ភ្នំពេញៈ​ លោក​ឧបនា​យក​រ​ដ្ឋមន្ត្រី ស ខេង រដ្ឋ​មន្រ្ដី​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ បាន​​ណែ​នាំ​​ដល់​មន្រ្ដី​នគរ​បាល​ទាំ​ង​អស់​ពី ​​«ការ​គ្រប់​គ្រង​ប្រើ​ប្រាស់​ក្រប​ខ័ណ្ឌ​មន្រ្ដី​នគរបាល​ជាតិ ការ​គ្រប់​គ្រង​ប្រើ​ប្រាស់​អា​វុធ​ជាតិ​ផ្ទុះ» ដើម្បី​រក្សា​នូវ​សេច​ក្តី​ថ្លៃ​ថ្នូរ​ សីលធម៌​ វិជ្ជា​ជីវៈ ​ក្នុង​​ការ​អនុ​វត្ត​តួ​នាទី​ឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ និង​សុវត្ថិភាព​ដល់​ប្រទេស​ជាតិ​ និង​ពលរដ្ឋ។

លោក ស ខេង ​បាន​ណែ​នាំ​ដល់​អគ្គ​ស្នង​កា​រ​នគរ​បាល​ជាតិ ​និង​ស្នង​ការនគរ​បាល​រាជ​ធានី​-ខេត្ត​ ថា ​ការគ្រប់​គ្រង ​និង​ការ​ប្រើប្រាស់​អាវុធ​ត្រូវ ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការកំ​ណត់​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ។

លោក​បាន​បញ្ជាក់ថា៖ «​ការគ្រប់គ្រង​អាវុធ​ក្នុង​អង្គភាព​របស់​ខ្លួន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ហ្មត់ចត់ ​អំពី​បរិមាណ និង​គុណ​ភាព​ ហើយ​ត្រូវ​ធ្វើ​របាយការណ៍ ​ជា​ប្រចាំ​មក​អគ្គ​ស្នង​ការ​ដ្ឋាន​ន​គ​របាល​ជាតិ និង​ក្រ​សួង​មហា​ផ្ទៃ​តាម​ការ​កំណត់»។

ជា​មួយ​នេះដែ​រ​ លោក​បាន​ណែនាំដល់​គ្រប់​អង្គភាព​ ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការប្រើប្រាស់​កម្លាំង​នគរបាល​ដោយ​មិនត្រូវ​​យក​​ទៅ​បម្រើ​ការងារ​តាម​ក្រុមហ៊ុន រោង​ចក្រ សហ​គ្រាស​ឯកជ​នឬ​ជា​លក្ខណៈ​បុគ្គល​ឯក​ជន​ដោយ​គ្មា​នអនុញ្ញាត​ពី​ថ្នាក់ដឹ​កនាំឡើយ ជាពិសេស​ក្លិប​កម្សាន្ត ខារ៉ា​អូខេ និង​កាស៊ី​ណូ​ជា​ដើម។ចំពោះ​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​របស់​អង្គ​ភាព​ ​ជាពិ​សេស​ម៉ូតូ​បើក​ផ្លូវ ឬរ​ថយ​ន្ត​ស៊ី​រ៉ែន​​ លោក ស ខេង ​ក៏បានហាម​យកទៅ​ ​ហែហម​ក្រុម​ហ៊ុន​ឬ​បុគ្គល​ឯក​ជន​ ​ដោយ​ពុំមាន​ការអនុញ្ញាត​ពី​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ និង​ក្រសួង​មហាផ្ទៃ។

លោកថា​៖ «​ប្រធាន​​អង្គ​ភាព​គ្រប់​ឋា​នា​នុក្រម​ មាន​កាតព្វ​កិច្ច​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត តាម​ខ្លឹមសារ​នៃ​សេច​ក្តីណែនាំ​នេះ​ក្នុង​ករ​ណី​ប្រព្រឹត្ត​ផ្ទុយ​ ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះមុខ​ក្រសួង​មហា​ផ្ទៃ និង​ច្បាប់​ជា​ធរមាន»។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាល​ពីថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ក្រសួង​មហាផ្ទៃ​បាន​សង្កេត​ឃើញ​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ និង​ទទួល​បាន​មតិ​ពី​មហាជន​ជុំ​វិញ​បញ្ហា​ខាង​លើទើ​បក្រសួង​ណែនាំ​បន្ថែម​ដល់​មន្រ្ដី​ឲ្យ​អនុវត្ដ​តួនាទី​បាន​ត្រឹមត្រូវ។

លោក​​ថា​៖ «ពេល​ខ្លះ​អ្នក​ដែល​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ម៉ូតូ​ស៊ីរ៉ែនគ្រាន់​ជាអ្នក​វិនិយោគ​ទុន​ធម្មតា​ចុះ​ពីយន្ត​ហោះ​ ឃើញ​មាន​ម៉ូតូ​ស៊ីរ៉ែន​មក​ដល់​។ ដូច្នេះ​យើង​ឃើញ​មាន​បញ្ហា​បែប​នេះទើប​មាន​ការ​ណែនាំ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ឲ្យ​ការ​ប្រើ​ប្រាស់​ម៉ូតូ​ស៊ីរ៉ែន ឡានស៊ីរ៉ែនឲ្យ​ចំ​ទិស​ដៅត្រឹ​ម​ត្រូវ​តាម​ច្បាប់​។ មិនមែន​បុគ្គល​ណា​ពេល​ចុះ​មកពី​យន្ដ​ហោះ ទៅ​ចេញ​ស៊ីរ៉ែន​ឲ្យ ​ឬ​ក៏​មាន​អន្ត​រា​គមន៍​ពី​លោកនេះ​ លោក​នោះ អ្នក​ធំនេះ អ្នក​ធំនោះ គឺ​មិន​បាន​ដាច់​ខាត»។​

ដោយ​ឡែក ការ​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​វិញ លោក ខៀវ សុភ័គ បាន​ថ្លែង​ថា បញ្ហា​នេះ​ក្រសួង​ក៏បាន​សង្កេត​ឃើញ និង​ទទួល​ព័ត៌មាន​ពី​សា​ធារ​ណជន​ពីភាព​មិន​ត្រឹម​ត្រូវ​របស់​បុគ្គល​មួយ​ចំនួន​ផង​ដែរ ទើប​​មាន​ការ​រឹត​បន្តឹង​បន្ថែម​បែប​នេះ។

លោក​ថា​៖ «សូមអរគុណ​ដល់​បណ្ដាញ​សង្គម​ដែល​បាន​ផ្ដល់​ព័ត៌មានដល់​សមត្ថ​កិច្ច​មក​ទាន់​ពេល។យើង​ឃើញ​ថាអ្នក​ខ្លះ​ជាបុគ្គលដែល​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ប្រើ​កាំ​ភ្លើង​ ស្រាប់​តែ​មាន​សម្ញែង​កាំ​ភ្លើង​ដាក់​គ្នា​នៅ​កន្លែង​តុ​ផឹក​ស៊ី​ក៏មាន យើង​ឃើញ​មាន​តាម​រូបភាព​បែប​នេះ»។

លោក ខៀវ​ សុភ័គ បាន​អំពា​វនាវ​ដល់​​ពលរដ្ឋ​ផងដែ​រថា ប្រសិន​បើ​ឃើញ​ព័ត៌​មាន​​ជុំវិញ​ករ​ណីសម​ត្ថ​កិ​ច្ច​ប្រើ​ប្រាស់​អា​វុធ​ជាតិ​ផ្ទុះ​មិន​ត្រឹម​ត្រូវ សូម​ឲ្យ​ផ្ដិត​យក​រូប​ភាព និ​ង​ផ្ញើ​តាម​រយៈ​បណ្ដាញ​សង្គម​ទៅ​គេហទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ហ្វេស​ប៊ុកអា​ជ្ញាធរ​សមត្ថកិច្ច​ នោះ​នឹង​មាន​កិច្ច​អន្តរាគមន៍​ភ្លាមៗ​មិន​ខាន។

លោក​ គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា​នៃ​រាជប​ណ្ឌិត្យ​សភា​កម្ពុជា និង​ជាអ្នក​វិភាគ​ បាន​លើក​ឡើង​ថា កន្លង​មក​ក្រសួង​មហាផ្ទៃ​មាន​លិខិត​បទដ្ឋាន​ជា​ច្រើន​រួចហើយ​ជុំវិញ​ការ​ប្រើ​ប្រាស់និង​បម្រាមការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​បែប​​នេះ។ ចំណែក​សេចក្ដី​ណែនាំ​នេះ​គ្រាន់​តែជំរុញឲ្យសមត្ថ​កិច្ច​អនុវត្ដ​ច្បាប់​​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត​ប៉ុណ្ណោះ។

លោក​បាន​ថ្លែ​ង​ថា​៖ «យើង​មាន​ការណែនាំ​ច្រើន​ ប៉ុន្ដែវា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​។ យើង​សង្កេត​ឃើញថា នៅ​តែ​មាន​ការ​ប្រើ​ប្រាស់​អាវុធ បាញ់​បោះ​សេរី នៅតែ​មាន ការ​ប្រើ​ប្រាស់​មធ្យោបាយ​សា​ធា​រណៈ​ដូច​ជា ឡាន​ស្លាក​លេខនគ​របាលជាដើម​ យក​ទៅ​ប្រើ​ប្រាស់​ជា​ផល​ប្រយោ​ជន៍​ឯកជន​ ចំណែក​នគរ​បាល​ក៏​នៅ​តែ​ឃើញ​មាន​ទៅយាម​តាម​កន្លែង​កម្សាន្ដ ផ្ទះ​អ្នក​នេះ ផ្ទះ​អ្នក​នោះ​​ដែរ ឯ​ការ​អនុវត្ដ​ច្បាប់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ»។

លោក គិន ភា ចង់​ឲ្យ​​អនុវត្ដ​នីតិ​វិធី​ច្បាប់​​តឹង​រ៉ឹង​បន្ថែម​ដល់​សមត្ថ​កិច្ច​ណាដែល​អនុវត្ដ​ការងារ​ផ្ទុយ​ពី​និតី​វិធីច្បាប់ ដើម្បី​កសាង​ទំនុក​ចិត្ដ​ពី​មហា​ជន​ បើ​មិន​ដូច្នេះ​ទេនឹង​ធ្វើ​ឲ្យ​បាត់​បង់​ជំនឿ​លើ​សមត្ថកិច្ច​ពី​សំណាក់​ពលរដ្ឋ៕