ភ្នំពេញៈ សហគមន៍អន្តរជាតិ និងសហគមន៍ជាតិបានបង្ហាញទស្សនៈគាំទ្រទៅលើអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលកាលពីថ្ងៃសុក្រកន្លងមកនេះបានសម្រេចផ្ដន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួន ជា និង ខៀវ សំផន ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩។ ឧក្រិដ្ឋកម្មទាំងនេះត្រូវបានប្រព្រឹត្តនៅតាមទីកន្លែងនានានៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយ អវតក បានឲ្យដឹងថា៖ «នៅក្នុងសំណុំរឿង ០០២/០២ នៅក្នុងសវនាការជាសាធារណៈដែលធ្វើឡើងនៅថ្ងៃសុក្រទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយសម្រេចផ្ដន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត»។
តំណាងអង្គការសហប្រជាជាតិតំណាងរាជរដ្ឋាភិបាលកម្ពុជាតំណាងស្ថានទូតនានា និងប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សប្រមាណ ៥០០ នាក់បានចូលរួមស្ដាប់សវនាការពីថ្ងៃសុក្រ។
លោក ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការ អវតក បានថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិភ្លាមក្រោយពីបញ្ចប់សវនាការថា៖ «ថ្ងៃនេះដែលជាថ្ងៃប្រកាសសាលក្រមនៃសំណុំរឿង ០០២ ដំណាក់កាលទី ២ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយទៀតសម្រាប់ប្រជាជនកម្ពុជាយើង និងសម្រាប់មនុស្សជាតិទាំងមូលពាក់ព័ន្ធនឹងដំណើរការស្វែងរកយុត្តិធម៌នៅក្នុងក្របខ័ណ្ឌនៃឧក្រិដ្ឋកម្មព្រហ្មទណ្ឌជាតិ និងអន្តរជាតិ។ យើងសង្ឃឹមថាការជំនុំជម្រះក្តី និងការចេញសាលក្រមនៃសំណុំរឿង ០០២ ដំណាក់កាលទី ២ នេះពិតជាអាចរួមរំលែកការឈឺចាប់ និងទុក្ខ»។
លោក William Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាជិតផុតអាណត្តិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកសូមស្វាគមន៍សាលក្រមនៅថ្ងៃ (សុក្រ) ដែលកំណត់ឱ្យអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និង នួន ជា មានទោសក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។ ថ្វីដ្បិតតែត្រូវបានចេញយឺតក្តី តែវាជាជំហានជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា»។
លោកបានបន្តថា៖ «សហរដ្ឋអាមេរិកសូមសាទរចំពោះជនរងគ្រោះ និងអ្នកគាំទ្ររបស់គេដែលបានខិតខំដោយគ្មានស្រាកស្រាន្ត ដើម្បីឱ្យមានការទទួលខុសត្រូវ និងសូមសាទរចំពោះសាក្សីដែលមានសេចក្តីក្លាហានក្នុងការប្រាប់ពីការពិតប្រកបដោយការឈឺចាប់ស្តីពីបទរំលោភដ៏គួរឲ្យខ្លាចដែលគេបានទទួលរង។ យើងសូមសាទរផងដែរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលបានផ្តល់ជាកន្លែងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារបទឧក្រិដ្ឋដ៏សែនយង់ឃ្នងរបស់របបខ្មែរក្រហម»។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីប្រកាសតែងតាំងលោក ប៉ែន កោសល្យ ជាអភិបាលខេត្ត ឧត្តរមានជ័យ ជំនួស លោក ស ថាវី កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ថា៖ «ការពិតដំណើរការនេះមិនទាន់ ចប់ទេដោយសារថាអ្នកដែលត្រូវផ្តន្ទាទោសគឺជនជប់ចោទគឺមានសិទ្ធិប្តឹងទៅតុលាការកំពូល ពីព្រោះម្សិលមិញនៅតុលាការដំបូង។ ដូច្នេះប្តឹងមិនប្តឹងវាជារឿងមួយទៀត ប៉ុន្តែគឺសិទិ្ធនៅមានមានន័យថា បើគេ (ខៀវ សំផន និង នួន ជា) រឿងហ្នឹង តទៅដល់តុលាការកំពូល។ ប៉ុន្តែសម្រាប់មុខសញ្ញាដែលនាំមកកាត់ទោសអត់មានទៀតទេ ពីព្រោះថាការកំណត់ជាគោលនយោបាយ និងគោលការរបស់យើងគឺថាអ្នកដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតមុខសញ្ញាពីហ្នឹងឥឡូវនេះយើងបានដំណើរការសព្វគ្រប់ ហើយមិនមានអីទៀតទេ»។
លោក សុន អារុណ មេធាវី នួន ជា និងលោក គង់ សំអុន មេធាវី ខៀវ សំផន បានថ្លែងនៅក្នុងសន្និសីទកាសែតដោយមិនអស់ចិត្តចំពោះការសម្រេចផ្ដន្ទាទោសកូនក្ដីរបស់ពួកលោកដាក់ពន្ធនាគារអស់មួយជីវិត ហើយនឹងបន្តប្ដឹងទៅតុលាការកំពូល តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នោះទេ។
លោក អារុណ ថ្លែងថា៖ «ខ្ញុំមិនអស់ចិត្តចំពោះភាគីកូនក្ដីមិនទាន់ពេញចិត្តប្រហែលនឹងប្ដឹងទៅកំពូលក្នុងពេលឆាប់»។
ខណៈលោក សំអុន ថ្លែងថា៖ «យើងមិនពេញចិត្តសេចក្ដីសម្រេចរបស់តុលាការដំបូង ខ្ញុំជឿថាលោក ខៀវ សំផន នឹងឲ្យយើងប្ដឹងសារទុក្ខ»។
លោកស្រី ជា លាង សហព្រះរាជអាជ្ញានៃ អវតក បានថ្លែងក្នុងសន្និសីទកាសែតផងដែរថា បើសិនជាមានការប្ដឹងទៅកំពូលនឹងធ្វើឡើងក្នុងរយៈពេល ៣០ ថ្ងៃក្រោយសវនាការសម្រេច ហើយតុលាការនឹងដំណើរការទៅមុខទៀត តែមិនអាចកំណត់ពេលវេលាថាយូរ ឬឆាប់ទេ។
លោកស្រីថ្លែងថា៖ «បើភាគីមេធាវីប្ដឹងទៅកំពូលបានន័យថាដំណើរការទៅមុខទៀត ការកំណត់ពេលវេលាពិបាកនិយាយ»។
ទោះបីជាយ៉ាងណាក៏ដោយទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍លោក Adama Dieng បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេចក្តីសម្រេចចិត្តនេះថាសម្រាប់ការការពារ។
លោកថ្លែងថា៖ «ខណៈដែលការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌគឺមានសារៈសំខាន់បំផុតដែលវាជាឧបករណ៍មួយដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនោះ វាក៏មានមុខងារបង្ការដ៏សំខាន់ផងដែរដើម្បីជាការរារាំង និងជួយដល់កិច្ចខិតខំប្រឹងប្រែងការផ្សះផ្សា និងដោះស្រាយបញ្ហាកាលពីអតីតកាល។ នៅពេលដែលយើងកំពុងសម្លឹងមើលឃើញការប្រព្រឹត្តដោយគ្រោះថា្នក់ចំពោះសិទ្ធិជាមូលដ្ឋាន និងស្តង់ដារច្បាប់ជាអន្តរជាតិតាមទីកន្លែងជាច្រើននៅក្នុងពិភពលោកនោះការសម្រេចនេះគឺជាការផ្ញើសារដ៏ខ្លាំងក្លាមួយទាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោកដល់អ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដើម្បីឲ្យពួកគេដឹងថាមិនយូរមិនឆាប់ពួកគេនឹងត្រូវទទួលខុសត្រូវ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតដែលបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅអ្នកនាំពាក្យសហភាពអឺរ៉ុបបានថ្លែងស្វាគមន៍ចំពោះសាលក្រមដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានសម្រេចកាលពីថ្ងៃសុក្រថាជាការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មហើយបានបន្ថែមថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រទេសកម្ពុជា។ សហភាពអឺរ៉ុបនៅតែត្រៀមខ្លួនដើម្បីជួយដល់ប្រទេសកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនទាក់ទងទៅនឹងលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋហើយដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព៕ NS