ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ដែលមាន​ជនសង្ស័យ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ជាជាង​ដោះស្រាយ​បញ្ចប់​សំណុំរឿង​ដែល​មាន​ជនសង្ស័យ​នៅ​ក្រៅ​ឃុំ​ស្រាប់ ដោយ​លោក​បារម្ភ​ថា មិន​អាច​ដោះស្រាយ​នូវ​ភាព​ចង្អៀត​ណែន​នៅ​ពន្ធនាគារ​ដែល​ជា​កង្វល់​របស់​រដ្ឋាភិបាល​នោះទេ​។

លោក ស ខេង បាន​លើកឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថ្មី​នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​កាលពី​រសៀល​ថ្ងៃទី​ ១០ ម្សិលមិញ​ថា ការដោះស្រាយ​សំណុំ​រឿង​កកស្ទះ តែ​មនុស្ស​នៅ​ក្រៅ​ឃុំ ដូចជា​មិនទាន់​ប្រញាប់ប្រញាល់​នោះទេ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ការកកស្ទះ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​គឺ​ពិបាក​ក្នុង​ការដោះស្រាយ​ដែល​មាន​ភាពស្មុគស្មាញ​ខ្លាំង ជាពិសេស​គឺ​បញ្ហា​គ្រឿងញៀន ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គួរតែ​ពិចារណា​ក្នុង​ការដោះ​សំណុំ​រឿង​​កកស្ទះ ដែល​មាន​មនុស្ស​ជាប់ឃុំ​យ៉ាង​ណែន​តាន់តាប់​ក្នុង​ពន្ធនាគារ ហើយ​ទុក​បញ្ហា​នេះ​ជា​អាទិភាព និង​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​។

លោក ស ខេង បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការដោះស្រាយ​សំណុំរឿង​កកស្ទះ​នេះ​អាច​ជួយ​សម្រាល​ដល់​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដែរ​ឬ​ទេ​? អាហ្នឹង​មិន​ច្បាស់​ប៉ុន្មាន​ទេ ព្រោះ​អី​សំណុំ​រឿង​កកស្ទះ​មែន ជួន​អី​មនុស្ស​វា​នៅក្រៅ​ឃុំ​។ ដល់​ពេល​អ៊ីចឹង​ទៅ វា​មិន​ជួយ​អ្វី​បាន​ប៉ុន្មាន​ទេ​។ ដូច្នេះ​ខ្ញុំ​ក៏​បាន​រំឭក ឯកឧត្តម កើត រិទ្ធ ដែរ ក្នុង​ថ្ងៃ​មុន​ដែល​បាន​ជួបគ្នា​ថា ឲ្យ​យក​ចិត្តទុក​ដាក់ និង​ជំរុញ​រឿង​កកស្ទះ តែ​មនុស្ស​នៅ​ក្រៅ​ឃុំ ជា​រឿង​ម្យ៉ាង​។ ខ្ញុំ​ថា អាហ្នឹង​ក៏​កុំអាលសិន​ក៏​បាន​ដែរ​។ មក​គិត​សំណុំ​រឿង​កកស្ទះ​ដែល​មនុស្ស​នៅ​ជាប់ឃុំ​សិន គឺ​មាន​ប្រយោជន៍​»​។

ក្រៅពី​បង្ហាញ​ក្តីបារម្ភ​ចំពោះ​បញ្ហា​ប្រឈម​ធំ​បំផុត​ទៅ​នឹង​ការបន្ត​កើនឡើង​នៃ​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​លោក ស ខេង បាន​បង្ហាញ​ពី​ជំនឿ​ជឿជាក់​ទៅលើ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថា​អាច​ដោះស្រាយ​បញ្ហា​ការកកស្ទះ​សំណុំ​រឿង​ក្នុង​អំឡុងពេល​អនុវត្ត​យុទ្ធនាការ ដោះស្រាយ​សំណុំរឿង​កកស្ទះ​នេះ​បាន​ជោគជ័យ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​ឧបមាថា ពន្ធនាគារ​វា​ពេញ​ប៊ឹប​មក អាហ្នឹង​វា​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​ទេ ប្រសេចប្រសាច​ពេញ​ទឹក​ពេញ​ដី មិនដឹង​ដោះ​យ៉ាងម៉េច​ទេ​? មក​ចោរលួច​ចោរប្លន់​មក​បញ្ហា​ហើយ​។ ចៀស​មិន​ផុត​ទេ ការកសាង​មន្ទីរឃុំឃាំង​បន្ថែម​នោះ​។ យើង​មិន​ចង់​ទេ ឥឡូវ​យើង​មើល ៤ ​ម៉ឺន​នាក់​នៅក្នុង​ប្រជាជន​យើង ១៦ លាន​នាក់ នេះ​បើ​បន្ថែម​ទៀត​បាន​ន័យ​ថា ៥ ឬ​ដល់ ៦ ម៉ឺន​នាក់​។ បាន​ន័យថា កម្ពុជា​មាន​មនុស្ស​ប្រព្រឹត្ត​បទល្មើស​វា​ច្រើន តែ​បើ​យើង​មិន​ចាប់ គេ​ថា ប៉ូលិស​អន់​»​។

គួរ​រំឭក​ផងដែរ​ថា កាលពី​ខែ​ឧសភា ឆ្នាំ​ ២០២០ ក្រសួង​យុត្តិធម៌​បាន​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំ​រឿង​នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត​នានា​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ក្នុង​គោលបំណង​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​ភាពចង្អៀតណែន​នៃ​អ្នកជាប់ឃុំ​នៅតាម​ពន្ធនាគារ ព្រមទាំង​លើក​កម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ក្នុង​ការផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា យុទ្ធនាការ​នេះ​គឺ​ដោះស្រាយ​ការកកស្ទះ​ទាំង​សំណុំ​រឿង​​ព្រហ្មទណ្ឌ​មាន​ខ្លួន ឬ​គ្មាន​ខ្លួន ដែល​បាន​ន័យថា ដោះស្រាយ​​សំណុំ​រឿង​ទាំងអស់​ដែល​បាន​កកស្ទះ​យូរ ទោះ​ជា​កំពុង​មាន​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ឬ​​គ្មាន​ក៏ដោយ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​រូបនេះ​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​គោលដៅ​នៃ​យុទ្ធនាការ​គឺ​យើង​ដោះស្រាយ​ទាំងអស់ ដែល​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាំង​សំណុំរឿង​មានខ្លួន ឬ​គ្មាន​ខ្លួន​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ដដែល​នេះ​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ទី​១ ​គឺ​ការដោះស្រាយ​សំណុំរឿង​ដែល​មាន កកស្ទះ​ហ្នឹង មាន​ការថយចុះ ហើយ​តែ​កាលណា​សំណុំ​រឿង​កកស្ទះ​មាន​ថយចុះ ជាពិសេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​មាន​ខ្លួន​ហ្នឹង គឺ​អាច​ជួយ​ដោះស្រាយ​នូវ​ភាពចង្អៀតណែន​ហ្នឹង​ដែល​វា ជួយ​ ១ ​ផ្នែក​ដែរ​។ បាន​ន័យ​ថា អ្វី​ដែល​គាត់​លើកឡើង​គឺ​វា​ស្រប​ទៅ​យុទ្ធនាការ ដែល​យើង​កំពុង​តែ​ធ្វើ ហើយ​យើង​នឹង​ខិតខំ​បន្ថែម​ទៀត​»៕