ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងច្រានចោលព័ត៌មាននៅក្នុងរបាយការណ៍អង្គការសង្គមស៊ីវិលមួយចំនួនដែលបានធ្វើរបាយការណ៍អំពីស្ថានភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចោទប្រកាន់ថាមានការគំរាមកំហែង និងគាបសង្កត់ទៅលើពួកគេ។
នៅកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២០ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅរសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងទៅកាន់ដៃគូអភិវឌ្ឍន៍ដែលបានចូលរួមក្នុងសិក្ខាសាលាថា៖ «យើងក៏បានសរសេរក្នុងរបាយការណ៍ឆ្លើយតបទៅសហគមន៍អឺរ៉ុបបែបនេះដែរឮថាមានការត្អូញត្អែរអំពីការគំរាមកំហែង ការគាបសង្កត់ ក៏ប៉ុន្តែព័ត៌មានជាក់លាក់យើងខ្ញុំអត់មានទេ។ ជាគោលការណ៍តែងតែធ្វើការណែនាំ ទោះបីនៅទីនេះក្តី ឬតាមរយៈលិខិតស្នាមក្តីតាមរយៈចុះទៅតាមមូលដ្ឋានក្តី ខ្ញុំតែងតែបានរំឭកអំពីការលើកកម្ពស់ភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនេះ បើភាគីម្ខាងតាំងចិត្តពង្រឹងភាពជាដៃគូ តែម្ខាងទៀតមិនតាំងចិត្ត ក៏វាទៅមិនរួច សុំឲ្យភាគីទាំង ២ តាំងចិត្តដូចគ្នា»។
លោក ស ខេង បន្តថាក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវកង្វល់ និងសំណូមពរនានារបស់អង្គការសង្គមស៊ីវិលនៅពេលដែលក្រសួងទទួលបាននូវព័ត៌មានជាក់លាក់ និងពិតប្រាកដនោះ ក្រសួងមិនដែលព្រងើយកន្តើយក្នុងការដោះស្រាយជូនអង្គការសង្គមស៊ីវិលនោះទេ។
លោក ស ខេង ថ្លែងថា៖ «ប៉ុន្តែព័ត៌មានខ្លះវាមិនដល់ វាមិនដល់យើងខ្ញុំ សូម្បីព័ត៌មានហ្នឹងផ្តល់មកដោយផ្ទាល់ ឬក៏តាមប្រព័ន្ធសារព័ត៌មានក៏ដោយ យើងខ្ញុំមិនបានទទួលព័ត៌មាននោះ ដោយសារតែមិនបានទទួលព័ត៌មាននោះ យើងក៏មិនដឹងដោះស្រាយរបៀបម៉េច! នេះគឺជាការពិត។ ក្រសួងមហាផ្ទៃរកពុំឃើញថា មានករណីគំរាមកំហែង ការគាបសង្កត់ ដូចការលើកឡើងរបស់អង្គការសង្គមស៊ីវិលនោះទេ»។
លោក ស ខេង បានអះអាងថារាល់កង្វល់នានាទាក់ទងនឹងច្បាប់ NGOs ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់បំផុតតាមរយៈការបង្កើតជាវេទិកាអង្គការសង្គមស៊ីវិលរយៈពេល ៦ ខែម្តង ដើម្បីនឹងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក អំពីកង្វល់ និងបញ្ហាផ្សេងៗ ហើយរដ្ឋាភិបាលក៏មានយន្តការអចិន្រៃ្តយ៍មួយដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ដែលជំនាញខាងច្បាប់ និងមានសមាសភាពមន្ត្រីពីក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ចូលរួមដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហា។ មន្ត្រីក្រសួងមហាផ្ទៃ និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានកំពុងជួបពិភាក្សាគ្នាស្តីពីសំណើវិសោធនកម្មច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក ស ខេង បញ្ជាក់ថា៖ «យើងមិនបានទុកចោលនូវកង្វល់ ឬមតិនានារបស់អង្គការសង្គមស៊ីវិលនោះទេទាំងអង្គការសង្គមស៊ីវិល ធ្វើការងារតស៊ូមតិ និងអង្គការសង្គមស៊ីវិលអភិវឌ្ឍន៍។ យើងបន្តធ្វើទៅទៀត ហើយបញ្ហានេះយើងក៏បានសរសេរនៅក្នុងរបាយការណ៍ ដើម្បីឆ្លើយទៅសហគមន៍អឺរ៉ុបផងដែរ ឧទាហរណ៍ថាមានករណី ១០០ រកទៅវាមិនឃើញ បើសិនព័ត៌មាននោះវាជាក់លាក់សូមផ្តល់ឲ្យយើងខ្ញុំជាក់លាក់ បើយើងខ្ញុំមិនដោះស្រាយមានន័យថា យើងខ្ញុំគ្មានឆន្ទៈ ប៉ុន្តែបើព័ត៌មាននោះវាមិនច្បាស់យើងមិនដឹងដោះស្រាយរបៀបម៉េច? មិនមែនយើងមិនមានឆន្ទៈនោះទេ»។
លោក ស ខេង ថ្លែងថាក្នុងជួររាជរដ្ឋាភិបាលតាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិនឹងនៅតែបន្ដលើកកម្ពស់ភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលហើយក៏អំពាវនាវដល់អង្គការសង្គមស៊ីវិល បន្ដលើកកម្ពស់ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដើម្បីសហការគ្នាធ្វើការងារជាផលប្រយោជន៍រួមក្នុងន័យសំដៅឲ្យប្រទេសជាតិកាន់តែមានការរីកចម្រើនទៅមុខបន្ដទៀត។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ទាក់ទងនឹងបញ្ហាភាពជាដៃគូជាមួយសង្គមស៊ីវិលនេះ យើងខ្ញុំនឹងបន្ដហើយលើកទឹកចិត្តដើម្បីទាំងសងខាង ទាំងជួររដ្ឋាភិបាលតាំងពីលើរហូតដល់ក្រោម គឺលើកកម្ពស់ភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល [...] យើងខ្ញុំមិនចាត់ទុកថា អង្គការសង្គមស៊ីវិលដែលធ្វើការតស៊ូមតិនោះ គឺជាអ្នកប្រឆាំងទេ ប៉ុន្ដែជាមតិជំទាស់ មតិផ្ទុយ ដែលនេះវាមានប្រយោជន៍នាំឲ្យយើងយល់បញ្ហា»។
លោក ស ខេង បានថ្លែងទៅកាន់អ្នកយកព័ត៌មានផងដែរថា ក្រសួងមហាផ្ទៃបានធ្វើរបាយការណ៍ឆ្លើយតបដាក់ទៅសហភាពអឺរ៉ុបទាក់ទងទៅនឹងស្ថានភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរួចហើយ ដើម្បីរៀបចំបញ្ជូនដាក់ទៅសហភាពអឺរ៉ុបយ៉ាងយូរត្រឹមថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩។
លោក ស ខេង ថ្លែងថា៖ «យើងនឹងឆ្លើយ ប៉ុន្តែតាមពេលវេលាដូចជាយ៉ាងយូរថ្ងៃ ១២ ធ្នូ ឥឡូវហ្នឹងដូចជាក្រសួងមហាផ្ទៃបានបញ្ជូន ហើយក្រសួងនានាដែលពាក់ព័ន្ធនឹងប្រហែលបានបញ្ជូនទៅក្រសួងការបរទេសដើម្បីឲ្យគេវេចខ្ចប់បញ្ជូនទៅ។ ជាការពិតហើយយើងបានបង្ហាញការពិតអស់តែម្តង ពីព្រោះយើងមិនអាចភូតគេបានទេ។ អ្វីដែលជាការពិត យើងនិយាយការពិត»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងកាលពីថ្ងៃអាទិត្យថា ក្រសួងនៅមិនទាន់បញ្ជូនរបាយការណ៍ទាំងនោះនៅឡើយទេ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យអាដហុកបានថ្លែងកាលពីម្សិលមិញថាបញ្ហាដែលកើតឡើងនាពេលកន្លងមកឃើញមានការបិទអង្គការអន្តរជាតិ មានការផ្អាកសកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន និងមានការរារាំងការបំពេញការងារជាដើម៕
វីដេអូ៖