ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំដល់គណៈកម្មការកំណែទម្រង់នគរបាលជាតិ ដែលទើបបង្កើតថ្មីៗនេះត្រូវបន្តយកចិត្តទុកដាក់ អនុវត្តការងារឱ្យមានប្រសិទ្ធភាព ដើម្បីតម្រង់ទិសនគរបាលឱ្យមានវិជ្ជាជីវៈ និងជំនាញ ខណៈលោកជំរុញឱ្យមានការកសាងប៉ុស្តិ៍នគរបាលឱ្យបានច្រើន ដើម្បីបង្ក្រាបបទល្មើសនានា។
ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កាលពីថ្ងៃទី ១៦ ខែកុម្ភៈ លោក ស ខេង បានថ្លែងថា កំណែទម្រង់នាពេលនេះ ដើម្បីតម្រង់ទិសនគរបាលរបស់យើងឱ្យមានវិជ្ជាជីវៈល្អ មានជំនាញ ស្មោះត្រង់នឹងការងារដើម្បីកសាងយុត្តិធម៌ក្នុងសង្គម។
លោកថា៖ «យើងបានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់រួចហើយ ការកែទម្រង់វាអត់មានទីបញ្ចប់ ទាំងរឿងឋានន្តរស័ក្ដិ កំណែទម្រង់ក្របខ័ណ្ឌ រឿងបណ្តុះបណ្តាលរឿងក្រមសីលធម៌វិជ្ជាជីវៈនគរបាល»។
លោកក៏បានណែនាំដល់មន្ត្រីនគរបាលឱ្យចៀសវាងការប្រព្រឹត្តកំហុសធ្ងន់ធ្ងរដូចទៅនឹងករណី លោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដែលត្រូវបានដកហូតឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ពាក់ព័ន្ធនឹងករណីសង្ស័យដោះលែងមេខ្យល់ ដែលនាំពលករទៅប្រទេសថៃខុសច្បាប់។ នេះជាករណីមួយនៃកំណែទម្រង់នគរបាលជាតិកម្ពុជា។
លោកបានបញ្ជាក់ថា៖ «បទពិសោធអធិការនគរបាលស្រុកកំរៀង ជាបទពិសោធមួយ គាត់ធ្វើការរំលោភលើវិជ្ជាជីវៈរបស់គាត់ រំលោភលើឋានានុក្រមដែលគាត់មិនខ្ចីរាយការណ៍ឱ្យអ្នកណា គាត់សម្រេចខ្លួនគាត់គឺខុស»។ នេះជាបទពិសោធមួយដែលនគរបាលទាំងអស់គ្នាត្រូវការសិក្សារៀនសូត្រ ហើយក៏ដូចជាកញ្ចក់សម្រាប់ទាំងអស់គ្នាឆ្លុះបញ្ចាំងផងដែរ។
លោកគូសបញ្ជាក់ថាការចូលបម្រើការជាប៉ូលិស ត្រូវមានលក្ខណសម្បត្តិ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនស្របតាមកំណែទម្រង់នគរបាលជាតិកម្ពុជា។ ឧទាហរណ៍ ប៉ូលិសត្រូវកាត់សក់ខ្លី ហើយកុំឱ្យដុះក្បាលពោះ។ ឧទាហរណ៍គាត់ ១, ៦៥ ម៉ែត្រ ទម្ងន់យ៉ាងច្រើនបំផុត ៧០ គីឡូក្រាម លើសពីនេះហៅថា ធាត់ ខុសច្បាប់ត្រូវទទួលពិន័យ ដកពិន្ទុ ដកស័ក្ដិ ជាដើម។
លោកបន្ថែមថា៖ «ចូលធ្វើប៉ូលិសត្រូវតែមានវិន័យ និងខុសពីប្រជាជនបើយើងជាប្រជាជនរឿងផ្សេងមួយទៀត តែបើយើងជាប៉ូលិសខុសគ្នាត្រង់ណាខ្លះ? ប្រជាជនអត់មានសិទ្ធិកាន់កាំភ្លើងទេសម្រាប់ច្បាប់ស្រុកយើង តែប៉ូលិសមានសិទ្ធិកាន់ ឬធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស»។
នៅក្នុងឱកាសនោះដែរលោក ស ខេង ក៏បានធ្វើការណែនាំដល់ស្នងការនគរបាលខេត្តត្រូវមានវិធានការយកចិត្តទុកដាក់កសាងប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាល និងឃុំ-សង្កាត់ និងកសាងអធិការដ្ឋាននគរបាលឱ្យទៅជាកម្លាំងមូលដ្ឋាន ដើម្បីបង្ក្រាបបទល្មើសក៏ដូចជាគ្រប់គ្រងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងស្រុក ភូមិ។
លោកថា៖ «បើកម្លាំងនេះ វារឹងមាំ គឺសន្តិសុខសម្រាប់ទូទាំងប្រទេសគឺមានហើយ តែបើមិនរឹងមាំមានការប៉ះពាល់ដល់សន្តិសុខទូទាំងប្រទេស។ ដូច្នេះហើយយើងត្រូវគិតថា ការបំពាក់សម្ភារ ការបណ្តុះបណ្តាល មធ្យោបាយធ្វើការការលើកទឹកចិត្ត ការដាក់ពិន័យ ធ្វើម៉េចក្នុងគោលដៅឱ្យអធិការនគរបាល ហើយនិងប៉ុស្តិ៍នគរបាលខ្លាំង»។
ជាមួយគ្នានេះលោក ស ខេង ក៏បានក្រើនរំឭកដល់ស្នងការនគរបាលរាជធានី-ខេត្ត ដែលទទួលរថយន្តត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងបំពេញតួនាទីភារកិច្ច ដើម្បីបម្រើផលប្រយោជន៍សាធារណៈ មិនមែនសម្រាប់បម្រើបុគ្គលណាមួយ ឬយកទៅប្រើប្រាស់សម្រាប់ដឹកទំនិញរត់ពន្ធឡើយ។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដែលឡើងទទួលសោរថយន្តក្នុងពិធីនោះបានថ្លែងថា លោកនឹងយករថយន្តនោះទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព សម្រាប់ផលប្រយោជន៍សាធារណៈ។ លោកថា លោក ស ខេង បានប្រគល់រថយន្តដល់អធិការដ្ឋាននគរបាលខេត្តកណ្តាលមាន ៤ ស្រុក (រថយន្ត ៤ គ្រឿង) គឺស្រុកអង្គស្នួល ស្រុកមុខកំពូល ស្រុកស្អាង និងស្រុកល្វាឯម។
លោកបញ្ជាក់ថា៖ «យើងនឹងយកឡាននេះ ដើម្បីទៅបម្រើដល់ការងារការពារសន្តិសុខសាធារណៈរបស់ប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង គ្រប់រូបភាពធ្វើយ៉ាងម៉េច ដើម្បីបម្រើដល់ការងារសន្តិសុខសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗនៃស្រុកទាំង ៤ នេះ»។
លើសពីនេះលោកនឹងខិតខំអនុវត្តកិច្ចការមន្ត្រីប៉ុស្តិ៍នគរបាលឡើងវិញបន្ថែមទៀតដើម្បីឈានដល់ការបម្រើសេវាដល់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុច ដែលរដ្ឋាភិបាលបានធ្វើការសម្រួលនាពេលថ្មីៗនេះ។
លោក ស ខេង ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ ធ្វើដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានបន្ថែមថា៖ «គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពត្រូវផ្តល់សេវាសាធារណៈឱ្យបានល្អ ដែលជាសេវាតម្រូវការចាំបាច់ដូចជាអត្តសញ្ញាណប័ណ្ណ ប្រជាជនគ្រប់រូបត្រូវមានតែអត់មានចុះឈ្មោះបោះឆ្នោតមិនកើត ចុះឈ្មោះចូលរៀនក៏មិនកើត ធ្វើលិខិតឆ្លងដែនក៏មិនកើត។ បង្កើតសមាគម អង្គការក្រៅរដ្ឋាភិបាល ត្រូវមានអត្តសញ្ញាណប័ណ្ណ៕
វីដេអូ៖