ព្រៃវែងៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឲ្យនគរបាលយុត្តិធម៌ដែលបញ្ជូនសំណុំរឿងជនណាម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនទៅតុលាការដើម្បីចោទប្រកាន់សូមឲ្យបង្កកទ្រព្យសម្បត្តិពួកគេផងពីព្រោះវាអាចបម្រើឲ្យភេរវកម្មឧក្រិដ្ឋកម្មផ្សេងទៀត។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បែបនេះ បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ នៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃ ១៣ កក្កដា និងបន្ទាប់ពីកម្ពុជាបានរឹបអូសលុយខុសច្បាប់នាំចូលមកកម្ពុជានៅតាមច្រកអន្តរជាតិមានចំនួនរហូតដល់ទៅ ៧,៤ លានដុល្លារ។
លោកបានបញ្ជាក់ថា៖ «ការជួញដូរគ្រឿងញៀនជាមុខជំនួញ ១ ខុសច្បាប់ មិនមែនជាមុខជំនួញស្របច្បាប់ទេ (អ្នកជួញដូរគ្រឿងញៀន ពេលដែលបានលុយ) គឺគេហៅថាជាលុយកខ្វក់ ឬក៏លុយខ្មៅ។ អ៊ីចឹងហើយបានជាឥឡូវនេះ ខ្ញុំព្រះកុណា ខ្ញុំបានណែនាំឲ្យនគរបាលយុត្តិធម៌ ពេលធ្វើសំណុំរឿង បញ្ជូនទៅតុលាការសូមចោទប្រកាន់ជនណាម្នាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀនគឺសុំឲ្យបង្កកទ្រព្យសម្បត្តិរបស់អ្នកឯងមានប៉ុន្មាន អត់អាចធ្វើអីបានទេ។បង្កកតែម្ដង លុះត្រាតែដោះស្រាយទៅឃើញថា លុយហ្នឹងឬក៏ផ្ទះហ្នឹង ដីហ្នឹង មិនពាក់ព័ន្ធនឹងគ្រឿងញៀនបានឲ្យអ្នកឯងវិញ។ ប៉ុន្តែបើរកទៅឃើញគឺត្រូវរឹបអូស ពីព្រោះវាអាចទៅជាលុយបម្រើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗនេះដែលគេខ្លាច»។
លោកបានបន្ថែមថា ករណីជួញដូរគ្រឿងញៀនេះ បើបន្តទុកយូរៗទៅ ហើយមិនបានដោះស្រាយ អន្តរជាតិគេនឹងចាត់ទុកថា កម្ពុជាជាប្រទេសលាងលុយកខ្វក់តាមរយៈការរកស៊ីគ្រឿងញៀន ហើយលោកបានអះអាងថា៖ «បើកាលណាយើងជាប្រទេសលាងលុយហើយនោះ គេនឹងចាត់ចូលទៅក្នុងបញ្ជីខ្មៅ ហើយវាធ្វើឲ្យអន្តរាយដល់ប្រព័ន្ធធនាគារទាំងអស់។ រឿងនេះ មិនមែនជារឿងតូចតាចទេ វាជារឿងធំណាស់»។
លោកបញ្ជាក់ថា ការប្រើប្រាស់និងការជួញដូរគ្រឿងញៀនធ្វើឲ្យមានគ្រោះថ្នាក់ដល់សង្គម និងបាត់បង់ធនធានមនុស្សហើយអ្នកដែលងាយទទួលរងគ្រឿងញៀននេះគឺមានអាយុចន្លោះពី ១៥ ទៅ ៤០ ឆ្នាំ។
លោកបន្តថា ក្រសួងបានដាក់ផែនការលុបបំបាត់ការប្រើប្រាស់និងការចែកចាយគ្រឿងញៀននៅតាមរង្គសាលនិងកន្លែងកម្សាន្តនៅរាជធានីខេត្ត នានាដោយសារថា បញ្ហានេះអាចរីករាលដាលដល់បណ្តាតំបន់ជនបទនាំឲ្យមានបញ្ហាកាន់តែធំ។
លោកបញ្ជាក់ថា៖ «សូមមានការគាំទ្រនិងចូលរួមបានអាចធ្វើទៅបាន សមត្ថកិច្ចធ្វើម្នាក់ឯងមិនបានទេ សូមបងប្អូនប្រជាពលរដ្ឋចូលរួមផង អាណាព្យាបាល ឪពុកម្តាយ ហើយក្មួយៗទាំងអស់ លោកគ្រូ អ្នកគ្រូ អ្នកពាក់ព័ន្ធទាំងឡាយសូមមេត្តាជួយដល់សង្គមរបស់យើង កុំឲ្យសង្គមរបស់យើងវាទៅជាសង្គមដែលត្រួតត្រាដោយគ្រឿងញៀន»។
ឧត្តមសនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថាទ្រព្យសម្បត្តិ និងលុយដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននឹងត្រូវរឹបអូសជាមូលនិធិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រសិនបើសាលក្រមស្ថាពររបស់តុលាការរកឃើញថាទ្រព្យសម្បត្តិនិងលុយទាំងនោះបានមកពីការជួញគ្រឿងញៀន។
លោកបញ្ជាក់ថា៖ «បើសាលក្រមស្ថាពររកឃើញថា ទ្រព្យសម្បត្តិ និងលុយបានមកដោយសារគ្រឿងញៀនយើងត្រូវរឹបអូសហើយដាក់ចូលក្នុងមូលនិធិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយមូលនិធិនេះយើងយកមកធ្វើការងារច្រើនទី១ អាចទូទាត់សងសំណងបើមានការខូចខាតទៅលើជនរងគ្រោះណាមួយ។ ទី២ ប្រើដើម្បីលើកទឹកចិត្តមន្ត្រីអនុវត្តច្បាប់ដែលសកម្មការងារ ទី៣ ប្រើប្រាស់សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចជាការស៊ើបអង្កេត និងស្វែងរកបទល្មើសបន្ត ឬសាងសង់កន្លែងព្យាបាល»។
ជាមួយគ្នានេះ លោក យុទ្ធា ក៏បានលើកឡើងដែរថា បញ្ហាជួញដូរគ្រឿងញៀនបាន និងកំពុងបង្កបញ្ហាទូទាំងសកលោកនិងក្នុងតំបន់ ហើយចរន្តនេះបាន និងកំពុងកើនឡើង ខណៈប្រទេស កម្ពុជា ទទួលរងផលប៉ះពាល់តិចតួចពីឥទ្ធិពលនេះដោយសាររាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ទោះជាយ៉ាងណា លោក នាក់ យុទ្ធា មិនអាចបញ្ជាក់ថាមានទ្រព្យសម្បត្តិចំនួនប៉ុន្មានដែលត្រូវ បានបង្កកនិងរឹបអូសនោះទេ។ លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជាបានសម្តែងការគាំទ្រចំពោះចំណាត់ការដែលណែនាំ សុំឲ្យមានការបង្កកទ្រព្យសម្បត្តិអ្នកជួញគ្រឿងញៀន និងប្រើប្រាស់លុយនេះសម្រាប់ពង្រឹងការងារអនុវត្តច្បាប់របស់មន្ត្រី និងជួយដល់ការអប់រំផ្សព្វផ្សាយដល់មន្ត្រីមូលដ្ឋានក៏ដូចពលរដ្ឋ។
លោកបញ្ជាក់ថា៖ «វាល្អដែលយើងបង្កកទុកសិនរហូតដល់យើងស្រាវជ្រាវឃើញថា តើទ្រព្យសម្បត្តិសម្ភារនិងលុយទាំងនោះខុសច្បាប់ដែរឬទេហើយបើខុសច្បាប់យើងរឹបអូសទុក។ការអនុវត្តរបស់សម្តេចក្រឡាហោមគឺត្រឹមត្រូវ»។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងថា គិតចាប់ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៤ ខែ មិថុនា កន្លងទៅនេះ អ្នកពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ៧ ២៩៤ នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្នុងនោះអ្នកជួញដូរមានចំនួន ៣ ៩៧៣ នាក់ត្រូវបញ្ជូនទៅតុលាការ ខណៈអ្នកប្រើប្រាស់មានចំនួន ៣ ៣២១ នាក់ត្រូវអនុញ្ញាតឱ្យទៅទទួលសេវាបន្សាប៕