ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តបន្តរៀបចំវេទិកាសាធារណៈជាធម្មតា តែត្រូវកម្រិតចំនួនតំណាងអ្នកចូលរួមក្នុង ១ លើកៗមិនឲ្យលើសពី ៥០ នាក់ ដើម្បីលើកកម្ពស់ការឆ្លើយតបដល់តម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈជំងឺកូវីដ ១៩ នៅបន្តរាតត្បាតនៅឡើយ។
ក្នុងលិខិតទៅកាន់អភិបាលរាជធានី-ខេត្តចុះថ្ងៃទី ១៥ មិថុនា លោក ស ខេង ថ្លែងថា៖ «ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមមូលដ្ឋាននីមួយៗជាធម្មតា ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី -ខេត្តក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
លោកថា៖ «ចំពោះសមាសភាពចូលរួមវេទិកានេះត្រូវរៀបចំតាមរូបភាពតូចៗ ដោយកំណត់តំណាងអ្នកចូលរួមមួយលើកៗមិនលើលពី ៥០ នាក់ និងត្រូវអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់»។
លោក ស ខេង ក៏ណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវមានការពិនិត្យកម្តៅ មានទឹកអាល់កុល ឬជែលសម្រាប់លាងដៃ រៀបចំឱ្យមានការពាក់ម៉ាស់ ឬប្រើក្រមា កន្សែង រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។ លោកក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវអញ្ជើញតំណាងពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងតំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យចូលរួមក្នុងវេទិកានេះផងដែរ។
លោកថ្លែងថា ជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកិច្ចដំណើរការគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ជំងឺនេះបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរៀបចំកិច្ចប្រជុំ និងវេទិកាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការចូលរួមរបស់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីដោះស្រាយបញ្ហា និងឆ្លើយតបតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា តាមរយៈវេទិកានេះ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ អាចប្រមូលបញ្ហាប្រឈមធំៗនៅមូលដ្ឋានជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងអំឡុងជំងឺកូវីដ ១៩ ដើម្បីធ្វើការឆ្លើយតប ថ្វីដ្បិតរដ្ឋាភិបាលបានធ្វើអន្តរាគមន៍ហើយក៏ដោយ។ «ទាំងរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យើងប្រឹងប្រែងយ៉ាងម៉េចដើម្បីដោះស្រាយផលប៉ះពាល់នានាពីជំងឺកូវីដ-១៩»។ លោកបន្ថែមថា៖ «យើងរាយការណ៍ឱ្យប្រជាជនអ៊ីចឹងហើយ យើងប្រមូលធាតុចូលពីប្រជាជនត្រឡប់មកវិញ ហើយនិងសំណើសំណូមពរផ្សេងៗ»។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយថ្លែងពីថ្ងៃចន្ទថាវាគឺជាការល្អប្រសិនបើវេទិកាសាធារណៈ ធ្វើឡើងដោយគិតពីគុណភាព និងមានការជ្រើសរើសអ្នកចូលរួមដែលមានបញ្ហាពិតប្រាកដ។ វាក៏ជាការល្អដែរប្រសិនបើអ្នកចូលរួមដែលកំណត់ចំនួនមិនឱ្យលើស ៥០ នាក់នេះ មានឱកាសបានជជែកគ្នាអំពីបញ្ហារបស់ពួកគេ។ លោកថា បញ្ហាខ្លះអាចត្រូវឆ្លើយតបភ្លាមៗនៅនឹងវេទិកាបាន រីឯបញ្ហាខ្លះទៀតត្រូវការឆ្លើយតបបែបជាប្រព័ន្ធ ដែលអាចដាក់បញ្ចូលទៅក្នុងផែនការវិនិយោគ៕