ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​ ៣ ​ថ្ងៃ (​ពីថ្ងៃ​ទី​ ៤ ដល់​ថ្ងៃទី​ ៦ ខែ​មីនា ឆ្នាំ​ ២០២០) នៅ​រដ្ឋធានី​វៀងចន្ទន៍​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ នេះ​បើ​យោង​សេចក្ដី​​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​។

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​នេះ​លោក ស ខេង នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​វាយតម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​កំណត់ហេតុ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​ ២០១៩ និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​ ២០២០ រវាង​ក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការអនុវត្ត​យន្តការ​សហប្រតិបត្តិការ​ទ្វេភាគី​ប្រចាំឆ្នាំ​ក្នុង​គោលដៅ​បន្ត​លើកកម្ពស់​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៃ​ប្រទេស​ទាំង​ ២​។

លោក ស ខេង ក៏​នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ថងលុន ស៊ីសូលីត ផងដែរ​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នាពេល​កន្លង​មក​នេះ​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជាច្រើន​សម្រាប់​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​សង្គម​រវាង​ប្រទេស​ជិតខាង​ជា​មិត្ត​បាន​ល្អ​គឺ​ពិតជា​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​។

លោក​បាន​ថ្លែងថា​៖ «​យើង​មាន​សុទិដ្ឋិនិយម និង​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​កិច្ចប្រជុំ និង​ជំនួប​ពិភាក្សា​ការងារ​សំខាន់ៗ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​នេះ​នឹង​នាំមក​នូវ​ការរឹតចំណង​សាមគ្គីភាព​ដ៏រឹងមាំ ជាពិសេស​ការពង្រឹង​កិច្ចសហប្រតិបត្តិ​ការរក្សា​សន្តិសុខ​សង្គម​នៃ​ប្រទេស​ទាំង​ ២ ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត​»​។ លោក​ ភា ថ្លែង​ថា​កន្លងមក​បទល្មើស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដូចជា​គ្រឿងញៀន​ឆ្លងដែន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ប្រទេស​ទាំង​ ២ រួម​សហការ​គ្នា​បង្ក្រាប​បាន​ច្រើន​ករណី​៕