ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្សលោក ស ខេង បានទទួលស្គាល់ថាការអនុវត្តច្បាប់ទៅលើការជួញដូរមនុស្សនៅមានការខ្វះចន្លោះហើយបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ជាបន្ទាន់ដើម្បីទប់ស្កាត់ការជួញដូរដែលកំពុងតែបន្តកើតឡើង។
លោក ស ខេង បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការពង្រឹងការអនុវត្តច្បាប់ដើម្បីយុត្តិធម៌ជនរងគ្រោះដោយអំពើជួញដូរមនុស្សដែលធ្វើឡើងកាលពីម្សិលមិញនៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ដែលមានសមាសភាពមន្ត្រីពាក់ព័ន្ធជាច្រើនចូលរួម។
មន្ត្រីទាំងនោះមកពីក្រសួងការងារក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ស្នងការដ្ឋាននគរបាលជាតិ ក្រសួងការបរទេស ក្រសួងការពារជាតិ និងចៅក្រម ព្រះរាជអាជ្ញារាជធានីខេត្តព្រមទាំងអង្គការពាក់ព័ន្ធផ្នែកច្បាប់សរុបចំនួន ១២៥ នាក់។ ការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីសិក្សាអំពីស្ថានភាពជាក់ស្តែងដែលមាននៅក្នុងសង្គមកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
លោក ស ខេង បានថ្លែងទៀតថាស្ថានប័ននីមួយៗដែលជាប់ពាក់ព័ន្ធត្រូវមានតួនាទីអនុវត្តច្បាប់ឱ្យបានល្អប្រសើរដើម្បីចៀសវាងការថ្នាំងថ្នាក់ពីពលរដ្ឋរឿងការទប់ស្កាត់ការជួញដូរមនុស្ស។
លោកបញ្ជាក់ថា៖ «បញ្ហាទាំងនេះបានបង្កើតឱ្យមាននូវការថ្នាំងថ្នាក់ពីពលរដ្ឋរងគ្រោះកាន់តែច្រើនឡើងដែលទាមទារឱ្យមានការពិនិត្យ និងពិភាក្សាគ្នាឡើងវិញអំពីបែបបទ នីតិវិធី និងភាពខ្វះចន្លោះនៃការអនុវត្តដែលគប្បីកែលម្អជាបន្ទាន់ដើម្បីជាគន្លឹះដោះស្រាយបញ្ហា និងឆ្លើយតបទៅនឹងពលរដ្ឋរងគ្រោះ»។
ក្នុងនោះលោកជំរុញឱ្យក្រសួងការងារត្រូវខិតខំរកសំណងឱ្យជនរងគ្រោះខណៈស្នើឱ្យតុលាការរឹតបន្តឹងការកាត់ទោសអ្នកជួញដូរមនុស្សឱ្យបានម៉ឺងម៉ាត់។
លោកបន្តថា៖ «ត្រូវផ្លាស់ប្តូរយោបល់គ្នាឱ្យល្អិតល្អន់ ការដោះស្រាយវិវាទ និងការផ្តល់សំណងតាមនីតិវិធីរបស់ក្រសួងការងារជាពិសេសក្នុងចំណោមពលករដែលទៅធ្វើការនៅក្រៅប្រទេស ដំណើរការផ្តន្ទាទោសរបស់តុលាការចំពោះបទល្មើសជួញដូរមនុស្ស ការផ្តល់សេវាផ្នែកសង្គមកិច្ចដើម្បីឱ្យជនរងគ្រោះទទួលបានការគាំទ្រផ្នែកច្បាប់ និងយុត្តិធម៌»។
លោកក៏ទទួលស្គាល់ពីភាពខ្វះចន្លោះនៃការអនុវត្តច្បាប់ផងដែរដោយថា «ប្រជាពលរដ្ឋដែលមានបញ្ហាមិនអាចរកអ្នកជួយបានព្រោះគាត់មិនដឹងទាក់ទងអ្នកណាដែលអាចផ្តល់យោបល់ ឬណែនាំឱ្យជួយគាត់បាន និងអ្នកខ្លះទៀតត្រូវបានគេបោកបញ្ឆោត ឬ ជួញដូរ ឬកេងប្រវ័ញ្ច ប្រើហិង្សារំលោភបំពាន ដែលទាមទារឱ្យអាជ្ញាធរជួយអន្តរាគមន៍ និងត្រូវការឱ្យតុលាការផ្តល់យុត្តិធម៌»។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត ថ្លែងក្នុងសុន្ទរកថា៖ «ក្រសួងសង្គមកិច្ចបានទទួលជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ និងវៀតណាមចំនួន ២០២ នាក់ក្នុងនោះមកពីវៀតណាម ១០៩ នាក់ និងបានកំពុងសហការជាមួយភាគីថៃរៀបចំសាងសង់មជ្ឃមណ្ឌលសំចតប៉ោយប៉ែតដើម្បីធានាការទទួលជនរងគ្រោះ និងពលករខុសច្បាប់ដែលភាគីថៃបានបញ្ជូនមក»។
ប៉ុន្តែលោក វង សូត បញ្ជាក់ថាក្រសួងរបស់លោកនៅជួបបញ្ហាមួយចំនួនរួមមានខ្វះមជ្ឈមណ្ឌលរដ្ឋសម្រាប់ស្តារនីតិសម្បទាជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស រដ្ឋបាលឃុំ-សង្កាត់ភាគច្រើនមិនមានមូលនិធិគ្រប់គ្រាន់កញ្ចប់ថវិកានៅមានកម្រិតជនរងគ្រោះមិនមានទំនុកចិត្ត និងមិនយល់អំពីប្រព័ន្ធយុត្តិធម៌»។
ចំណែកលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា៖ «ទោះបីជាមានច្បាប់ច្រើនយ៉ាងណាក្តីក៏ការអនុវត្តនៅតែមិនទាន់អាចធ្វើឱ្យបទល្មើសថមថយហើយកើតមានដដែលទៅលើជនរងគ្រោះកាន់តែច្រើនជាពិសេសជនរងគ្រោះកម្របានទទួលនូវសំណងបដិទានសមស្របសម្រាប់ប៉ះប៉ូវការខូចខាតណាស់»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូលោក អំ សំអាត យល់ឃើញថាការអនុវត្តច្បាប់របស់មន្រ្តីជំនាញនៅមានកម្រិតនៅឡើយ ខណៈលោកថា ក្រសួងទាំងអស់គួរជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយរួមគ្នាបំពេញចន្លោះដែលខ្វះខាតនោះ។
លោក សំអាត បានបញ្ជាក់ថា៖ «យើងខ្វះការផ្តល់បច្ចេកទេសជំនាញសម្រាប់ការអនុវត្តច្បាប់ខ្លះមានចន្លោះប្រហោងតែយើងត្រូវអនុវត្តច្បាប់ដែលមានស្រាប់ឱ្យបានតឹងរ៉ឹងចំពោះជនណាដែលពាក់ព័ន្ធជួញដូរមនុស្សទោះបីតាមរយៈក្រុមហ៊ុន ឬអាជ្ញាធរដែលជាប់ពាក់ព័ន្ធ»។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោកស្រី ខៀវ សុផានី បានថ្លែងថាបើទោះជាសមត្ថកិច្ចខំទប់ស្កាត់អំពើជួញដូរមនុស្សតែករណីនេះនៅមានចំនួនច្រើនមកដល់ឆ្នាំ ២០១៦ ខណៈក្រសួងទទួលស្គាល់ថាមានឧបសគ្គច្រើនក្នុងការជំរុញឱ្យជនរងគ្រោះចូលរួមក្នុងនីតិវិធីនៃដំណើររឿងក្តីជួញដូរ។
លោកស្រីបន្តថា គិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៦ នេះ «សំណុំរឿងដែលស្ថិតនៅព្រះរាជអាជ្ញាមានចំនួន ៤៨ សំណុំរឿងចាត់ការរួចបាន ២២ សំណុំរឿងដែលមានជនល្មើស ៥១ នាក់ក្នុងនោះបរទេសម្នាក់ស្ថិតនៅចៅក្រមស៊ើបសួរមាន ៦៤ សំណុំរឿងចាត់ការបាន ១១ ជនត្រូវចោទ ៩៣ នាក់ និងជនរងគ្រោះ ៦៧ នាក់ស្ថិតនៅចៅក្រមជំនុំជម្រះមាន ៨៨ សំណុំរឿងចាត់ការបាន ៧ ជនជាប់ចោទ ១០០ នាក់បរទេស ៣ នាក់ និងជនរងគ្រោះ ៩៥ នាក់»។
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានឲ្យដឹងដែរថាក្រសួងក៏បានចាត់តាំងឱ្យមន្ត្រីអធិការកិច្ចឃ្លាំមើលការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសពលករឯកជនជាប់ជាប្រចាំដើម្បីការពារពលករដែលត្រូវគេបោកបញ្ឆោតតែភាពអសកម្មនៅតែបន្តកើតមានក្នុងដំណើរការនេះ។ «អំពើអសកម្មរបស់ទីភ្នាក់ងារឯកជនដែលបានធ្វើឲ្យកើតមានឡើងនូវការកេងប្រវ័ញ្ច និងការជួញដូរកម្លាំងពលកម្មក៏ដូចជាការជួញដូរមនុស្សទោះបីជាករណីនេះតិចតួចក៏ដោយ»។
លោកឱ្យដឹងដែរថា តាមរយៈរបាយការណ៍ក្នុងឆ្នាំ ២០១៦ ពលករចំនួន ១៨៧ នាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុនចំនួន ២៨ ក្នុងនោះសំណុំរឿង ៥៤ ទាមទារសងការខូចខាតដោយសារក្រុមហ៊ុន មិនអនុវត្តតាមកិច្ចសន្យាសេវារកការងារឲ្យធ្វើ៕