ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលស្តីទី បានជំរុញឲ្យក្រសួង និងស្ថាប័នរដ្ឋពង្រឹងដំណើរការប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌចូលបម្រើការងាររដ្ឋ ត្រូវយកគំរូតាមការអនុវត្តរបស់ក្រសួងអប់រំ ក្នុងការប្រឡងបាក់ឌុប ឆ្នាំនេះដើម្បីជ្រើសរើសមនុស្សពូកែមានសមត្ថភាពពិតប្រាកដ ចៀសវាងការនិយមបក្ខពួក និងការប្រព្រឹត្តអំពើពុករលួយ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស កាលពីម្សិលមិញ លោក ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ការប្រឡងបាក់ឌុប កន្លងទៅពិតជាបានឆ្លុះបញ្ចាំងពីកំណែទម្រង់នៃប្រព័ន្ធអប់រំ បើទោះបីជាការរឹតបន្តឹងពេលប្រឡងទទួលរងការរិះគន់ក្តី។
លោកយល់ថា ការពង្រឹងនេះ ពិតជាបានដាស់នូវស្មារតីឲ្យសិស្ស និងអាណាព្យាបាលចាប់អារម្មណ៍ និងយកចិត្តទុកដាក់ដើម្បីលើកកម្ពស់ការអប់រំ និងប្រឹងប្រែងរៀនសូត្រ។
លោកបញ្ជាក់ថា៖ «បើសិនជាយើងមិនចាប់ផ្តើមយើងក៏រកមិនឃើញនូវបទពិសោធ និងកំណែទម្រង់បែបណាមួយដែរ អ៊ីចឹងហើយ នេះគឺជាការចាប់ផ្តើមមួយដ៏ល្អដែលយើងអាចប្រមើលមើលទៅលើកំណែទម្រង់នៃកម្មវិធីសិក្សាគុណភាពអប់រំ និងសម្ភារសិក្សាជាដើម»។
លោក ស ខេង បានចាត់ទុកលទ្ធផលនៃការប្រឡងបាក់ឌុបថា ជាគំរូមួយដែលស្ថាប័នរដ្ឋទាំងអស់ គួរអនុវត្តតាម ដើម្បីទទួលបានមនុស្សមានសមត្ថភាពពេញលេញចូលបម្រើការងារ និងកាត់បន្ថយនូវភាពមិនប្រក្រតី ដូចជាអំពើពុករលួយការជ្រើសរើសដោយបក្ខពួកនិយម ឬគ្រួសារនិយមជាដើម។ លោកបញ្ជាក់ថា៖ «ជាក់ស្តែង ករណីប្រឡងថ្នាក់ ទី១២ ថ្មីៗនេះ ក្មេងៗប្រឡងជាប់និទ្ទេស A សុទ្ធតែជាកូនកសិករ តែមានសមត្ថភាព ដូចនេះ ដើម្បីឲ្យស្ថាប័នរដ្ឋ អនុវត្តការងារមានប្រសិទ្ធភាព ក្រសួងទាំងអស់ ក៏នឹងត្រូវអនុវត្តទៅតាមវិធានការនេះដែរ រឹតបន្តឹងការប្រឡង ដើម្បីបានមនុស្សពូកែ»។
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន បានថ្លែងថា តាមគោលការណ៍ច្បាប់ ក្រសួងមុខងារសាធារណៈ មានសិទ្ធិចាត់តាំងតំណាងចូលរួមត្រួតពិនិត្យការប្រឡងក្របខ័ណ្ឌមន្រ្តីរាជការ តែមិនអាចលូកដៃក្នុងការពង្រឹងនីតិវិធី និងដំណើរការប្រឡងរបស់ក្រសួងដទៃទេ។
លោកបញ្ជាក់ថា៖ «ដើម្បីធានាតម្លាភាពនិងភាពសុក្រឹតពេលប្រឡង គឺតម្រូវឲ្យក្រសួងនីមួយៗពង្រឹងដោយខ្លួនឯង ដើម្បីមុខមាត់ខ្លួនឯង»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា ការធ្វើកំណែទម្រង់គប្បីចាប់ផ្តើមពីមូលដ្ឋានគ្រឹះមក ហើយការទប់ស្កាត់អំពើពុករលួយ ក៏គួរតែចាប់ផ្តើមពីមន្រ្តីធំៗផងដែរ។
លោកបន្តថា៖ «វាសឹងតែចង់យឺតពេល បើគិតចាប់ពី ឆ្នាំ ៩៣ មក ២០ ឆ្នាំជាងហើយ ប៉ុន្តែមិនអីទេ បានភ្ញាក់រឭកជាការល្អហើយគួរស្រូតឲ្យបានឆាប់ទៅជាការល្អ»។
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យ ប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា សង្កេតឃើញថា ការទទួលបានមុខតំណែងចូលបម្រើក្របខ័ណ្ឌការងាររដ្ឋកន្លងមក ភាគច្រើនគឺចូលតាមរយៈសែស្រឡាយ និងបក្ខពួកដែលនេះបង្ហាញពីកម្សោយនៃការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ៕