
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ហ្វេសប៊ុក ស ខេង
ស្វាយរៀងៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញប្រធានក្រុមប្រឹក្សាសមាជិក ខេត្ដស្វាយរៀង ទាំងអស់ត្រូវតែខិតខំបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋដោយ ស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយបក្សណាមួយឡើយ។
លោក ស ខេង បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៣ កាលពីថ្ងៃអាទិត្យ ទី ១៦ ខែ មិថុនា ហើយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ដទៀត។
លោកបានថ្លែងថា ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោត ដោយផ្ទាល់ក្ដី ឬមិនផ្ទាល់ក្ដី ក្រុមប្រឹក្សានេះ គឺជាផ្នែកមួយ នៃអំណាចនីតិប្រតិបត្ដិ និងមានស្វ័យភាពក្នុងដែនកំណត់នៃច្បាប់ និងលិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ស ខេង បានបញ្ជាក់ថា៖ «ហេតុនេះ ក្នុងការអនុវត្ដ ការងារ ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ដ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្ដិធម៌ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ»។
លោកបន្ថែមថា៖ «តាមខ្ញុំដឹង គឺសមាសភាព ក្រុមប្រឹក្សានៅថ្នាក់ខេត្ដនេះ គឺមកពីគណបក្សប្រជាជនទាំងអស់ មិនមានគណបក្សដទៃលាយឡំទេ។ ដូច្នេះនេះជាបញ្ហាៗត្រង់ថា នៅពេលបំពេញបេសកកម្មការងារ គឺយើងមិនត្រូវបែងចែក បម្រើអ្នកណាដែលជាសមាជិកគណបក្សប្រជាជននោះទេ គឺត្រូវបម្រើដល់គ្រប់សមាជិកនៃគណបក្សដទៃផងដែរ ដែលជាប្រជាពលរដ្ឋ។ ការធ្វើសេចក្ដីសម្រេចទាំងឡាយមិនត្រូវលម្អៀងទៅរកក្រុមនយោបាយ ឬនិន្នាការនយោបាយណាមួយទេ នេះជាបញ្ហាដែលខ្ញុំចង់កត់សម្គាល់»។
លោក ស ខេង ជំរុញឲ្យគណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
លោក មាស នី អ្នកវិភាគនយោបាយថា សារលោក ស ខេង គឺត្រូវទៅនឹងអ្វីដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោក មាស នី បានថ្លែងថា លោក ស ខេង បានបង្ហាញជំហរពីការបំពេញតួនាទីប្រកបដោយសីលធម៌ ក្នុងនាមជារាជរដ្ឋាភិបាល មិនមែនក្នុងនាមបក្ស ហើយសកម្មភាពនេះក៏បានផ្ដល់ផលចំណេញត្រឡប់មកគណបក្សវិញផងដែរ។
លោក នី ថ្លែងថា៖ «ពីមុនមកខាងគណបក្សកាន់អំណាច អត់បានគិតរឿងនេះទេ គិតរឿងបក្សខ្លាំងពេក អ៊ីចឹងពេលកាន់កាប់អំណាចបានបង្ហាញនូវភាពរើសអើងចំពោះគណបក្សដទៃ ដែលចំណុចនេះមិនបានផ្ដល់ផលចំណេញ បែរជាផ្ដល់កំហឹងរបស់ពលរដ្ឋត្រឡប់វិញ។ សារនេះមិនត្រឹមតែផ្ញើទៅឲ្យមន្រ្ដីថ្នាក់ក្រោមទេ ប៉ុន្ដែក៏ត្រូវទៅនឹងមន្រ្ដីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលផងដែរ ដើម្បីយកទៅគិតពិចារណា ដោយមិនត្រូវរើសអើងប្រជាពលរដ្ឋ ឬប្រកាន់និន្នាការបក្សផ្សេងៗ»៕