ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អតីតមន្ត្រី​នៃ​អតីតបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ធំ​ដែល​បាន​ជាប់​បម្រាម ហើយ​បាន​គោរព​សាលដីកា​តុលាការ​កំពូល​អាច​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​។ ទន្ទឹម​គ្នា​នោះ​ដែរ​ក៏​នឹង​ទទួល​យក​មក​សិក្សា​នូវ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ NGO និង​ស្វាគមន៍ វិទ្យុ VOA, RFA និង​កាសែត​ឌឹខេមបូឌាដេលី​។

នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ អំពើ​ធ្វើ​ទុក្ខ​បុកម្នេញ​ ឬ​ទណ្ឌកម្ម​ (​គ.ជ.ប.ទ​)​ ​និង​ការអនុវត្ត​បទដ្ឋាន សិទ្ធិ​មនុស្ស​អន្ដរជាតិ​នៅក្នុង​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​នៅ​ព្រឹក​ថ្ងៃទី​ ៤ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ដោយ​មាន​ការចូលរួម​ពី​តំណាង​របស់​អង្គការ​សហប្រជាជាតិ​លោក ស ខេង ថ្លែង​ថា មាន​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​តូច​មិន​បាន​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល​នោះ​ទេ​តែ​មួយ​ចំនួន​ធំ​បាន​គោរព​។

លោក ស ខេង ថា ដើម្បី​ផ្តល់​លទ្ធភាព​ដល់​អ្នក​គោរព​សាលដីកា​មាន​លទ្ធភាព​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដូច្នេះ​បាន​តំណាងរាស្ត្រ​មួយ​ចំនួន​បាន​ស្នើ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ​អាច​​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​បាន​។

លោក ស ខេង បាន​ថ្លែង​ថា​៖ «​នៅក្នុង​បម្រាម​នយោបាយ​ (​ចំនួន​)​ ១១៨ ​រូប​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មិន​គោរព​តាម​សាលក្រម​របស់​តុលាការ​កំពូល ហើយ​ចំនួន​ភាគច្រើន​គេ​គោរព​តាម​សាលក្រម​របស់​តុលាការ​កំពូល​តាម​ពិត​មួយ​ចំនួន​ធំ​គេ​គោរព យើង​ត្រូវ​ទទួល​ស្គាល់​ការពិត គឺ​ដើម្បី​ដកចេញ​នូវ​បម្រាម​ដែល​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​»​។

ការ​ថ្លែង​របស់​លោក ស ខេង នេះ​គឺ​ធ្វើ​ឡើង បន្ទាប់ពី​តំណាងរាស្ត្រ​ចំនួន ៨៧ រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តួចផ្តើម​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា ៤៥ ថ្មី (​ស្ទួន​) ដែល​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ​អាច​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​។

លោក​បាន​អះអាង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ពង្រឹង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ល្អ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​និង សង្គម និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន ហើយ​រដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​។ ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​តែ​គណបក្ស​នេះ​បាន​ធ្វើ​ខុស​ច្បាប់​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​គណបក្ស​ដែល​ត្រូវ​បាន​រលំរលាយ​គឺជា​លទ្ធផល​នៃ​សកម្មភាព​របស់​ខ្លួនឯង​ទេ​។ មិនមែន​ជា​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អ្នក​ផ្សេង​ទេ គឺជា​កំហុស​របស់​ខ្លួនឯង​ម្នាក់​ត្រូវ​មើល​កំហុស​ខ្លួនឯង មិនមែន​នៅ​ស្ងៀមៗ​គេ​ធ្វើ​នោះទេ ដូច្នេះ​និយាយ​គ្នា​ឲ្យ​ច្បាស់​ និង​ការពិត​»​។

លោក ស ខេង អះអាង​ថា​ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​អង្គការ​សង្គម​ស៊ីវិល ក្រសួងមហាផ្ទៃ​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ឬ​សង្គម​ស៊ីវិល ហើយ​ក្រសួង​មហាផ្ទៃ​ទទួល​យក​យោបល់ និង​អនុសាសន៍ និង​ការរិះគន់​នានា​របស់​ពួកគេ​មក​សិក្សា ហើយ​ថែម​ទាំង​បាន​យក​សំណើ​វិសោធនកម្ម​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​មក​ពិភាក្សា​ផងដែរ ហើយ​ក្រសួង​បាន​បង្កើត​យន្តការ និង​វេទិកា​ដើម្បី​ជួប​គ្នា​ជជែក​ និង​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​តែ​ប្រសិន​បើ​អង្គការ​សង្គម​ស៊ីវិល​មិន​ធ្វើ​តាម​ច្បាប់ អាជ្ញាធរ​ក៏​មាន​សិទ្ធិ​អនុវត្ត​តាម​ច្បាប់​ដែរ​។

លោក ស ខេង ថ្លែង​ថា៖ «​រហូត​ដល់​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ NGO ខ្ញុំ​ថា​បាន ខ្ញុំ​ថា​បាន​នេះ​មិន​ចង់​និយាយ​ថា​កែ​ធ្វើ​វិសោធនកម្ម​ច្បាប់​បាន​ទេ​។ យើង​ទទួល​យក​មក​ដើម្បី​សិក្សា​ពីព្រោះ​យោបល់​ទាំងអស់​ហ្នឹង​មិនមែន​ត្រូវ​​ទាំងអស់​ឯណា​។ ឥឡូវ​ខ្ញុំ​បាន​ទទួល​ហើយ​...​។ យោបល់​យើង​ខ្ញុំ​ក៏​មិន​ត្រូវ​ទាំងអស់​ដែរ​តែ​ក៏​មិនមែន​ខុស​ទាំងអស់​ដែរ ហើយ​យោបល់ NGO ក៏​មិនមែន​ត្រូវ​ទាំងអស់​ទេ​ហើយ​ក៏​មិន​ខុស​ទាំងអស់​ដែរ​។ អា​ណា​ដែល​ត្រូវ​សមស្រប​យើង​ទទួល​យក ហើយ​អាណា​ដែល​វា​មិន​ត្រូវ​យើង​ទាត់ចោល​ទៅ​ដោយ​មាន​ហេតុផល​របស់​យើង​»​។

លោក ស ខេង បាន​ថ្លែង​ផង​ដែរ​ថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ក៏​មាន​សេរីភាព​បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើង​វិញ​បាន​ដែរ ព្រោះ​រាជរដ្ឋាភិបាល​មិន​បាន​ដាក់​សម្ពាធ​ និង​បាន​បិទ​ការិយាល័យ​វិទ្យុ​ទាំង​ ២ ​ឡើយ​គឺ​វិទ្យុ​ទាំង​ ២ សម្រេច​បិទ​ដោយ​ខ្លួនឯង ប៉ុន្តែ​កាសែត​ឌឹខេមបូឌាដេលី (The Cambodia Daily) ត្រូវ​ដោះស្រាយ​បំណុល​ពន្ធដារ​ជា​មុន​សិន​ហើយ​ថា​ការបិទ​កាសែត​ឌឹខេមបូឌាដេលី​គឺជា​ចេតនា​ដើម្បី​គេចពន្ធ​។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «​ចំពោះ VOA វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី​ក៏​គ្មាន​អ្នកណា​បិទ​គាត់​ដែរ​គឺ​គាត់​បិទ​ខ្លួនឯង គាត់​ចោទ ចេះ​តែ​ចោទ​ថា រងសម្ពាធ​នេះ​សម្ពាធ​នោះ តែ​តាមពិត​វា​អត់​មាន​ហើយ​ការនិយាយ​បែប​នេះ​វា​មិន​ត្រឹមត្រូវ​។ វា​ទាល់​តែ​មាន​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​ជា​ភ័ស្តុតាង​អី​មួយ​គេ​ទៅ​គំរាម​ថា​លោក​ឯង​ត្រូវ​តែ​បិទ​ ឬ​ដក​អាហ្នឹង​ទើប​ថា​ត្រូវ បើ​គេ​អត់​ហាម​ផង ហើយ​គាត់​ខ្លាច​ខ្លួនឯង ហើយ​ភ័យ​ខ្លួនឯង​គាត់​បិទ និង​ដក​ខ្លួនឯង ហើយ​ថា​គេ​គំរាមកំហែង​គាត់​ឥឡូវ​យើង​ស្វាគមន៍​ដើម្បី​ឲ្យ​វិទ្យុ​ទាំង​ ២ ​ហ្នឹង​មក​រៀបចំ​ស្នាក់ការ​រៀបចំ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​នៅ​កម្ពុជា​ឡើង​វិញ​»​។

វិទ្យុ​អាស៊ីសេរី​បាន​សម្រេច​បិទ​ការិយាល័យ​ដោយ​ខ្លួនឯង​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៧​។ កាសែត ឌឹខេមបូឌាដេលី បាន​ឈប់​ដំណើរការ​នៅ​ថ្ងៃទី​ ៤ កញ្ញា ឆ្នាំ​ ២០១៧ ក្រោយពី​មិន​មាន​ដំណោះស្រាយ​ជាមួយ​រាជរដ្ឋាភិបាល​ស្ដីពី​រឿង​ពន្ធ​ដែល​មាន​តម្លៃ​ជាង ៦ ​លាន​ដុល្លារ​។

លោក មាស នី អ្នកវិភាគ និង​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​បាន​ថ្លែង​ដោយ​ស្វាគមន៍​ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​នឹង​បើកផ្លូវ​ដល់​អ្នក​ជាប់​បម្រាម​នយោបាយ​អាច​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​ការ​ឲ្យ​បើក​ការិយាល័យ​ VOA និង RFA​។

លោក នី ថ្លែង​ថា​៖ «​នេះ​គឺជា​លទ្ធផល​នៃ​ការចរចា​កាលពី​មុន​រវាង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា និង​សហភាព​អឺរ៉ុប​ និង​ជា​មធ្យោបាយ​មួយ​ដែល​រដ្ឋាភិបាល​ធ្វើ​ឡើង​ដើម្បី​ដោះស្រាយ​នូវ​ផលវិបាក​នយោបាយ​ផ្សេងៗ​»៕