ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​រយៈពេល​ខ្លី មធ្យម និង​វែង​របស់​ពលករ​ចំណាកស្រុក​ដែល​ទើប​វិល​ត្រឡប់​មក​ស្រុក​វិញ​ប្រមាណ​ជាង​ ៨៥ ០០០ ​នាក់​ ក្នុង​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ នាពេល​បច្ចុប្បន្ន​។

លោក ស ខេង ថ្លែង​ក្នុងពេល​បើក​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ថា ការប្រជុំ​ថ្ងៃនេះ​គឺ​ផ្អែក​តាម​ការប្រគល់​ភារកិច្ច​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បី​ពិភាក្សា​ស្វែងរក​ចំណុច​គន្លឹះ​ដោះស្រាយ​បញ្ហា​ក្នុង​ស្ថានភាព​មាន​វិបត្ដិ​កូវីដ ១៩ និង​ផលប៉ះពាល់​នានា​ក្នុង​ការរក្សា​ស្ថិរភាព សុវត្ថិភាព​សង្គម​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង​ទៅ​មុខ​ទៀត​។

លោក​ថ្លែងថា​៖ «​ជាពិសេស​កិច្ចប្រជុំ​នេះ​គឺ​ទាក់ទង​ដល់​ទេសន្តរប្រវេសន៍​មាន​ពលករ​ដែល​បាន​វិលត្រឡប់​មកពី​បណ្ដា​ប្រទេស​នានា ជាពិសេស​គឺ​ប្រទេស​ថៃ ចូល​មក​កម្ពុជា​វិញ គិត​មក​ដល់​ពេល​នេះ​គឺ​មាន​ចំនួន​ជាង​ ៨៥ ០០០ ​នាក់​ហើយ​ដែល​នៅ​រាយប៉ាយ​តាម​បណ្ដា​ខេត្ដ​។ ពលករ​ទាំងនោះ​មួយ​ចំនួន​ពុំ​មាន​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​ជីវភាព​រយៈពេល​វែង​នោះទេ​»​។

បើតាម​លោក ស ខេង ជាទូទៅ​ពលករ​ទាំងនោះ​តែងតែ​រំពឹង​ចង់​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​វិញ ដើម្បី​បាន​ប្រាក់ចំណូល​សម្រាប់​សម្រាល​បន្ទុក​គ្រួសារ​។ នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​រដ្ឋាភិបាល​មិនអាច​អនុញ្ញាត​ឱ្យ​ពួកគាត់​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​បាន​ឡើយ ព្រោះ​ថា​ប្រទេស​ថៃ​ក៏​បាន​បិទ​ព្រំដែន​ហើយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​ នៅ​ថៃ​ក៏​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅឡើយ​។ «​ជារួម ថៃ​បាន​ដាក់​ប្រទេស​ស្ថិត​ក្នុង​គ្រាអាសន្ន​។ ដូច្នេះ​ផ្នែក​ជាច្រើន​ត្រូវ​បាន​បិទ​។ អ៊ីចឹង​ហើយ​កម្មករ​គឺ​មិន​អាច​វិលត្រឡប់​ទៅវិញ​»​។

លោក​លើក​ឡើង​ថា​កិច្ចប្រជុំ​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​នេះ​ក៏​មាន​ការចូលរួម​ពី​មន្ដ្រី​នៃ​អង្គការ​សហប្រជាជាតិ​ដោយ​បាន​គូសបញ្ជាក់​អំពី​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​។ ក្រៅពី​នេះ​កិច្ចប្រជុំ​ក៏​មិនមែន​តែ​សម្រាប់តែ​ពលករ​ទេសន្តប្រវេសន៍​នោះទេ​គឺ​សម្រាប់​សង្គម​របស់​កម្ពុជា​រួម​ផងដែរ​។

លោក ស ខេង បញ្ជាក់​ថា​៖ «​កន្លងទៅ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​គឺ​បាន​ដាក់ចេញ​នូវ​គោលការណ៍ វិធានការ​នានា​ជា​បន្តបន្ទាប់ ហើយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក៏បាន​ដាក់ចេញ​នូវ​គោលការណ៍ វិធានការណ៍​ជាក់ស្ដែង​ជា​បន្តបន្ទាប់​ផងដែរ​។ ក្រសួង​សុខាភិបាល​ក៏​បាន​នាំមុខ​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩​នេះ​ដោយ​មាន​ការព្យាបាល​ជំងឺ​នេះ​»​។

ចំណែក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បាន​ចេញ​នូវ​សេចក្ដី​សម្រេច​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​ទាក់ទង​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច សង្គម​។ «​យើង​ឃើញថា យន្តការ​នានា​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​ក៏​បាន​ដំណើរការ​បើទោះបី​ថា​កន្លែង​ខ្លះ​មិនទាន់​បាន​ដំណើរការ​បានល្អ ប៉ុន្ដែ​ជាទូទៅ​គឺ​បាន​ដំណើរការ​»​។

បើ​តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​កិច្ចប្រជុំ​នេះ​ក៏​ដើម្បី​ពិនិត្យ​លទ្ធភាព ក្នុង​ការឆ្លើយតប​ទៅ​នឹង​តម្រូវការ​រយៈពេល​ខ្លី មធ្យម និង​វែង​របស់​ពលករ​ចំណាកស្រុក​ក្នុង​ស្ថានភាព​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ពាក់ព័ន្ធ​ការងារ​អន្តរក្រសួង និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ.ជ.ប.ជ​)​។

ក្រសួង​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដោយ​ផ្តោតលើ​បញ្ហា​ប្រឈម​ជាក់លាក់​ក្នុង​ការគ្រប់គ្រង​ហានិភ័យ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ជាពិសេស​ពលករ​ចំណាកស្រុក​ដែល​ទើប​វិលត្រឡប់​មកវិញ​ទៅ​កាន់​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​។ កិច្ចប្រជុំ​នេះ​ក៏​ជួយ​ឱ្យ​យើង​រៀបចំ​វិធានការ​ក្នុង​ការទប់ស្កាត់ ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍ ជាពិសេស​ផ្តោត​លើ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​»​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នេះដែរ​ថា ពលរដ្ឋ​ដែល​ទើប​ត្រឡប់​មកពី​ចំណាកស្រុក​វិញ ក៏បាន​ក្លាយ​ជា​បន្ទុក​គ្រួសារ​ក្នុងស្រុក និង​មិនអាច​ត្រឡប់​ទៅ​ប្រទេស​គោលដៅ​វិញ​បាន​ឆាប់ៗ​នោះទេ​។ ពោលគឺ​ត្រូវ​រង់ចាំ​ដល់​បញ្ហា​កូវីដ​១៩​នេះ​ចប់​ជា​ស្ថាពរ​។

លោកស្រី​បន្តថា​៖ «​អាស្រ័យ​ហេតុនេះ​ដោយ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​មាន​ការប្រែប្រួល​នឹង​អាច​ជះឥទ្ធិពល​ក្នុង​រយៈពេល​វែង​បែបនេះ គ.ជ.ប.ជ និង​គ្រួសារ អង្គការ​សហប្រជាជាតិ​ផ្នែក​ការងារ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ពលករ រិះរក​វិធានការ​ដែល​ត្រូវ​ឆ្លើយតប​បន្ទាន់ និង​ប៉ាន់ប្រមាណ​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ​ ១៩​ នេះ ​ដែល​អាច​ក្លាយ​ទៅ​ជា​អសន្តិសុខ​សង្គម​»​។

លោកស្រី ប៉ូលីន តាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះដែរ​ថា WHO គឺ​បាន​ផ្តល់នូវ​ទិសដៅ​ជា​យុទ្ធសាស្ដ្រ​ការបន្ត​ប៉ាន់​ប្រមាណ​ដំបូន្មាន បច្ចេកទេស និង​កិច្ចគាំទ្រ​ផ្នែក​ប្រតិបត្ដិការ​ដល់​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សុខាភិបាល​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ជំងឺ​កូវីដ​១៩​នេះ​។

លោកស្រី​ថ្លែងថា​៖ «​យើង​រីករាយ​ចំពោះ​រដ្ឋាភិបាល​ដែល​បានផ្ដល់​ការព្យាបាល​ទៅដល់​អ្នកជំងឺ​កូវីដ​ ១៩​ ទាំងអស់​ដោយ​មិន​យក​កម្រៃ​។ ចំណុច​នេះ​កាន់តែ​អាច​ធានា​បាន​ថា ប្រទេស​ កម្ពុជា​ ពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​នេះ​អាច​ទទួល​បាន​នូវ​ការថែទាំ​។ មានន័យថា គឺ​យើង​ត្រូវ​រក​វិធី​ប្រកបដោយ​នវានុវត្ដន៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការរីករាលដាល​ជំងឺ​កូវីដ​១៩​នេះ​»​។

លោកស្រី​បន្តថា​៖ «​យើង​នឹង​បន្ដធ្វើ​សកម្មភាព​រួម​គ្នា​ដោយ​សាមគ្គីភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការទប់ស្កាត់​ករណី​ការរីក​រាលដាល​កូវីដ ​១៩ ​នេះ​។ រួម​កម្លាំង​គ្នា​គឺ​យើង​អាច​ឈ្នះ​នូវ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​នេះ​។ ការឆ្លង​រាតត្បាត​ជា​សកល​នៃ​ជំងឺ​នេះ​បាន​បង្រៀន​យើង​នូវ​មេរៀន​មួយ​គឺ​វិនិយោគ​ទៅលើ​សុខភាព និង​ការត្រៀម​ទប់ទល់​ទៅ​នឹង​ការឆ្លង​រីក​រាលដាល​វា​ជាការ​វិនិយោគ​ទៅលើ​ការអភិវឌ្ឍ​សង្គម និង​សន្ដិសុខ​មនុស្ស​»៕