ភ្នំ​ព​ញៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោ​ក ស ខេង បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ពាក់ព័ន្ធ​នឹង​ការ​លាប​ពណ៌​ក្រុម​អង្គការ​សង្គម​ស៊ីវិល ថា ជា​បក្ស​ប្រឆាំង​ឬ​ចូលរួម​ចលនា​បដិវត្តន៍​ពណ៌​នោះ​ទេ ដោយ​អះអាង​ថា ការ​លើក​ឡើង​នា​ពេល​កន្លង​មក គឺជា​រឿង​បុគ្គល ហើយ​ថា លោក​គាំទ្រ ១០០ ភាគរយ ក្នុងការបញ្ឈប់​ការ​ចោទ​ប្រកាន់​គ្នា​នេះ។

លោក​ថ្លែង​បដិសេធ​បែបនេះ ឆ្លើយតប​នឹង​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ស្នើ​មក​កាន់​រដ្ឋាភិបាល ឲ្យ​លុប​ចោល​នូវ​ការ​លាប​ពណ៌​លើ​អង្គការ​សង្គម​ស៊ីវិល​ដែល​កាល​ពី មុន​បោះ​ឆ្នោត​ជាតិ ឆ្នាំ ២០១៨ ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ចេញ​ផ្សាយ​សៀវភៅ «ស» ដោយ​ចោទ​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០០ បាន​ចូលរួម​ក្នុង​បដិវត្តន៍​ពណ៌ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ បន្ទាប់​មក មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ក៏​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ថា ពួកគេ​ជា​ក្រុម​ប្រឆាំង។

ឆ្លើយតប​ទៅ​ក្រុមអ្នកកាសែត​យ៉ាងខ្លី​ក្រោយ​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ក្នុង​ជំនួប​លើក​ទី ២ ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ពី​ម្សិលមិញ លោក​ ស ខេង បាន​ថ្លែង​ថា ការ​លើក​ឡើង​នានា​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​កន្លង​មក​គឺជា «រឿង​បុគ្គល»។

លោក​សង្កត់​បន្ថែម​ថា៖ «អាហ្នឹង​គ្មាន​អ្នក​ណា​លាប​ពណ៌​គាត់​ទេ តែ​គាត់​ចូលរួម គឺជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ»។

លោ​ក ស ខេង បាន​ថ្លែង​ចំពោះមុខ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ២០០ ស្ថាប័ន​ថា ខ្លួន​គាំទ្រ ១០០ ភាគរយ​ចំពោះ​ការ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​នេះ។

លោក​បញ្ជាក់ថា៖ «រាជ​រដ្ឋាភិ​បាល​មិន [បាន​ចោទ] ដែរ ក្រែង​អង្គការ​សង្គម​ស៊ីវិល​មួយៗ ម្នាក់ៗ​នោះ គាត់​លាប​ពណ៌​ខ្លួន​គាត់ នេះ​ជា​រឿង​របស់​គាត់។ ចង់​និយាយ​ថា​ម៉េច បើ​គាត់​ធ្វើ​សកម្មភាព​ទៅ វា​ខុស​ពី​ច្បាប់ ហើយ​ដល់​គេ​ធ្វើ​តាម​ច្បាប់​ទៅ គាត់​ថា​គេ​លាប​ពណ៌ អាហ្នឹង​ក្រែង​វា​មិន​ត្រូវ។ ខ្ញុំ​គាំទ្រ​បើ​សិន​ជា​អង្គការ​មួយ​ដែល​សកម្ម ធ្វើ​ការងារ​ដើម្បី​សង្គម ដើម្បី​ជាតិ ទោះបី​ធ្វើ​ក្នុង​វិស័យ​ណា​ក៏ដោយ វិស័យ​តស៊ូ​មតិ សិទ្ធិ​មនុស្ស​គេ​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់ អ្នក​ណា​ទៅ​លាប​ពណ៌ អ្នក​នោះ​ខុស អាហ្នឹង​យើង​និយាយ​ឲ្យ​ច្បាស់​ជាមួយ​គ្នា»។

លោក ស ខេង អះអាងថា រហូតមកដល់​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ក្រសួង​មហាផ្ទៃ មិន​ដែល​ទទួល​បាន​ពាក្យ​បណ្តឹង​ជាក់​លាក់​ណាមួយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​សុំ​អន្តរា​គមន៍​ពី​ការ​ចោទ​ប្រកាន់​ការ​លាប​ពណ៌​ទេ ខណៈ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​គួរ​មាន​ភាព​ជាក់​លាក់ ឬ​លិខិត​ជា​ផ្លូវ​ការ​ដាក់​មក​ក្រសួង បើ​មាន​ករណី​បែប​នេះ កុំ​ឲ្យ​ចេះ​តែ​លើក​ឡើង​ដោយ​គ្មាន​ភ័ស្តុតាង។

កញ្ញា​ស្រី សុធាវី នាយិកា​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ហៅ​កាត់​ថា ACT បាន​អះអាង​ថា នេះ​គឺជា​ក្តី​បារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ខណៈ​ពួកគេ​គ្រាន់​តែ​ធ្វើ​សកម្មភាព​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​សង្គម តែ​ត្រូវ​បាន​រឹត​ត្បឹត។ កញ្ញា បន្តថា ការ​ដែល​សង្គម​ស៊ីវិល លើក​បែប​នេះ​ព្រោះ​តែ​កន្លង​ទៅ សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើ​ការងារ​របស់​ខ្លួន ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ចោទ​ប្រកាន់។

កញ្ញា​ថា៖ «ព័ត៌មាន​ទាំងអស់​ហ្នឹង ត្រូវបាន​លើកឡើង​ដោយ​មន្ត្រី​រដ្ឋាភិបាល​ធ្វើការ​ចោទ​ប្រកាន់​មក​អង្គការ​សង្គម​ស៊ីវិល អ៊ឹចឹង​ហើយ បាន​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា មាន​ការ​លាប​ពណ៌ ដោយសារ​យើង​មើល​ឃើញ​ថា ប្រភព​ហ្នឹង​គឺ​ចេញ​ពី​ខ្សែ​បណ្តាញ​ពី​រដ្ឋាភិបាល»។

ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បានចាត់ទុក​អង្គការ​មិនមែន​រដ្ឋាភិបាល​ធំៗ​មួយ​ចំនួន​ជា​ក្រុម​ប្រឆាំង រួម​មាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អង្គការ​លីកាដូ អង្គ​ការខុម ហ្រ្វែល និង​និកហ្វិច​ជាដើម ថា​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌។

លោក សំ គ​ន្ធា​មី នាយកប្រតិបត្តិ​អង្គការ​និក​ហ្វិ​ច ដែល​ពុំមាន​វត្តមាន​ក្នុង​ជំនួប​នោះ បាន​អះអាង​ថា បន្ទាប់​ពី​អង្គការ​ខ្លួន​បាន​ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​ស ដែល​ចោទ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បដិវត្តន៍​ពណ៌ រាល់​សកម្មភាព​ដែល​ក្រុម​ការងារ​លោក​ត្រូវ​បំពេញ​ត្រូវ​បាន​រឹត​ត្បឹត។ លោក ចង់​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​បញ្ហា​ទាំង​នេះ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពួក​ខ្លួន​វិញ។

លោក​បញ្ជាក់ថា៖ «តាំងពី​និកហ្វិ​ច​មានឈ្មោះ​ក្នុង​សៀវភៅ «ស» ហ្នឹង ខ្ញុំ​ពិបាក​ធ្វើការ ហើយ​ក្រុម​ការងារ​របស់​ខ្ញុំ បាន​សុំ​ឈប់​អស់​នៅ​តាម​បណ្តា​ខេត្ត បន្ទាប់​ពី​ឃើញ​ព័ត៌មាន​នេះ។ ព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ​ទៅ​តាម​ថ្នាក់​ក្រោម​ជាតិ រួច​ហើយ​ពួកគាត់​បាន​លា​ឈប់ ព្រោះ​តែ​បារម្ភ យើង​ធ្វើការ​តាម​វិជ្ជាជីវៈ តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ»។

ប៉ុន្តែ បើតាម​លោក ស ខេង អះអាង​កាលពី​ម្សិលមិញ រហូតមកដល់​ពេល​នេះ គឺ​គ្មាន​អង្គការ​សង្គម​ស៊ីវិល​ណា ដែល​ក្រសួង​បាន​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នោះ​ទេ លើក​លែង​តែ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​ស្នើសុំ​លុប​ឈ្មោះ​ដោយ​ខ្លួន​ឯង។

លោក សឿង សារឿន នាយកប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិការដើម្បី​កម្ពុជា​ដែល​តំណាង​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ២០០ ស្ថាប័ន បាន​លើក​ឡើង​ថា នេះ​ជាការ​ពិត ដែល​ថា ក្រសួង​មហាផ្ទៃ​មិន​បាន​លាប​ពណ៌​មក​លើ​ក្រុម​សង្គម​ស៊ីវិល តែ​មាន​ស្ថាប័ន​រដ្ឋាភិបាល​ដទៃ​ទៀត​បាន​លើក​ឡើង​កន្លង​មក ទើប​ពួក​យើង​ស្នើ​ឲ្យ​ស្ថាប័ន​ទាំង​នោះ គួរ​បញ្ឈប់​ការ​លាប​ពណ៌​នេះ។

លោក​បញ្ជាក់ថា៖ «ឯកសារ​ដែល​ពាក់ព័ន្ធ (សៀវភៅ «ស») មាន​រួច​អស់​ហើយ តែ​មក​ដល់​ឥឡូវ​នេះ វា​គឺជា​រឿង​មួយ​ដែល​យើង​ត្រូវ​ជជែក​គ្នា​ថា តើ​គួរតែ​បន្ត និង​ប្រើប្រាស់​ឯកសារ​ហ្នឹង​ជា​យន្តការ​សម្រាប់​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត ឬ​យ៉ាង​ណា? ឬ​ត្រូវ​លុប​ចោល​ពី​របៀប​ដែល​យើង​ធ្វើការ​កាល​ពី​អតីត​កាល ហើយ​យើង​ស្វែងរក​វិធី​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ប្រទេស»។

បើតាម លោក សឿង សារឿន ក្រៅតែពី​ចង់​ឲ្យ​រដ្ឋាភិបាល​ឈប់​លាប​ពណ៌​មក​លើ​ពួកគេ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាង ៣០០ នោះ ក៏បាន​ឯកភាព​គ្នា ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ចំនួន ១២ ចំណុច ដើម្បី​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​អង្គការ​សមាគម ដែល​ក្នុង​នោះ​មាន​ដូចជា បញ្ហា​រឹត​ត្បិត​សេរីភាព​សង្គម​ស៊ីវិល ការ​ដាក់​បញ្ចូល​សង្គម​ស៊ីវិល​ចូល​ក្នុង​ការងារ​បច្ចេកទេស និង​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​អង្គការ​សមាគម​ជាដើម។

លោក ​ឱក សេរី​សោ​ភក្ដិ៍ អ្នកវិភាគ​បញ្ហា​សង្គម មើលឃើញថា ជាការ​ប្រសើរ​ណាស់​ដែល លោក ស ខេង ប្រកាស​ជា​សាធា​រណៈ រឿង​ការ​លាប​ពណ៌​នេះ ដែល​ជា​ការ​ដោះស្រាយ​មន្ទិល​សង្ស័យ​មួយ​ដល់​សាធា​រណ​ជន។

លោក​បន្ដថា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិន​ត្រឹមតែ​សង្គម​ស៊ីវិល​ប៉ុណ្ណោះ​ទេ ដែល​យល់​ឃើញ​អ៊ីចឹង សូម្បី​តែ​ខាង​សាធរ​ណ​ជន ក៏​យល់​ឃើញ​ដែរ ព្រោះ​កាលពី​ឆ្នាំ ២០១៧ ទាក់​ទង​ទៅ​នឹង​គណបក្ស និង​ចលនា​ថ្ងៃ​ចន្ទ​អាវ​ខ្មៅ ការ​ចោទ​សង្គម​ស៊ីវិល​អីហ្នឹង បាន​ធ្វើ​ឲ្យ​សា​ធារណ​ជន​យល់​ថា មាន​ការ​លាប​ពណ៌ ដូច្នេះ​ហើយ​ទើប លោក ស ខេង និយាយ​ជា​សាធា​រណៈ​ថា វា​អត់​មាន​ការ​លាប​ពណ៌។

លោក​បន្ថែមថា៖ «ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់បាន សម្ដេច​មាន​ប្រសាសន៍​ថា ជួន​កាល​មាន​សង្គម​ស៊ីវិល​ខ្លះ​បាន​ទៅ​ធ្វើ​កិច្ចការ ដែល​ខ្លួន​ឯង​មិនគួរ​ធ្វើ។ ព្រោះ​ពេល​ដែល​ខ្លួន​ឯង​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ​ហ្នឹង​គឺថា ត្រូវ​ធ្វើ​នេះ​ធ្វើ​នោះ​ជាដើម តែ​ដល់​ពេល​ទៅ​ធ្វើ​ជាក់​ស្ដែង​គឺ​មិន​បាន​ធ្វើ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ឯង​ចុះ​បញ្ជី​ជា​ផ្លូវការ ទៅ​ធ្វើ​​ខុស​ពី​អ្វី​ដែល​ជា​បេសក​កម្ម​របស់​ខ្លួន​ទៅ​វិញ»។

លោក​ ឱក សេរីសោ​ភ​កិ៍្ត បាន​បញ្ជាក់ថា៖ «ដូច្នេះហើយ​បាន​សម្ដេច​ ស ខេង មាន​ប្រសាសន៍​ថា លោក (សង្គម​ស៊ីវិល) ខ្លួន​ឯង​ហ្នឹង​លាប​ពណ៌​ខ្លួន​ឯង នៅ​ក្នុង​រឿងនេះ»៕