ភ្នំពេញ៖​ លោក ​ស ​ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្រ្ដី​ក្រសួង​មហាផ្ទៃ​ បាន​ណែនាំ​ដល់​​មន្ត្រី​នៅ​គ្រប់​បណ្ដា​ អគ្គ.ជំនាញ​ពាក់ព័ន្ធ​នានា​ចំណុះ​​ក្រសួង​មហាផ្ទៃ រដ្ឋបាល​ និង​​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ដ ត្រូវ​​យក​ចិត្ដ​ទុក​ដាក់​តាម​ដាន​ និង​​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព​ និង​យុត្ដិធម៌​។

យោ​ងតាម​សេចក្ដី​ណែនាំ​ស្ដីពី​ «ការ​យក​ចិត្ដ​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ»​ ​របស់​លោក​ ស ខេង ​ដល់​គ្រប់​បណ្ដា​អគ្គ.​ជំនាញ​​ពាក់ព័ន្ធ​នានា​ ចំណុះ​ក្រសួង​ រដ្ឋបាល ​និង​​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ដ កាល​ពី​ថ្ងៃទី ២៣ ខែ​កញ្ញា ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រសួង​បាន​ទទួល​យក​ការ​ដោះស្រាយ​បណ្ដឹង សំណើ សំណូមពរ មតិយោបល់ ការ​ថ្នាំងថ្នាក់ ឬក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ តាមរយៈ​ការ​ដាក់​លិខិត​ចូល​មក​ក្រសួង​មហាផ្ទៃ គេហទំព័រ​ហ្វេសប៊ុក​របស់​ លោក ស ខេង និង​ការ​ដក​ស្រង់​សារព័ត៌មាន ​និង​​បណ្ដាញ​ទំនាក់ទំនង​សង្គម​​នានា​ ដើម្បី​បញ្ជូន​ទៅ​ឲ្យ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​​ចំណុះ​ក្រសួង ​និង​​រដ្ឋបាល​រាជធានី​-ខេត្ដ ធ្វើ​ការ​ដោះ​ស្រាយ​។

លោក​ ស ខេង ចាត់​ទុក​ថា​៖ «នេះ​ជា​វិធី​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​មួយ​ដ៏​សំខាន់។ ដោយ​ពិនិត្យ​ឃើញ​ថា ការ​ដោះស្រាយ​បញ្ហា​​ខាង​លើ​មួយ​​ចំនួន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​បាន​ឆ្លើយ​តប​ទាន់​ពេល​ជូន​ប្រជាពល​​រដ្ឋ និង​បញ្ហា​មួយ​ចំនួន​​ទៀត​មិន​ទាន់​ទទួល​បាន​លទ្ធផល​​នៅ​ឡើយ​»។​

លោក​បញ្ជាក់​ថា​៖​ «ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​ហើយ​ដោះ​ស្រាយ​ទៀត រហូត​ទទួល​បាន​លទ្ធផល​ចប់​ ឱ្យ​បាន​ត្រឹមត្រូវ​ប្រកប​ដោយ​តម្លាភាព ​និង​យុត្ដិធម៌ ​និង​ត្រូវ​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​ជូន​មក​ក្រសួង​មហាផ្ទៃ​វិញ ដើម្បី​ក្រសួង​មាន​វិធានការ​បន្ត​»។

ក្រុម​ការងារ​តាម​ដាន​អំពី​ការ​ដោះស្រាយ​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ​ស ខេង កាល​ពី​ថ្ងៃទី ១៤ ខែ​កញ្ញា ​បាន​បង្ហាញ​របាយការណ៍​បូក​សរុប​លទ្ធផល​ក្នុង​ខែ​កក្កដា និង​ខែ​សីហា ​​​ថា បាន​ទទួល​មតិយោបល់ និង​សំណូមពរ​របស់​មហាជន​ចំនួន​ ៣៣៧ ​ករណី​ ក្នុង​នោះ​បាន​ដោះស្រាយ​ចំនួន​ ៦៨ ​ករណី​ និង​កំពុង​ដោះស្រាយ​ចំនួន​ ១៨០ ​ករណី​។

លោក ​ជា​ សុគន្ធា ​ប្រធាន​ក្រុម​ការងារ​តាមដាន​អំពី​ការ​​ដោះស្រាយ​មតិយោបល់ ​ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ស ​ខេង ​បាន​​ប្រាប់​ភ្នំពេញ ​ប៉ុស្ដិ៍ ​កាល​ពី​ម្សិល​មិញ​ថា មតិ​យោបល់​ ឬ​បណ្ដឹង​​ដែល​មហាជន​បាន​ផ្ញើ​មក​ពី​តាម​បណ្ដា​​រាជធានី-​ខេត្ដ ភាគ​ច្រើន​ជា​ករណី​សន្ដិសុខ​សណ្ដាប់​ធ្នាប់​។ ប៉ុន្ដែ​ក៏​មាន​ករណី​បញ្ហា​វិវាទ​ដី​ធ្លី​មួយ​ចំនួន​ផង​ដែរ​។

លោក​​បញ្ជាក់​ថា​៖ «ការ​ណែនាំ​របស់​សម្ដេច​ក្រឡាហោម [ស ខេង] ទៅ​ដល់​បណ្ដា អគ្គ.ជំនាញ​ពាក់ព័ន្ធ​នានា​ចំណុះ​​ក្រសួង​ រដ្ឋបាល ​និង​ស្នងការដ្ឋាន​នគរបាល​​រាជធានី​-ខេត្ដ ដើម្បី​យក​ចិត្ដ​ទុក​ដាក់​ដោះ​ស្រាយ​បន្ថែម​ទៀត ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​បណ្ដឹង​មក​នោះ​ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​។ ការ​ណែនាំ​នេះ គឺ​សំដៅ​ដល់​បញ្ហា​រួម​ដែល​​ប្រជាពលរដ្ឋ​បាន​ដាក់​​បណ្ដឹង​មក​ក្រសួង​ទាំង​អស់​។ នេះ​ជាការ​យក​ចិត្ដ​ទុក​ដាក់​របស់​សម្ដេច​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ជូន​ពលរដ្ឋ​»។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ​សាទរ​ចំពោះ​ការ​ណែនាំ​​របស់​លោក ​ស ខេង នេះ​។ លោក​​បាន​ថ្លែង​ថា៖ ​«​យើង​សង្ឃឹម​ថា ក្រោយ​ពី​ការ​ចេញ​លិខិត​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​កំពុង​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ គួរ​តែ​មាន​ការ​ពន្លឿន និង​យក​ចិត្ដ​ទុក​ដាក់ តាម​ការ​ណែនាំ​របស់​​សម្ដេច​ក្រឡា​ហោម​នេះ​។ យើង​ក៏​ចាំមើល និង​តាមដាន​ផង​ដែរ​ថា តើ​ក្រោយ​​ពី​ការ​ណែនាំ​របស់​សម្ដេច​ក្រឡាហោម​បែប​នេះ​ហើយ នៅ​មាន​ការ​មិន​ពេញ​ចិត្ដ ចំពោះ​ការ​មិន​យក​ចិត្ដ​ទុក​ដាក់​ពី​មន្រ្ដី​អាជ្ញាធរ​ថ្នាក់​ក្រោម​នេះ ​ឬ​យ៉ាង​ណា​ទៀត​នោះ​បន្ថែម​ទៀត​»​។

លោក សាន សុខ​សីហា អ្នកនាំ​ពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​​ថ្លែង​ពីម្សិល​មិញ​ថា ស្នងការ​នគរបាល​រាជធានី​បាន​ទទួល​សេចក្ដី​ណែនាំ​របស់​ លោក ស ខេង រួច​ហើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​តែងតែ​បាន​អនុវត្ដ​ជា​ប្រចាំ​ ចំពោះ​ការ​ដោះ​ស្រាយ ​តាមដាន ​បណ្ដឹង មតិ​យោបល់ ​របស់​ប្រជា​ពលរដ្ឋ​នៅ​លើ​ហ្វេសប៊ុក​ថ្នាក់​នាំ​ជាន់​ខ្ពស់ និង​ហ្វេសប៊ុក​​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផ្ទាល់​ផង​ដែរ​​។

លោក​​បញ្ជាក់​ថា​៖ «ប្រជាពល​រដ្ឋ​តែងតែ​ដាក់​បណ្ដឹង និង​មាន​មតិយោបល់​ដោយ​ផ្ទាល់​មក​កាន់​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​យើង​ បាន​តាមដាន និង​ចុះ​ដោះស្រាយ​ផ្ទាល់​ជូន​ដល់​ប្រជាពលរដ្ឋ​ភ្លាមៗ ពិសេស​លើ​ករណី​សន្ដិសុខ​សណ្ដាប់​ធ្នាប់។ ដូច្នេះ​មិន​សូវ​ផ្ដល់​ការ​លំបាក​ដល់​ពលរដ្ឋ​ដាក់​បណ្ដឹង ឬមតិ​យោបល់​ផ្ទាល់​ដល់​ហ្វេសប៊ុក​ថ្នាក់​ដឹកនាំ​ទេ​»៕