ភ្នំពេញៈ លោក ស ខេង ​រដ្ឋ​​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​ បាន​ប្រាប់​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ស្ដាប់​មតិ​ពល​រដ្ឋ​ ជាជាង​មក​អង្គុយ​នៅ​​ក្នុង​អង្គ​ប្រជុំ​ថ្នាក់​ខេត្តហើ​យ​​ត្រឡប់​មក​​ភ្នំពេញ​​វិញ ដែល​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​និង​​ខាត​សាំ​ង​​រថ​យន្ត​ និង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ស្តាប់​​នូវ​មតិ​ជំទាស់​ ជា​ជាង​ស្តាប់​នូវ​មតិ​បញ្ជោរ។

លោក ស ខេង ​បាន​ថ្លែង​​រំឭក​ដល់​មន្ត្រី​របស់​លោក​ ក្នុង​ពេល​លោក​ធ្វើ​ជា​អធិបតី​ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ ក្រុម​ប្រឹក្សា​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី ១៣ ខែ​ មិថុនា​ ម្សិលមិញ។

លោក​ថ្លែង​ថា៖ «ចៀស​វាង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ គ្រាន់​តែ​មក​អង្គុយ​ស្ដាប់​ប្រធាន​អង្គ​ប្រជុំ​និយាយ រួច​ចេញ​ពី​ហ្នឹង​ទៅ​ ទៅ​ផ្ទះ ​(នៅ) ភ្នំពេញ។ ដល់​ពេល​ដល់​ថ្ងៃ​ខែ​ប្រជុំ​ មក​កន្លែង​ហ្នឹង​ទៀត ​ស្ដាប់​ប្រធាន​អង្គ​ប្រជុំ​និយាយ​ទៀត និយាយ​ចប់​ទៅ​ផ្ទះ​វិញ​ដដែល​។ សួរ​មើល​ថា​ ចំណេញ​ឬ​ខាត»។

លោក​បន្ត​ថា៖​ «ខ្ញុំ​គិត​ថា​ វា​អត់​អី​ចំណេញ​ទេ។ វា​ខាត​ពេល​វេលា​ និង​ខាត​សាំង​ចុះឡើង ហើយ​បូក​ទាំង​ខាត​មិន​បាន​បំពេញ​ការងារ​នៅ​នឹង​ក្រសួង​ផង។ ប៉ុន្តែ​វា​អាច​ចំណេ​ញ​ត្រង់​ថា​ ក្នុង​ពេល​នោះ​ គាត់​ឆ្លៀ​ត​ឱកាស​ស្អី​ទៅ យើង​មិន​ដឹង។ តែ​និយាយ​អ៊ីចឹង​មិន​មែន​ទាំងអស់​គ្នា​ទេ។ អត់​ទេ​ឥឡូវ​សុំ​កែ​ទម្រង់​អាហ្នឹង»។

លោក​បាន​ផ្ដល់​ជា​អនុសា​ស​ន៍​ថា ក្រុម​ការងារ​ចុះ​ជួយ​ថ្នាក់​​ជាតិ​ ក៏​ដូច​ជា​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​ដែល​ចុះ​ជួប​ពលរដ្ឋ​នៅ​ចុង​សប្ដាហ៍​ ក៏​ត្រូវ​ចុះ​ស្ដាប់​មតិ​របស់​ពលរដ្ឋ​ដូចគ្នា​ដែរ។

លោក​ថា ​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកា​សាធា​​រណៈ ​មាន​មកពី​និន្នាការ​នយោ​​បាយ​ផ្សេងៗដែល​អាច​នឹង​ធ្វើឲ្យ​មន្ត្រី​រង​សម្ពាធ។ ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​ស្នើ​ឲ្យ​មន្ត្រី​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ ដោយ​មិន​គិត​ពី​​និន្នាការ​នយោបាយ។

លោក​បញ្ជាក់​ថា៖​​​ «អ៊ី​ចឹ​ង​មុន​នឹង​ចូល​អង្គ​ប្រជុំ ឯក​ឧត្តម​លោក​ជំទាវ អស់​លោក​ លោក​​ស្រី​ត្រូវ​ទៅ​ធ្វើ​វេទិកា​សាធា​​រណៈ​សិន ប្រមូល​យក​ព័ត៌មាន​ប្រមូល​អី​ពីហ្នឹង​មក​សិនលទ្ធផ​ល​​ពី​នោះ​មក​សិន​ បាន​មក​បូក​សរុ​ប​អង្គុយ​និយាយ​ជាមួយ​គ្នា។ រួច​ហើយ​ទទួល​បាន​គោលការណ៍​ថ្មីផែនការ​ថ្មី​គាត់​ទៅ​ដោះ​ស្រា​យ​​ទៀត។ យើង​មិន​អាច​ស្កប់​ស្ក​ល់​​ហើយ​បាត់​ការ​ប្រុង​ប្រយ័ត្ន​ទេ»។

លោក ស ខេង ក៏​បាន​ថ្លែង​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ពុធ ​​ទី ១២​ ខែ​ មិថុនា​ ២០១៩ ពេល​លោក​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រ​កា​​ស​ចូល​កាន់​តំណែង​នៃ​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។ លោក​ថា សុខចិត្តស្ដាប់​ពាក្យ​រិះគន់​ ជា​ជាង​ពាក្យ​បញ្ជោរ ហើយ​ស្នើ​ឲ្យមន្ត្រី​ស្ដាប់​ប្រតិកម្ម​របស់​ប្រជា​ពលរដ្ឋ ហើយ​យក​បញ្ហា​របស់ពលរដ្ឋ​មក​ដោះ​ស្រាយ ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព។

លោក​ថ្លែង​ថា៖ «ពីព្រោះ​យើង​សុខ​ចិត្ត​ស្ដាប់​នូវ​មតិ​ជំទា​ស់​ ជាជាង​ស្ដាប់នូវ​​មតិ​បញ្ជោ​រយើង​។ ខ្ញុំ​គិត​ថា ​អ៊ី​ចឹង។ យើង​ស្ដាប់​មតិ​ជំទាស់​បាន​ច្រើនជួយ​យើ​ង​បាន​ច្រើន​ណាស់។ ឯ​ការ​ស្ដាប់​មតិ​បញ្ជោ​រយើង​គ្រាន់​តែបាន​ម៉ា​បញ្ជោ​រទេ អត់​មាន​បាន​អី​ទៀត​ទេ។ មិន​ស្រួល​​ជោរ​ទៅ​ដើរ​ខុស​ទៀត»។

លោក​​បន្ថែម​ថា ​ការ​បើក​វេទិកា​សាធារណៈ​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​សាមញ្ញ​ ដើម្បី​​ឲ្យ​ពលរដ្ឋ​ហ៊ាន​បញ្ចេញ​មតិ។

អ្នក​វិភាគ​បញ្ហា​សង្គម​ លោក មាស នី ថ្លែង​ថា​ លោក​គាំទ្រ​ ការ​លើក​ឡើង​របស់​លោក ស ខេង ដោយ​លោក​ថា លោក​ ស ខេង ដឹង​រឿង​ពិត​ច្រើន​ ពាក់​ព័ន្ធ​នឹង​មន្ត្រី​ដែល​ចុះ​ទៅ​មូលដ្ឋាន។

លោក​ថា តាម​លោក​ដឹង​ក្រុម​ការងារ​ដែល​ចុះ​ជួយ​ថ្នាក់​មូល​ដ្ឋាន​ ច្រើន​តែ​យក​ពេល​ជួប​ជុំ​ជាមួយ​ពលរដ្ឋ​ ទៅ​និយាយ​ពី​រឿង​បក្ស​របស់​ខ្លួនច្រើន​ជាង​ស្ដាប់​កង្វល់​របស់​ពលរដ្ឋ។

លោ​​ក​ថា ​ពេល​ខ្លះ​មន្ត្រី​មិន​សូវ​បា​ន​និយាយ​អ្វី​ច្រើន​ទេ គឺ​ត្រឹម​តែ​នាំ​ពាក្យ​ផ្ដាំ​ផ្ញើ​ពី​លោក​នាយ​ក​​​រដ្ឋ​មន្ត្រី​ ហើយ​មិន​សូវ​បាន​និយា​យ​ពី​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​ពលរដ្ឋ​យល់។

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ ការ​ចុះ​ហ្នឹង​គ្រាន់​តែ​ចុះ​ទៅ​សូត្រ​អ្វី​ ដែ​ល​ជា​គម្ពី​រដើម​របស់​គណ​ប​ក្ស ជា​ជាង​ការ​ចុះ​ទៅ​ជួយ​ពលរដ្ឋ​របស់​ខ្លួន។ យើ​ងទទួល​ស្គាល់​ថា​ មាន​ការ​ជួយ​ជា​មនុស្ស​ធម៌​ច្រើន តែ​ដំណើរ​ភាគ​ច្រើន​នៃ​អ្នក​ចុះ​មូលដ្ឋាន ​គឺ​ពង្រឹង​គណ​​​​​​​បក្ស​របស់​ខ្លួន​ ជាជាង​ចុះ​ទៅ​ស្ដាប់​កង្វល់​របស់​ពលរដ្ឋហើ​យ​​ពេល​ខ្លះ ​ក៏​មិន​មាន​ទុកពេល​ឲ្យ​ពលរដ្ឋ​និយាយ»។

លោក​ មាស នី ក៏​ស្វាគមន៍​ដល់​​ការ​ស្នើ​របស់​លោក​ស ខេ​ង ឲ្យ​មន្ត្រី​ស្ដាប់​ការ​ជំទាស់ ឬ​ការរិះ​គន់​ជាជាង​ពាក្យ​បញ្ជោរ ដោ​យ​លោក​ថា វប្បធម៌​ថ្មី​ ទទួល​យក​ការ​រិះ​គន់​នេះ​ គួរតែ​ធ្វើ​ឲ្យ​បាន​ពិត​ប្រាកដ​ ដោយ​មិន​ត្រឹម​ថា​នោះ​ទេ។ លោក​​ថា ពាក្យ​រិះ​គន់​ហាក់​ដូច​ជា​ត្រូវ​បាន​គិត​ថា​ ជា​ពាក្យ​អាក្រក់​ក្នុងបរិបទ​​នយោបាយ​កម្ពុជា។

លោកបន្ត​​ថា៖ «ខ្ញុំ​គិត​ថា​ នៅ​ពេល​យើង​បង្កើត​វប្បធម៌​មួយ​បើក​ចំហ ខ្ញុំ​គិត​ថា ​អ្នក​ហ៊ាន​ប្រាប់​ក៏​ហ៊ាន​ប្រាប់ ហើ​យ​រដ្ឋាភិបាល​ក៏​អាច​ឆ្លើយ​តប​សម​ស្រប​ពាក់​ព័ន្ធ​បញ្ហា​សង្គម​នយោបាយ​របស់​ខ្លួន»។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បាន​​ស្វាគ​ម​ន៍​ការ​លើក​ឡើង​របស់​លោក ស ខេង ដោយ​លោក​ថ្លែង​​ថា ​តាម​ពិត​រឿង​នេះ គួរ​​ត្រូវបាន​​ធ្វើ​តាំង​ពី​យូរ​ហើយ ព្រោះ​ជា​ធម្មតា ការ​​ចុះ​​ទៅ​មូល​​ដ្ឋាន ​គឺ​ដើម្បី​ឲ្យ​មន្ត្រី​​ផ្សារ​ភ្ជាប់​ទៅ​នឹង​ថ្នាក់​មូលដ្ឋាន។

លោកបន្ត​​ថា បន្ថែម​លើ​ការស្ដាប់​គំនិត​មហា​ជន​ក្រុម​ការ​ងារ ​ឬ​ថ្នាក់​ដឹកនាំ​ ត្រូវ​បូក​ផ្សំ​គំនិត​របស់​ខ្លួន​ទៅ​នឹង​គំនិត​មហា​ជ​ន ហើយ​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​និ​ង​​ពិភាក្សា​ជាមួយ​ថ្នាក់​ខេត្ត​ និង​ស្រុក បន្ទាប់​មក​លើក​ជា​យុទ្ធ​សាស្ត្រ​ ដើម្បី​ដោះ​​ស្រាយ​ឲ្យ​ទទួល​​បាន​ជោគជ័យ។

លោ​ក​​ថ្លែង​ថា តាម​ការ​ស្រាវ​ជ្រាវ​​របស់​លោក អ្វី​ដែល​លោក​ ស ខេង បាន​លើក​ឡើង​នោះ​ ត្រូវ​បាន​គេ​អនុវត្ត​ហើយ​​ជោគ​ជ័យ​ នៅ​ក្នុង​ប្រទេស​​ចំនួន ​៤ ​រួច​ហើ​យ គឺ​នៅ​ប្រទេស ​ជប៉ុន កូរ៉េ ខាង​ត្បូ​ង ថៃ និង​បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​វៀតណាម។

លោក​ថ្លែង​ថា៖ «ជួន​កាល​ប្រជាជន​មើល​បញ្ហា​អត់​ឃើញ​ទេ អ្នក​ដែល​មើល​ឃើញ​គឺ​អ្នក​ដែល​ចុះ​ទៅ​ ហើយ​មាន​ចំណេះ​ដឹង អ្នក​មាន​បទ​ពិសោធ ហើយ​មិន​មែន​ចេះ​តែ​ថា​ទេ​ គឺ​ត្រូវ​ផ្ដល់​គំនិត ផ្ដល់​យុទ្ធសាស្ត្រ និង​ផ្ដល់​ចក្ខុវិស័យ​ឲ្យ»៕