ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឲ្យ​ក្រុម​ជំនាញ​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ឲ្យ​បាន​រួចរាល់ ដើម្បី​ដាក់​ដំណើរការ​ការតភ្ជាប់​ទិន្នន័យ​រវាង​ប្រព័ន្ធ​ទិន្នន័យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម និង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ (CamDX) សម្រាប់​បម្រើ​ដល់​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (IT Platform)​។

ការណែនាំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​នៅ​អំឡុងពេល​លោក ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្ដាប់​របាយការណ៍​ស្ដីពី​ការបញ្ចូល​ការងារ​តភ្ជាប់​ទាញ​យក​ទិន្នន័យ​ទាំងនេះ​នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ដែល​មាន​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ចូលរួម​។

លោក ស ខេង បាន​ថ្លែង​យ៉ាងដូច្នេះ​ថា​៖ «​ការរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត គួរតែ​រៀបចំ​ជា​អនុក្រឹត្យ ព្រោះ​ការរៀបចំ​ប្រកាស​អន្តរក្រសួង​នឹង​នាំឱ្យ​មាន​ប្រកាស​ច្រើន ដោយសារ​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នឹង​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ទិន្នន័យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រដ្ឋ​ជាច្រើន​ទៀត​»​។

លោក​បន្ថែមថា ការគ្រប់គ្រង​នូវ​កម្មវិធី​នេះ​គឺ​គួរតែ​ធ្វើជា​សេចក្ដី​ព្រាង​អនុក្រឹត្យ ដើម្បី​ពង្រីក​វិសាលភាព អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល​ទាំងមូល​តែម្ដង​ស្រប​ពេល​ដែល​លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព​នៃ​ដំណើរ​ការភ្ជាប់​ទិន្នន័យ​រវាង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នេះ​។

ប្រព័ន្ធ CamDX គឺជា​ថ្នាល​សម្រាប់​ផ្លាស់ប្ដូរ​ទិន្នន័យ​មាន​លក្ខណៈ​ឯកភាវូបនីយកម្ម និង​យក​លំនាំ​តាម​កម្មវិធី​ស្តង់ដា​ដែល​ប្រទេស​អេស្តូនី​បាន​ប្រើប្រាស់​។ នេះ​បើ​តាម​បទបង្ហាញ​បន្ថែម​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ដែល​បង្ហោះ​លើ​គេហទំព័រ​ក្រសួង​មហាផ្ទៃ​។

តាមរយៈ​បទពិសោធ​ជោគជ័យ​របស់​អេស្តូនី​ក្នុង​ការរៀបចំ​រដ្ឋាភិបាល​បែប E-Government ការភ្ជាប់​ទិន្នន័យ​នេះ​មាន​ចំណុច​ពិសេស​ ៥ រួមមាន ការប្រើប្រាស់​ទម្រង់​ប្រព័ន្ធ​អេកូស៊ីស្ទេម​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ក្នុង​ការផ្លាស់ប្ដូរ​ទិន្នន័យ​មិន​ជ្រៀតជ្រែក​ការគ្រប់គ្រង​ទិន្នន័យ​របស់​ស្ថាប័ន​ម្ចាស់​ទិន្នន័យ​មាន​ប្រព័ន្ធ​តាមដាន​មើល​ការប្រើប្រាស់ តែ​មិនអាច​មើល​ខ្លឹមសារ​នៃ​ទិន្នន័យ និង​ការអនុលោម​តាម​គោលការណ៍​ផ្លាស់ប្ដូរ​ទិន្នន័យ​តាម​ទម្រង់ API​។ នេះ​បើតាម ក្រសួង​មហាផ្ទៃ​។

លោក កង សាខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​លើក​ឡើង​ក្នុង​អង្គប្រជុំ​នោះ​ថា ការភ្ជាប់​ទិន្នន័យ (CamDX) បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដាក់​សំណើ​មកកាន់​រដ្ឋាភិបាល ដើម្បី​ឲ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ទទួល​ការផ្ដល់​កិច្ចសហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ក្នុង​ការបង្កើត​ក្រុម​ការងារ​អន្តរក្រសួង ដោយ​មាន​ការចូលរួម​គាំទ្រ​ពី​ក្រុមហ៊ុន​ឯកជន​។

លោក បន្ត​ថា​មកដល់​ពេល​នេះ បន្ទាប់ពី​មាន​ការភ្ជាប់​ប្រព័ន្ធ​ទិន្នន័យ​ជាមួយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​មាន​ក្រុមហ៊ុន​ជាង ១០០ ​ហើយ​ដែល​ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច​ដាក់​សំណើ​ផ្ទៀងផ្ទាត់​​អត្តសញ្ញាណ​អ្នកស្នើសុំ​ចុះបញ្ជី​ក្រុមហ៊ុន​។

ប៉ុន្តែ​លោក​ថា នេះ​គ្រាន់តែ​ការអនុវត្ត​សាកល្បង​របស់​ក្រសួង​សេដ្ឋកិច្ច និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​តែប៉ុណ្ណោះ​ពោល​គឺ​មិនទាន់​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយសារ​តែ​ក្រុម​ការងារ​ត្រូវ​រៀបចំ​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​ជាមុនសិន​។

លោក​បញ្ជាក់​ថា ការទាញ​យក​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នេះ ក៏​មាន​ការ​តម្រឹម​ដែន​កំណត់​មួយ​ច្បាស់លាស់​ដែរ ដោយ​មិន​អាច​ប្រើប្រាស់​ឱ្យលើស​ពីអ្វី​ដែល​បាន​ឯកភាព​គ្នា​នោះ​ទេ ហើយ​រាល់​ការស្នើសុំ​ដែល​លើសពី​នេះ​គឺ​ត្រូវមាន​ការឆ្លងកាត់​ការពិភាក្សា​គ្នា​ជាមុនសិន​។

លោក​បន្តថា​៖ «​សុំឱ្យ​មាន​ការរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ក្នុង​កម្រិត​ណាមួយ ឬ​អាច​ជា​ប្រកាស​អន្តរក្រសួង​មុន​នឹង​ឈាន​ទៅ​ដាក់​ឱ្យ​ដំណើរការ ការភ្ជាប់​ទិន្នន័យ​នេះ និង​សំណើ​មួយចំនួន​ទៀត ដើម្បី​គាំទ្រ​ឱ្យ​ដំណើរ​ការភ្ជាប់​ទិន្នន័យ​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​»៕