
លោក ស ខេង ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតម្សិលមិញ។ ហ្វេសប៊ុកស ខេង
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យ ជា ស៊ីម កម្ចាយមារក្នុងខេត្ដព្រៃវែងកាលពីម្សិលមិញថា ការទទួលបានសញ្ញាបត្ររបស់និស្សិត គឺមិនទាន់ គ្រប់គ្រាន់អាចក្លាយជាបញ្ញវន្ដបានទេ គឺត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតដោយខ្លួនឯងទើបក្លាយជាបញ្ញវន្ដពិត។
លោក ស ខេង បានថ្លែងថា ការសិក្សាផ្នែកទ្រឹស្ដីនៅក្នុងថ្នាក់ បានជួយឲ្យសិស្សនិស្សិត មានមូលដ្ឋានច្បាស់លាស់ ក្នុងការត្រិះរិះពិចារណា ថ្លឹងថ្លែង និងបានយល់ពីតម្លៃពិតនៃចំណេះដឹង ជំនាញ ក្នុងការអភិវឌ្ឍខ្លួនឯងទៅថ្ងៃអនាគត។ ប៉ុន្ដែថាការសិក្សាជាកត្ដាចាំបាច់ សម្រាប់ជីវិតមនុស្សម្នាក់ៗ បើមិនមានការសិក្សាស្រាវជ្រាវ ជាប្រចាំទេ គឺមិនអាចតាមទាន់ទំនើបភាវូបនីយកម្មនៃបច្ចេកវិទ្យា ដែលកំពុងវិវឌ្ឍរីកចម្រើន យ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ននេះបានទេ។
លោកបានថ្លែងថា៖ «ក្មួយៗត្រូវយល់ថា ដើម្បីក្លាយខ្លួនជាបញ្ញវន្ដពិតប្រាកដ ក្មួយៗត្រូវខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវដោយខ្លួនឯង ខិតខំអានសៀវភៅឲ្យបានច្រើន ខិតខំកត់ត្រាពិចារណា ត្រងត្រាប់ចាប់យកនូវរាល់ចំណេះដឹងទាំងឡាយ ដែលក្មួយៗបានជួបប្រទះ និងព្យាយាមដុសខាត់រំឭកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ ទើបអាចក្លាយខ្លួនជាអ្នកមានចំណេះដឹងពិតប្រាកដ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ»។
លោកបន្ដថា៖ «ការទទួលបានសញ្ញាបត្ររបស់ក្មួយៗនាពេលនេះ គឺមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ជីវិតនៃការសិក្សារបស់ក្មួយៗទេ ដូចនេះត្រូវបន្តការសិក្សា រៀនសូត្រ បន្ថែម នៅកម្រិតសិក្សាបន្ដទៀត ដើម្បីពង្រីកចំណេះដឹង របស់ខ្លួនឲ្យកាន់តែទូលំទូលាយ»។
លោក ស ខេង បានរំឭកថា ក្នុងពេលថ្មីៗនេះ ក្រសួងអប់រំបានស្នើមករាជរដ្ឋាភិបាល ដើម្បីបញ្ចូលគោលនយោបាយជាតិនៃការអប់រំ គឺការសិក្សាពេញ ១ ជីវិត គឺមានន័យថាយើងរៀនបានសញ្ញាបត្រហើយ មិនមែនបានសេចក្ដីថា ចប់ទេ គឺត្រូវតែរៀនទៀត ហើយរៀនមិនមែនរៀនតែក្នុងសាលាទេ គឺរៀននៅកន្លែងធ្វើការ រៀននៅបរិស្ថានខាងក្រៅ និយាយរួមនៅកន្លែងណាក៏អាចរៀនបាន ពេលណាក៏អាចរៀនបានដែរ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង យើងប្រើប្រាស់ពេលវេលារបស់យើងពេញ ១ ជីវិត ដើម្បីរៀនសូត្រ។ ធ្វើការងារផង រៀនសូត្រផង មិនមែនបានសញ្ញាបត្រហើយថា អញគ្រប់ហើយ មិនបាច់រៀនទៀតទេ មិនមែនទេ។ ពីព្រោះការវិវឌ្ឍនៃសភាពការណ៍នៅលើសកលលោកសព្វថ្ងៃនេះ វាវិវឌ្ឍលឿនណាស់ មានការផ្លាស់ប្ដូរលឿនណាស់។ អ៊ីចឹងហើយ ការសិក្សារៀនសូត្រ ដើម្បីតាមទាន់ការវិវត្ដសភាពការណ៍នោះជាការចាំបាច់»។
លោកក៏បានស្នើទៅដល់និស្សិតដែលមកទទួលសញ្ញាបត្រជាង ១ ពាន់នាក់ កាលពីម្សិលមិញទៀតថា នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឲ្យស័ក្តិសមជាពលរដ្ឋល្អ មន្រ្ដីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដ របស់ខ្លួន ប្រកបដោយមនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស បម្រើបុព្វហេតុ ជាតិ មាតុភូមិ ដ៏ថ្លៃថ្លារបស់ខ្លួន។
លោកបន្ដថា៖ «សូមក្មួយៗចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិត ចម្រើន ជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីនេះដែរថា សាកលវិទ្យាល័យ ជា ស៊ីម កម្ចាយមារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កម្ពុជា តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ រហូតដល់ពេលបច្ចុប្បន្ន។
និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសរុបមាន ១២ ១៩៥ នាក់ នារី ៣ ៣៨៥ នាក់។ បច្ចុប្បន្ន អតីតនិស្សិតទាំងអស់នេះ កំពុងបម្រើការងារនៅស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងបានបង្កើតសហគ្រាស អាជីវកម្មដោយខ្លួនឯង ប្រកបដោយសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួន។
ដោយឡែក ឆ្នាំសិក្សា ២០១៨-២០១៩ សាកលវិទ្យាល័យនេះ មាននិស្សិតកំពុងសិក្សាចំនួន ៤ ២៤៨ នាក់ សិស្សស្រី ២ ៣៩៤ នាក់ ក្នុងនោះ និស្សិតកំពុងសិក្សាជំនាញអប់រំបច្ចេកទេស លើជំនាញគណនេយ្យ ក្សេត្រសាស្រ្ដ និងជំនាញអេឡិចត្រូនិកជំនាន់ទី ១ និងជំនាន់ទី២ សរុប ១៣២ នាក់ នារី ៧១ នាក់។
លោក ណារ៉ុន បន្ដថា៖ «សាកលវិទ្យាល័យមានផែនការមោះមុតក្នុងការអភិវឌ្ឍគ្រប់ទិដ្ឋភាព ក្នុងផែនការយុទ្ធសាស្រ្ដ និងកំណែទម្រង់ សំដៅលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាល និងការអប់រំ តាមរយៈការលើកកម្ពស់គុណភាព និងសមត្ថភាពគ្រូបង្រៀន លក្ខខណ្ឌការងារ ការលើកទឹកចិត្ដ និងការលើកកម្ពស់គុណភាពនៃការសិក្សា ពង្រឹងការគ្រប់គ្រង និងការដឹកនាំ ពង្រឹងការស្រាវជ្រាវ និងកិច្ចសហប្រតិបត្ដិការជាតិ និងអន្តរជាតិជាដើម»។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតម្សិលមិញនេះ មាននិស្សិតចូលរួមប្រមាណ ១ ៨០០ នាក់ និស្សិតជយលាភីដែលនឹងត្រូវទទួលសញ្ញាបត្រ មាន ១ ៥៩២ នាក់ នារី ៧៣៤ នាក់។ ក្នុងនោះ និស្សិតបរិញ្ញាបត្ររង ៣០៤ នាក់ និស្សិតបរិញ្ញាបត្រ ១ ១៥៧ នាក់ និងនិស្សិតបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៣១ នាក់។ ដោយឡែកសាកលវិទ្យាល័យនេះមានបុគ្គលិកក្របខ័ណ្ឌ និងបុគ្គលិក ជាប់កិច្ចសន្យាសរុប ២០២ នារី ៣៣ នាក់៕