ភ្នំពេញៈ លោ​ក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល៥ថ្ងៃ​ទៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី ៩ ខែមករា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អំពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជាវៀតណាម។

បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ស ខេង ដែល​បង្ហោះ​ថ្ងៃទី ៩ ខែមករា បាន​ឲ្យ​ដឹងថា លោ​ក ស ខេង បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ សា​ធារណ​រដ្ឋ​សង្គមនិយម​វៀតណាម​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ស្ដីពី​កិច្ចសហប្រតិបត្តិការ។

លោក ស ខេង បញ្ជាក់ថា៖ «កិច្ចប្រជុំ​ទី១ គឺ​កិច្ចប្រជុំ​លើក​ទី១០ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​កាលពី​ឆ្នាំ​កន្លងទៅ កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​នៅ​ឆ្នាំនេះ​ភាគី​វៀតណាម បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វិញ​ម្ដង»។

លោក​បន្ថែមថា កិច្ចប្រជុំ​ទី ២ គឺ​កិច្ចប្រជុំ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ចុះហត្ថលេខា​លើ​ផែនការបន្ត​កិច្ចសហប្រតិបត្តិការ សម្រាប់ ឆ្នាំ ២០១៩ រវាង​ក្រសួងមហាផ្ទៃ កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម​ដែល​ភាគី​ទាំង ២ ក៏​តែងតែ​ផ្លាស់ប្ដូរ​គ្នា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក​ ផាន សុ​ផានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ទំនាក់ទំនង​អន្តរជាតិ​ក្រសួងមហាផ្ទៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំណើរ​ទស្សនកិច្ច របស់លោក​ ស ខេង ធ្វើឡើង​តាម​ការអញ្ជើញ របស់​ភាគី​វៀតណាម ដែល​កិច្ចប្រជុំ​នេះ មាន​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ៩ ដល់ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ នាទី​ក្រុង​ហូជីមិញ។

ក្រោយ​កិច្ចប្រជុំ​ថ្ងៃទី ១០ មករា ភាគី​ទាំង ២ បានចេញ​សេចក្តី​ប្រកាស​រួម​ស្តីពី​កិច្ចប្រជុំ​លើក​ទី ១ ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន។ ភាគី​ទាំង ២ បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការថែរក្សា​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ បណ្តា​ខេត្ត​ព្រំដែន​ កម្ពុជា-វៀតណាម ក៏ដូចជា​ពង្រឹងពង្រីក​ចំណង​ទំនាក់ទំនង​ក្នុង​លក្ខណៈ​ជា​ភូមិ​ផង​ល្អ ប្រសើរ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ស្ថិតស្ថេរ យូរអង្វែង​ កម្ពុជា-វៀតណាម។

សេចក្តីប្រកាស​បញ្ជាក់ថា ភាគី​ទាំង ២ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង ២។

ភាគី​ទាំង ២ វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ប​ណ្តា​ក្រសួង ស្ថាប័ន​នៃ​ប្រទេស​ទាំង ២ ក្នុង​កិច្ចសហប្រតិបត្តិ​ការកសាង​ក្រ័​បខណ្ឌ​ច្បាប់​យ៉ាងសកម្ម និង​ដំណើរការ​គ្រប់​យន្តការ​សហប្រតិបត្តិការ​នានា​សំដៅ​បង្ក​ភាព​ងាយស្រួល​ដល់​កិច្ចសហប្រតិបត្តិការ​រ​បស់​ខេត្ត​ជាប់​ព្រំដែន ស្របតាម​ទិសដៅ​ដែល​ដាក់ចេញ​នា​កិច្ចប្រជុំ​លើក​ទី ៩ ស្តីពី​កិច្ច​សហ​ប្រតិប​តិ្ត​ការ​និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ​កម្ពុជា-វៀតណាម។ ភាគី​ទាំង ២ បន្ត​កិច្ច​សហ​ប្រតិប​ត្តិ​កា​រលើ​វិស័យ​នានា​ទៀត៕