាធិបតេយ្យ ហើយទាក់ទងរឿងហែដែរ ខាងនោះគេសុំហែ តែខាងនេះ (សាលារាជធានីភ្នំពេញ) ថា មិនគួរហែទេ ហើយធ្វើការជួបជុំគ្នានៅទីនោះហើយធ្វើទៅហើយ រំសាយ គ្រាន់តែមានកម្លាំងសមត្ថកិច្ចឈរនៅទីនោះ ហើយគេអត់បានធ្វើអ្វីសោះ ហើយយើងចោទគេថា គំរាមកំហែងក៏ដូចជាមិនត្រូវ។ សូមឲ្យអស់លោកនៅក្នុងអង្គការសង្គមស៊ីវិលជួយគិតគ្នាមើល យើងរស់នៅក្នុងសង្គមដូចគ្នា ថាធ្វើដូច្នេះក៏ខុសហើយធ្វើដូច្នោះក៏ខុស»។
លោកចោទសួរថា៖ «តើនរណាទទួលខុសត្រូវនៅពេលមានរឿងកើតឡើងហើយលើកឡើងថាសង្គមស៊ីវិលអាចនឹងធ្វើការចោទប្រកាន់ទៅលើមន្ត្រីរាជរដ្ឋាភិបាលថា មិនបានទទួលខុសត្រូវ និងបណ្តាលឲ្យមានបញ្ហាកើតឡើង ឬភាពច្របូកច្របល់។ សមត្ថកិច្ចមិនបានធ្វើការគំរាមកំហែងដល់អង្គការសង្គមស៊ីវិលដូចការចោទប្រកាន់របស់ពួកគេនោះទេ ដោយសារតែសមត្ថកិច្ចកម្ពុជាស្លូតបូតជាងសមត្ថកិច្ចប្រទេសដទៃផ្សេងទៀត...សមត្ថកិច្ចគ្រាន់តែព្យាយាមបំពេញភារកិច្ចរបស់ខ្លួនដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាកើតឡើង»។
លោក ស ខេង បានថ្លែងថាមន្ត្រីក្រសួងមហាផ្ទៃនឹងធ្វើការជួបជុំជាមួយអង្គការសង្គមស៊ីវិលនៅខែមករាឆ្នាំ ២០១៩ ដើម្បើដោះស្រាយបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិល ហើយក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ធ្វើការងារជាច្រើនដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល ឬសង្គមស៊ីវិល ហើយក្រសួងមហាផ្ទៃទទួលយកយោបល់ និងអនុសាសន៍ និងការរិះគន់នានារបស់ពួកគេមកសិក្សាផងដែរ។
កន្លងទៅកាលពីថ្ងៃទី ៣ ខែធ្នូ រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថា កម្ពុជាបន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែល្អថែមទៀត ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។
លោក ស ម៉ូរី អនុប្រធានបណ្ដាញយុវជនកម្ពុជាបានអះអាងថាអាជ្ញាធររាជធានីភ្នំពេញពិតជាបានដាក់កម្លាំងគំរាមកំហែងដល់អង្គការសង្គមស៊ីវិលដែលបានរៀបចំទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ ២០១៨ នៅទីលានប្រជាធិបតេយ្យតាមបណ្តោយផ្លូវជាតិលេខ ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកបានបញ្ជាក់៖ «ការមិនឲ្យមានការហែក្បួនការដាក់កម្លាំងដ៏ច្រើនទាំងនគរបាល កម្លាំង សន្តិសុខខណ្ឌ និងកម្លាំងបង្ក្រាបជាការគំរាមកំហែង និងរឹតត្បឹតសិទ្ធិសេរីភាពដោយសារការធ្វើទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូរបស់យើង គឺបានធ្វើឡើងដោយសន្តិវិធី»៕