
លោក ស ខេង (ឆ្វេង) នៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក គួច ចំរើន (ស្ដាំ) ជាអភិបាលខេត្តព្រះសីហនុ។ ហ្វេសប៊ុក ស ខេង
ព្រះសីហនុៈ បញ្ហាការពង្រឹងសន្តិសុខ ការស្តារហេដ្ឋារចនាសម្ព័ន្ធ ការពិនិត្យមើលសំណង់អគារដែលកំពុងតែដំណើរការសាងសង់ និងការបង្ហូរទឹកលូស្អុយចូលទៅក្នុងសមុទ្រ រួមទាំងបញ្ហាជម្លោះដីធ្លីផងដែរ គឺត្រូវបានលោកស ខេង ចាត់ទុកជាបញ្ហាប្រឈម ដែលបាននិងកំពុងកើតឡើងនៅខេត្តព្រះសីហនុ ហើយបានជំរុញឲ្យក្រសួងពាក់ព័ន្ធ និងអភិបាលខេត្តដែលទើបឡើងកាន់តំណែងថ្មីត្រូវតែរួមសហការគ្នាធ្វើការដោះស្រាយ។
លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ លោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍ថា បញ្ហាប្រឈមដែលកំពុងតែកើតឡើងនៅក្នុងខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ រួមមានបញ្ហាទំនាស់ដីធ្លី ការគ្រប់គ្រងដីធ្លី ដោយបានកត់សម្គាល់ថា កាលពីដើមឡើយ ខេត្តព្រះសីហនុ មិនទាន់មានការអភិវឌ្ឍខ្លាំង ដីមិនទាន់ឡើងថ្លៃ មិនសូវមានបញ្ហាកើតឡើងទេ ប៉ុន្ដែនៅពេលនេះ បញ្ហាជម្លោះដីធ្លីហាក់កំពុងតែកើនឡើងជាបន្ដបន្ទាប់ដែលត្រូវតែរួមគ្នាដោះស្រាយដោយសន្ដិវិធី និងត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាលើបញ្ហានេះ។
បញ្ហាមួយទៀត ដែលទើបតែកើតឡើងគួរឲ្យសង្វេគនោះគឺបញ្ហាគុណភាពសំណង់ដោយលោក ស ខេង បញ្ជាក់ថា ត្រូវតែពិនិត្យសំណង់កំពុងដំណើរការសាងសង់ និងកំពុងដំណើរការអាជីវកម្មដោយឆ្លងតាមរយៈ បទពិសោធថ្មីៗនេះនៃឧបទ្ទវហេតុបាក់អគារ។ «ដូច្នេះទាមទារឲ្យមានការពិនិត្យយ៉ាងយកចិត្តទុកដាក់ពិសេស ត្រូវពិនិត្យលើបញ្ហាសុវត្ថិភាពអគារ និងបញ្ហាអគ្គិភ័យផងដែរ»។
ជាមួយគ្នានេះ លោក ស ខេង ក៏បានលើកឡើងពីសន្ដិសុខនៅក្រុងកោះរ៉ុង និងបណ្ដាកោះដែលចំណុះខេត្តព្រះសីហនុផងដែរ។ លោកបញ្ជាក់ថា បច្ចុប្បន្នភ្ញៀវទេសចរនៅតាមបណ្ដាកោះនានា ហាក់កំពុងកើនឡើងជាបន្ដបន្ទាប់។ដូច្នេះដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ កម្លាំងនគរបាលគប្បីត្រូវតែដាក់កម្លាំងដើម្បីយាមការពារតាមកោះ ហើយត្រូវមានកម្លាំងអន្ដរាគមន៍ជំនួយផងដែរ ដើម្បីចេញអន្ដរាគមន៍ទាន់ពេលនៅពេលមានហេតុការណ៍អ្វីកើតឡើង។
ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោក ស ខេង ថា ខេត្តព្រះសីហនុ ជាខេត្ដកំពុងតែមានការអភិវឌ្ឍ ដូច្នេះផ្លូវដែលកំពុងមានបច្ចុប្បន្ន មានភាពតូចចង្អៀត ហើយកន្លែងខ្លះ ក៏កំពុងមានការខូចខាតផងដែរ។ ប៉ុន្ដែចំណុចនេះលោកថា ក៏កំពុងស្ថិតក្នុងការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលហើយ។
ចំណែកបញ្ហា លូ ទឹកកខ្វក់ ទឹកភ្លៀងហូរចូលសមុទ្រក៏ជាបញ្ហាសំខាន់មួយដែលលោក ស ខេង សង្កត់ធ្ងន់ថា បញ្ហានេះមានក្រសួងមួយចំនួន ដែលមានការពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ ក្នុងនោះមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកញ្ជូន ក្រសួងបរិស្ថាន និងក្រសួងធនធានទឹកនិងឧតុនិយម។
លោកថ្លែងថា៖ «ការការពារទឹកសមុទ្រ គឺជាកិច្ចការងារដ៏ចាំបាច់ជាងគេបង្អស់ បើបាត់អាហ្នឹងមួយការវិនិយោគអត់មាន ទេសចរអត់មានទៀតទេ។ យើងទាំងអស់គ្នាត្រូវមានការឯកភាពខាងទស្សនៈ ហើយរួមគ្នាដើម្បីធ្វើកិច្ចការងារនេះ»។
លោកបន្ថែមថា៖ «មិនមែនការវិនិយោគទាំងអស់សុទ្ធតែល្អទេ អ្នកវិនិយោគខ្លះ ក៏ធ្វើមិនត្រឹមត្រូវដែរ ប៉ុន្ដែយើងលើកទឹកចិត្ដដល់អ្នកវិនិយោគដែលល្អ លើកទឹកចិត្ដដល់ទេសចរដែលមកហើយគោរពច្បាប់កម្ពុជា។ យើងត្រូវរក្សាឲ្យបានដាច់ខាត នូវអត្ដសញ្ញាណជាតិក្នុងពេលវិនិយោគ ដើម្បីបង្កឱកាសឲ្យទេសចរចម្រុះពីក្រៅអាចចូលមកកម្សាន្ដនៅសមុទ្រ និងធ្វើការវិនិយោគលើវិស័យផ្សេងទៀត»។
លោក ស ខេង កាលពីថ្ងៃសុក្របានដាក់ចេញនូវផែនការស្ដីពី «ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងខេត្តព្រះសីហនុ» ផងដែរ ក្រោយលោកមើលឃើញបញ្ហាប្រឈមលោកបញ្ជាក់ពីវិធានការដំបូងដោយលើកឡើងពី «គោលការណ៍រួម» ក្នុងនោះរួមមាន ការជំរុញសកម្មភាពផ្សព្វផ្សាយអប់រំបានទូលំទូលាយ និងស៊ីជម្រៅ ដល់គ្រប់គោលដៅនិងសមាសភាពពាក់ព័ន្ធ សំដៅបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងលិខិតបទដ្ឋាននានាទាក់ទងដល់ការធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក៏ដូចជាការប្រកបអាជីវកម្មធុរកិច្ច វិនិយោគ ទេសចរណ៍ នៅក្នុងខេត្ដព្រះសីហនុជាដើម ។

ទិដ្ឋភាពតាមដងផ្លូវមួយដែលកំពុងជួសជុលនៅខេត្តព្រះសីហនុពីខែមេសា។ ហេង ជីវ័ន
លោកថា ការដាក់ចេញនូវវិធានការនៃការពង្រឹងវិធានការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ និងបង្ក្រាប ការប៉ុនប៉ងបង្កសកម្មភាពភេវរកម្មសកម្មភាពបទឧក្រិដ្ឋឆ្លងដែននិងបទល្មើសគ្រប់ប្រភេទសំដៅធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុ ត្រូវបានពង្រឹង និងមានភាពល្អប្រសើរ។
លោក ស ខេង ក៏បានដាក់ចេញនូវវិធានការគ្រប់គ្រងរដ្ឋបាលអំពីសណ្ដាប់ធ្នាប់សង្គម ផងដែរ។ វិធានការនេះ គឺជាមូលដ្ឋានសម្រាប់បម្រើឲ្យវិធានការជំនាញ ដែលត្រូវយកចិត្តទុកដាក់លើការងារ សំខាន់ៗដូចជា ការគ្រប់គ្រងមនុស្ស ដោយខិតខំយកចិត្តទុកដាក់ ក្នុងការចុះបញ្ជីគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងជនបរទេសតាមខ្នងផ្ទះ គោលដៅអាជីវកម្ម សេវាកម្ម សហគ្រាស រោងចក្រ ការដ្ឋាន កាស៊ីណូ សណ្ឋាគារ រមណីយដ្ឋាន ដែនកោះ ដើម្បីគ្រប់គ្រង និងក្ដាប់បានអំពីវត្ដមាន និងចំនួនពិតប្រាកដរបស់ប្រជាពលរដ្ឋ និងជនបរទេស។
លោក ស ខេង ក៏បានដាក់ចេញនូវផែនការ ស្ដីពីការចាត់តាំងអនុវត្ដ ដោយផែនការនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដព្រះសីហនុ ត្រូវកសាងផែនការសកម្មភាព អនុវត្ដជាក់ស្ដែង និងមានភារកិច្ចដឹកនាំ អនុវត្ដផ្ទាល់ ផែនការការពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាដើម។
លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ដែលទើបចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា បានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនិងមន្រ្តីរាជការជាច្រើនដោយបានប្តេជ្ញាក្នុងការ បំពេញភារកិច្ចកសាងអភិវឌ្ឍខេត្ដ នេះឲ្យកាន់តែល្អប្រសើរ។
លោកបញ្ជាក់ថា៖ «ដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំបាទសូមអនុញ្ញាតធ្វើការប្តេជ្ញាចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់»។
លោកប្ដេជ្ញាទៀតថា នឹងខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនានាឱ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក គួច ចំរើន បានបញ្ជាក់ថា៖ «បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខមាលភាព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេស អនុសាសន៍សម្តេចតេជោ (ហ៊ុន សែន) ពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា CNRO បានមើលឃើញថា តាមរយៈប្រសាសន៍របស់ លោក ស ខេង ដែលបានលើកឡើងពីបញ្ហាប្រឈមជាក់ស្ដែងដែលកំពុងកើតឡើងក្នុងខេត្ដព្រះសីហនុនេះ គឺទាមទារឲ្យមន្រ្ដីថ្នាក់ដឹកនាំខេត្តព្រះសីហនុទាំងអស់ត្រូវរួមគ្នាដើម្បីដោះស្រាយបញ្ហា និងរួមគ្នាធ្វើការងារ ដើម្បីឲ្យខេត្ដព្រះសីហនុទទួលបានលទ្ធផលល្អប្រសើរឡើង។
លោកថ្លែងថា៖ «ចំពោះបញ្ហាដែលកើតឡើងដោយឧបទ្ទវហេតុ គ្មានថ្នាក់ដឹកនាំខេត្ដណាម្នាក់ចង់ឲ្យកើតមានឡើងនោះទេ។ ប៉ុន្ដែដើម្បីចៀសវាងករណីបែបនេះកើតឡើង ថ្នាក់ដឹកនាំខេត្ដត្រូវអនុវត្ដនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ ព្រោះករណីឧបទ្ទវហេតុកើតឡើងគ្មានអ្នកណាអាចដឹងមុនទេ។ ដូច្នេះត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួមក្នុងខេត្ដព្រះសីហនុ»។
លោក សុខុម លើកឡើងថា តាមរយៈករណីខ្វះចន្លោះពីអភិបាលខេត្ដចាស់ លោកសង្ឃឹមថា អភិបាលខេត្ដថ្មីនឹងមានការរឹតបន្តឹងការអនុវត្ដច្បាប់ឲ្យមានប្រសិទ្ធភាពថែមទៀត ដើម្បីចៀសវាងបញ្ហាកើតឡើងដោយចៃដន្យណាមួយ៕