ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប​) ​បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន​ គ.ជ.អ.ប ពិនិត្យ​និង​ពិភាក្សា​ឡើងវិញ​នូវ​អនុគណៈកម្មការ​របស់​ គ.ជ.អ.ប ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ការងារ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។

ការលើកឡើង​របស់​លោក ស ខេង នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​លោក​ធ្វើជា​អធិបតី​នៃ​កិច្ចប្រជុំ​លើក​ទី​ ១៨ ​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប) ​ពី​ម្សិលមិញ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ដោយ​មាន​របៀបវារៈ​ចំនួន​ ៤ គឺ​ ១- ​ការពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​ ១៧ របស់ គ.ជ.អ.ប​។ ២- ​ការពិនិត្យ​ពិភាក្សា​លើ​ការរៀបចំ​ឡើងវិញ​នូវ​អនុគណៈកម្មការ​នានា​របស់​ គ.ជ.អ.ប​។ ​ទី​៣- ​ការពិនិត្យ​ពិភាក្សា​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ក្របខ័ណ្ឌ​នៃ​រចនាសម្ព័ន្ធ​ថ្មី​របស់​ខ្លួន និង​ទី​៤- ​បញ្ហា​ផ្សេងៗ ។

លោក​បាន​បន្តថា បច្ចុប្បន្ន គ.ជ.អ.ប មាន​អនុគណៈកម្មការ​ចំនួន​ ៤ ដើម្បី​ដឹកនាំ​ការពិគ្រោះ​យោបល់​លើ​ការរៀបចំ​គោលនយោបាយ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​នានា​មុននឹង​ដាក់​ជូន​ គ.ជ.អ.ប ពិនិត្យ​ និង​សម្រេច​។ ​ប៉ុន្ដែ​កន្លងមក​អនុគណៈកម្មការ​ទាំងនេះ​ពុំ​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ដែល​បានកំណត់​ឲ្យ​បាន​សមស្រប​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ផ្អែក​តាម​ស្ថានភាព​ខាងលើ​នេះ​ខ្ញុំ​បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន គ.ជ.អ.ប សិក្សា និង​រៀបចំ​ជា​ជម្រើស​នានា​ក្នុង​ការរៀបចំ​យន្តការ​ទាំងនេះ​ឡើងវិញ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​របស់​រចនាសម្ព័ន្ធ​នានា​នៃ គ.ជ.អ.ប ក្នុង​ការដឹកនាំ​កិច្ចការ​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​»​។

បើតាម​លោក ស ខេង កន្លង​ទៅ​​នេះ​រាជរដ្ឋាភិបាល​បាន​កែសម្រួល​សមាសភាព គ.ជ.អ.ប ដោយ​មាន​បន្ថែម​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​មួយចំនួន​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​សម្របសម្រួល​កិច្ច​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។ ​ប៉ុន្តែ​លោក​ថា ការងារ​នេះ​ក៏​អាស្រ័យ​មួយ​ផ្នែក​លើ​ការរៀបចំ​នូវ​អនុគណៈកម្មការ និង​យន្តការ​នានា​ឱ្យមាន​ភាពរឹងមាំ​ផងដែរ​។

លោក ចាន់ សុធា អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​ គ.ជ.អ.ប ថ្លែង​ថា នៅ​ឆ្នាំ​ ២០២០ នេះ គិត​ត្រឹម​ខែ​ឧសភា​ដែលជា​ការកែសម្រួល​ចុងក្រោយ គឺ គ.ជ.អ.ប បាន​បន្ថែម​សមាសភាព​រហូត​ដល់​ ២៤ ​រូប​ដោយ​មាន​ក្រសួង​ស្ថាប័ន​ចំនួន​ ១៦ ​ជា​សមាជិក​។

លោក​ឲ្យ​ដឹងថា អនុគណៈកម្មការ​ទាំង​ចំនួន​ ៤ របស់ គ.ជ.អ.ប ត្រូវ​បាន​បង្កើតឡើង​តាម​អនុក្រឹត្យ​លេខ​ ២៤ ​ចុះ​ថ្ងៃទី​ ២៧ ខែ មករា​ ឆ្នាំ​ ២០០៩​។ ​ក្នុងនោះ​រួមមាន ទី​១- ​អនុគណៈកម្មការ​​សារពើពន្ធ និង​ហិរញ្ញវត្ថុ ទី​២- ​អនុគណៈកម្មការ​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទី​៣- ​អនុគណៈកម្មការ​ផែនការ​អភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ និង​ទី​៤- ​អនុគណៈកម្មការ​មុខងារ និង​ធនធាន​។

លោក​បាន​បញ្ជាក់ថា​៖ «​ផ្អែក​តាម​គោលការណ៍​ដឹកនាំ និង​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រឡាហោម លេខាធិការដ្ឋាន​ គ.ជ.អ.ប បាន​ធ្វើការ​សិក្សា​ និង​បាន​ស្នើសុំ​កែសម្រួល និង​បំពេញបន្ថែម​នូវ​អនុគណៈកម្មការ និង​ក្រុមការងារ​ គ.ជ.អ.ប ដោយ​ផ្អែកលើ​មូលហេតុ​ធំៗ​មួយ​ចំនួន​ដូចជា ការកែសម្រួល និង​ការបំពេញ​បន្ថែម​នូវ​សមាសភាព​នៅ​ក្រសួង​ស្ថាប័ន​ថ្មីៗ​មួយចំនួន​​ជា​សមាជិក​ គ.ជ.អ.ប, ​ផ្អែក​តាម​ការវិវត្ដ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដែល​កាន់តែ​មាន​ភាពស៊ីជម្រៅ ស្មុគស្មាញ ទំហំ​ការងារ​កាន់តែ​ច្រើនឡើងៗ ព្រមទាំង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដឹកនាំ ការសម្របសម្រួល និង​ការទទួល​ខុសត្រូវ​របស់​អនុគណៈកម្មការ​នីមួយៗ​របស់ គ.ជ.អ.ប​»​។

លោក​បាន​បន្ថែមថា ការសិក្សា និង​ស្នើសុំ​កែសម្រួល​ក៏ដូចជា​ការសុំ​បង្កើត​​ថ្មី​នូវ​អនុគណៈកម្មការ និង​ក្រុមការងារ​នោះ​រួមមាន ទី​១ ស្នើសុំ​កែសម្រួល​សមាសភាព​ថ្នាក់ដឹកនាំ​នៃ​អនុគណៈកម្មការ​ទាំង​ ៤ ​របស់​ គ.ជ.អ.ប​។ ទី​២ ​ស្នើសុំ​បង្កើត​បន្ថែម​នូវ​អនុគណៈ​កម្មការ​ចំនួន​ ១ ​គឺ​អនុគណៈកម្មការ​យុត្ដិធម៌ និង​ទី​៣ ​ស្នើសុំ​បង្កើត​ក្រុមការងារ​ ១ ​របស់ គ.ជ.អ.ប ​គឺ​ក្រុមការងារ​ក្រមសីលធម៌ និង​សវនកម្ម​រួម​នឹង​អនុគណៈកម្មការ​មួយ​ចំនួន​ទៀត​៕