ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បង្កើន​កិច្ចសហការ​ដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី​គ្រប់​ទម្រង់ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​បារម្ភ​ពី​ការកើនឡើង​អំពើហិង្សា​លើ​ស្ត្រី​នៅក្នុង​ប្រទេស ក្នុង​អំឡុងពេល​វិបត្តិ​កូវីដ​ ១៩ ប្រសិនបើ​វិធានការ​បង្ការ ទប់ស្កាត់ និង​ផ្តល់​កិច្ចការពារ​ទៅលើ​ស្ត្រី​មាន​ការធ្លាក់ចុះ​។

ការលើកឡើង​ទាំងនេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​លើក​ទី​៣ ឆ្នាំ​ ២០១៩-២០២៣ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ទូទាំង​ប្រទេស និង​បណ្តា​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​សរុប​ប្រមាណ ៣០០ ​នាក់​នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា​។

នៅក្នុង​ឱកាស​នោះ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​បាន​លើកឡើង​ថា ប្រសិន​ជា​វិធានការ​បន្ត​ក្នុង​ការបង្ការ ទប់ស្កាត់ និង​ផ្តល់​កិច្ចការពារ​ទៅលើ​ស្ត្រី​រយៈពេល​ ៣ ​ខែ គ្មាន​ប្រសិទ្ធភាព​នោះ​ករណី​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​អាច​កើតមាន​បន្ថែម​រហូត​ដល់ ៥ លាន​ករណី ហើយ​នឹង​អាច​កើត​មាន​រហូតដល់​ជាង​ ៣១ ​លាន​ករណី​បន្ថែមទៀត​នៅ​ទូទាំង​ពិភពលោក​សម្រាប់​រយៈពេល​ ៦ ខែ​។

លោកស្រី​បារម្ភ​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ករណី​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​កើនឡើង​ក៏​ព្រោះតែ​ការធ្លាក់ចុះ​នូវ​ការអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់ និង​ផ្តល់​កិច្ចការពារ​ការផ្តល់​សេវា​ថែទាំ​ និង​សេវា​សង្គម​ផ្សេងៗ​ដល់​ជនរងគ្រោះ​ពី​អំពើហិង្សា​។ បន្ថែម​ពីនេះ​ការកើនឡើង​នូវ​ហានិភ័យ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ក៏​ព្រោះ​តែ​ភាព​នៅ​ដាច់ដោយឡែក ការចំណាយ​ពេល​នៅ​ជាមួយ​គ្នា អំឡុងពេល​មាន​បញ្ហា​ផ្លូវចិត្ត​ និង​ភាពតានតឹង​ផ្លូវ​អារម្មណ៍​បាន​កើតឡើង​ ខណៈ​បាត់បង់​ប្រាក់ចំណូល​គ្រួសារ ការបិទ​សាលារៀន​ធ្វើ​ឱ្យ​បន្ទុក​ក្នុង​គ្រួសារ​មាន​ការកើនឡើង​ជាដើម​។

លោកស្រី​និយាយ​ថា​៖ «​ការកើនឡើង​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​នឹង​ធ្វើឱ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច សង្គម​កាន់​តែមាន​ទំហំធំធេង​ជាង​នេះ​ទៅទៀត​។ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​បន្ត​ចូលរួម​ផ្តល់​ការគាំទ្រ និង​ផ្តល់​កិច្ច​គាំពារ​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត​ក្នុង​អំឡុង​ជួបប្រទះ​នូវ​វិបត្តិ​កូវីដ​ ១៩ ដែល​ជា​ដើមចម​នៃ​ការបង្ក​ឱ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​មាន​កើនឡើង​»​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា ការទប់ស្កាត់ និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី គឺជា​ការទទួល​ខុសត្រូវ​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​ត្រូវធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ប្រកប​ដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ផ្តល់​កិច្ចការពារ​ជូន​ជនរងគ្រោះ​ឱ្យ​បាន​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកប​ដោយ​បរិយាប័ន្ន​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ព្រមទាំង​បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់​ចំពោះ​មុខ​របស់​យើង​នៅឡើយ​»​។

លោក​បញ្ជាក់ថា បញ្ហា​ទាំងអស់​នេះ​ទាមទារ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជម្នះ និង​ដោះស្រាយ​ប្រកប​ដោយ​យុត្តិធម៌ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​ឱ្យ​ប្រជាជន ជាពិសេស​ស្ត្រី​ដែល​មាន​ចំនួន​រហូត​ដល់​ ៥២ ​ភាគរយ​ នៃ​ប្រជាជន​សរុប​អាច​រស់នៅ​ប្រកប​ដោយ​ការគោរព​សិទិ្ធ សេចក្តីសុខ និង​សុវត្ថិភាព​ក្នុង​ជីវិត និង​ភាពសុខដុមរមនា​ក្នុង​សង្គម​។

លោក ស ខេង ជឿជាក់​ថា ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣ នឹង​ក្លាយជា​ផែនទី​តម្រង់ទិស​ដ៏ស័ក្តិសិទ្ធិ​មួយ​ដែល​នឹង​ជួយ​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការអនុវត្ត​ការងារ​ទប់ស្កាត់​ និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​គ្រប់​ទម្រង់​ឱ្យ​កាន់តែ​សម្រេចបាន​ឆាប់​រហ័ស​តាម​ការរំពឹងទុក​។

លោកស្រី Pauline Tamesis ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា ស្ត្រី​បំពេញ​តួនាទី​ដ៏សំខាន់​ក្នុង​សង្គម​កម្ពុជា និង​ជា​ឆ្អឹងខ្នង​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដូច្នេះ​ការចូលរួម​ស្មើភាព​របស់​ស្ត្រី​គឺជា​កត្តា​សំខាន់​ដើម្បី​ធានា​ឱ្យ​មាន​ស្ថិរភាព និង​ជួយ​ទប់ស្កាត់​ជម្លោះ​។ ប៉ុន្តែ​លោកស្រី មើលឃើញ​ថា​ស្ត្រី​នៅតែ​ទទួល​រងគ្រោះ​អំពី​ការរើសអើង និង​ការប្រើប្រាស់​អំពើ​ហិង្សា​ ខណៈ​ស្ត្រី​កម្ពុជា​ចំនួន ៣ នាក់ គឺ​មាន​ម្នាក់​ទទួលរង​អំពើហិង្សា​ក្នុង​ទម្រង់​មួយ​អាច​ជា​អំពើហិង្សា​ផ្លូវកាយ ផ្លូវចិត្ត ពី​សំណាក់​ដៃគូ​ស្និទ្ធស្នាល​របស់​ពួកគេ​។

បន្ថែម​ពីនេះ​ក្នុង​អំឡុងពេល​ទទួល​រង​នូវ​វិបត្តិ​កូវីដ ១៩ លោកស្រី Pauline និយាយ​ថា ស្ត្រី និង​ក្មេងស្រី​កាន់តែ​ទទួលរង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក៏​ព្រោះតែ​វិស័យ​សម្បូរ​ដោយ​ស្ត្រី និង​ក្មេងស្រី​ធ្វើការ​ដូច​វិស័យ​កាត់ដេរ ទេសចរណ៍ ត្រូវ​បាន​បាត់បង់​ការងារ​មុនគេ ហើយ​ក្មេងស្រី​កាន់តែ​ច្រើន​បាន​បោះបង់​ការសិក្សា​។

លោកស្រី​បញ្ជាក់ថា​៖ «​គួរឱ្យ​សោកសៅ​ជាងនេះ​ទៅ​ទៀត ការឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ នាំឱ្យ​មាន​ការកើនឡើង​នូវ​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ក្នុង​គ្រប់​រូបភាព និង​អាច​ធ្វើឱ្យ​មាន​ការធ្លាក់ចុះ​សមិទ្ធផល​នៃ​ការសម្រេច​បាន​តាម​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​កន្លងមក​។ យើង​ចាំបាច់​ត្រូវ​ធានា​ឱ្យ​មាន​ការបន្ត​ការយកចិត្ត​ទុកដាក់​លើ​ស្ត្រី និង​ក្មេងស្រី​»៕