
លោក ស ខេង នៅក្នុងពិធីមួយនៅក្រសួងមហាផ្ទៃកាលពីខែមុន។ រូបថត ហ៊ាន រង្សី
ភ្នំពេញ៖ លោក ស ខេង បានណែនាំឲ្យមន្ត្រីទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀន ខណៈដែលរដ្ឋាភិបាល បានប្រកាសអនុវត្តវិធានការក្តៅគគុកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅទូទាំងប្រទេសលើកទី ៥ នៅក្នុងឆ្នាំ ២០២០ នេះ។
នៅក្នុងសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីម្សិលមិញ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីបានណែនាំមន្ត្រីរដ្ឋាភិបាលទាំងអស់ត្រូវអនុវត្តតាមពាក្យស្លោក «បីកុំ មួយរាយការណ៍» ឱ្យបានម៉ឺងម៉ាត់ដែលកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង ហើយត្រូវរាយការណ៍ពីបទល្មើសពាក់ព័ន្ធគ្រឿងញៀន។
លោកក៏បានឱ្យសមត្ថកិច្ចត្រូវចុះបង្ក្រាបនៅពេលដែលប្រជាពលរដ្ឋបានរាយការណ៍អំពីករណីបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកថា៖ «ពាក្យស្លោកនេះមាន «កុំពាក់ព័ន្ធ» គឺមានន័យថា មិនរកស៊ីមុខរបរគ្រឿងញៀន កុំជួញដូរ ហើយកុំប្រើប្រាស់។ «កុំអន្តរាគមន៍» បានន័យថា ខ្លួនមិនពាក់ព័ន្ធទេតែអន្តរាគមន៍ទៅសមត្ថកិច្ចនៅពេលមានមិត្តភក្ដិ ឬសាច់ញាតិបានពាក់ព័ន្ធ»។ លោកលើកឡើងទៀតថា «កុំលើកលែង» គឺមិនត្រូវលើកលែង ដែលត្រូវតែធ្វើទៅតាមច្បាប់ ហើយ ១ រាយការណ៍ គឺត្រូវផ្ដល់ព័ត៌មានដល់សមត្ថកិច្ច អំពីទីតាំងផលិតចែកចាយ និងមុខសញ្ញាដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន»។ សន្និបាតនេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រី ប្រធានស្ថាប័ន មន្ត្រីអង្គភាពដែលពាក់ព័ន្ធ លើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មកពីរាជធានីខេត្ត និងមន្ត្រីតុលាការប្រមាណជិត ៦០០ នាក់។
ពាក់ព័ន្ធនឹងគ្រឿងញៀននេះរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយចុះថ្ងៃទី ១៣ ខែមីនា ស្ដីពីផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានពីម្សិលមិញបានលើកឡើងថា បច្ចុប្បន្ននិន្នាការនៃការផលិតការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់ និងពិភពលោក នៅតែមានកំណើន និងនៅតែបន្តជះឥទ្ធិពលគ្រោះថ្នាក់ដល់កម្ពុជាជាពិសេសការលេចចេញរូបភាព និងទ្រង់ទ្រាយថ្មីៗ នៃការលួចនាំចូលសារធាតុញៀនមកកម្ពុជាដូចជាតាមច្រកព្រំដែនព្រលានយន្តហោះ និងតាមបញ្ញើប្រៃសណីយ៍។
សេចក្ដីប្រកាសសរសេរថា៖ «ដើម្បីដោះស្រាយបញ្ហាទាំងនេះ គឺទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យកាន់តែសកម្ម និងក្ដៅគគុកបន្ថែមទៀត។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលសម្រេចបន្តដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី ៥ រយៈពេល ១ ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០»។
រដ្ឋាភិបាលបញ្ជាក់ថា យុទ្ធនាការដែលត្រូវអនុវត្តនោះ ដូចជាការអប់រំ និងផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ គ្រោះថ្នាក់ និងផលអវិជ្ជមានដែលបណ្ដាលមកពីគ្រឿងញៀនទៅដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ការកៀរគរវិស័យឯកជន និងសប្បុរសជនឲ្យចូលរួមទាំងសកម្មភាព និងមូលនិធិ ដើម្បីគាំទ្រចលនាជាតិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ការជំរុញសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីបង្ក្រាបឱ្យបានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនតាមក្លិបកម្សាន្ត ទីតាំងលួចលាក់ និងកែច្នៃ និងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់ គ្មានការយោគយល់ និងលើកលែងដើម្បីបង្រួមទីផ្សារជួញដូរ និងប្រើប្រាស់ខុសច្បាប់។
ការចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែនជាមួយប្រទេសជិតខាង ការពន្លឿននីតិវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលបានរឹបអូស និងបង្កក ដើម្បីយកមកប្រើប្រាស់ដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ការស្រាវជ្រាវនូវបណ្ដាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដើម្បីបង្ក្រាបឱ្យដល់ ឫសគល់។
បន្ថែមពីនេះ ត្រូវពង្រីកសេវាបន្សាបព្យាបាលដោយផ្អែកលើសហគមន៍នៅតាមឃុំ-សង្កាត់គោលដៅអាទិភាព និងជំរុញការងារសាងសង់មជ្ឈមណ្ឌលជាតិផ្ដល់សេវាព្យាបាលដោយស័្មគ្រចិត្ត និងការបន្តកសាងមណ្ឌលបណ្ដោះអាសន្នសម្រាប់ព្យាបាល និងស្ដារនីតិសម្បទាតាមរាជធានី-ខេត្ត។
ក្រៅពីនេះ ត្រូវបង្កើតយន្តការតាមដាន មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញ ដើម្បីគ្រប់គ្រងកុំឱ្យពួកគេវិលត្រឡប់មកប្រើប្រាស់គ្រឿងញៀនវិញ។
ការដាក់ចេញនូវវិធានការទាំងនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងឆ្នាំ ២០១៩ គឺកាន់តែមានប្រសិទ្ធភាពជាងមុន និងបានជួយបង្រួមទីផ្សារចរាចរគ្រឿងញៀន និងជួយធ្វើឱ្យថយចុះ នូវបទល្មើសព្រហ្មទណ្ឌមួយចំនួនដូចជាបទល្មើសប្លន់ រំលោភសម្លាប់ និងឆក់នៅតាមទីសាធារណៈជាដើម។ ក្នុងឆ្នាំ ២០១៩ បទល្មើសគ្រឿងញៀនសរុប ដែលត្រូវបានបង្ក្រាបមានចំនួន ៩ ៨០៦ ករណី កើនឡើងជាង ២២ ភាគរយ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០ ៤៩០ នាក់ កើនឡើង ២៤ ភាគរយ គ្រឿងញៀនចាប់បានចំនួន ៧៥០ គីឡូ កើនឡើងជិត ៣៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
រដ្ឋាភិបាលកត់សម្គាល់ឃើញថា បច្ចុប្បន្នកំពុងមានការកើនឡើងខ្លាំងនូវការចរាចរគ្រឿងញៀន មេតំហ្វេតាមីន ចេញពីតំបន់ត្រីកោណមាស ឆ្លងកាត់ប្រទេសក្នុងមហាអនុតំបន់មេគង្គទៅកាន់ប្រទេសដែលមានតម្រូវការខ្លាំង និងទីផ្សារប្រើប្រាស់ខ្ពស់។
កាលពីឆ្នាំ ២០១៩ ប្រទេសទាំង ៦ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គបានឯកភាពគ្នា ដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់ក្នុងការទប់ស្កាត់ និងបង្ក្រាបការចរាចរគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស៕