ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​កែប​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ពី​លោក កែន សត្ថា ដែល​បាន​ផុត​អាណត្តិ​ជំនួស​ដោយ​លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប ហើយ​លោក​ កែន សត្ថា ​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​តំណែង​ថ្មី ជា​រដ្ឋលេខាធិការ​នៃ​​ទីស្តីការគណៈរដ្ឋមន្ត្រី​។

លោក អ៊ឹង វុទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​កែប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​ កែន សត្ថា ត្រូវបាន​បញ្ចប់​មុខតំណែង​ដោយ​យោងតាម​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​ ២៧ ខែឧសភា​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​។

លោក​បន្តថា ពិធី​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​អភិបាលខេត្ត​ថ្មី​នេះ​នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព និង​កងកម្លាំង​ប្រដាប់អាវុធ​នៅ​សាលប្រជុំ​សាលាខេត្ត​កែប​។ «​ខ្ញុំ​កំពុង​មមាញឹក​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ថ្មី​នេះ​។ ដូច្នេះ​ខ្ញុំ​មិនទាន់​អាច​ជម្រាបជូន​បាន​បន្ថែមទៀត​ទេ​»​។

លោក​ កែន សត្ថា អភិបាលខេត្ត​កែប​ដែល​នឹងត្រូវ​បញ្ចប់​តួនាទី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការផ្លាស់ប្តូរ​នេះ​ក៏​ព្រោះតែ​លោក​បាន​ផុត​អាណត្តិ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រាជធានី-ខេត្ត​ដែល​តម្រូវ​ឲ្យ​អភិបាលខេត្ត មាន​សិទ្ធិ​កាន់​មុខតំណែង​អភិបាលខេត្ត​ចំនួន ២ ​អាណត្តិ​ប៉ុណ្ណោះ ហើយ​មួយ​អាណត្តិ​មាន​រយៈពេល ៤ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​ហើយ​ដូចជា​ខ្ញុំ​អី អស់​ (​អាណត្តិ​) ហើយ​ដែល​ខ្ញុំ​បាន​ចូលកាន់​តំណែង​តាមរយៈ​ព្រះរាជក្រឹត្យ​ហ្នឹង​តាំងពី​ខែសីហា ឆ្នាំ​ ២០១២​។ វា​អត់​មាន​អ្វី​ចម្លែក​ទេ បើ​កាលណា​យើង​អស់​អាណត្តិ អភិបាលខេត្ត​ថ្មី គេ​ឡើង គេ​នឹង​ធ្វើការងារ​របស់​យើង​បន្ត​ហើយ​»​។

លោក សត្ថា បាន​លើក​ឡើង​ពី​ការពេញចិត្ត​ក្នុង​ការបំពេញ​តួនាទី​ជា​អភិបាល​ខេត្ត​កែប​ដែល​នាំ​ឲ្យ​ខេត្ត​នេះ​មាន​ការរីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​ហើយ​លោក​រំពឹងថា អភិបាលខេត្ត​ថ្មី​នឹង​បំពេញការងារ​របស់ខ្លួន​បានល្អ​បន្តទៀត​។

លោក កែន សត្ថា បាន​រៀបរាប់​ពី​សមិទ្ធផល​ជាច្រើន​ដែល​ខេត្ត​សម្រេច​បាន​ក្រោម​ការដឹកនាំ​របស់​លោក​ដូចជា ទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ពលរដ្ឋ​ទទួល​បាន​ភ្លើង​ប្រើប្រាស់​ជាង ៧៦ ​ភាគរយ​ការបម្រើ​សេវាសាធារណៈ​ជូន​ពលរដ្ឋ​បាន​ទាន់​ពេលវេលា និង​​ការទទួល​បាន​ទឹកសាប​ប្រើប្រាស់ ស្ទើរ​​ទាំងគ្រប់​ស្រុក ខណ្ឌ​។

លោក​បញ្ជាក់ថា​៖ «​ខេត្ត​កែប​របស់​យើង​មាន​ការប្រែប្រួល​ផ្លាស់ប្តូរ​រីកចម្រើន​ច្រើន​អាច​និយាយ​បាន​ក្នុង​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​ទៅកាន់​ភ្ញៀវ​ជាតិ​អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​របស់​យើង​ឲ្យ​មាន​សេចក្តីសុខសាន្ត ដោយ​រស់នៅ​មិន​មាន​ការភ័យព្រួយ​»​។

តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​ ២៧ ខែឧសភា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ម្សិលមិញ​បាន​សម្រេច​ត្រាស់បង្គាប់​តែងតាំង​លោក កែន សត្ថា ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ តាម​ព្រះរាជក្រឹត្យ​ដដែល​ការសម្រេច​នេះ​យោង​តាម​សំណើ​ទូលថ្វាយ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ជាមួយ​គ្នា​នេះ​យោង​តាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង កាលពី​ថ្ងៃទី​ ២៥ ខែ​ឧសភា ក៏​បាន​សម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​លោក សម្បត្តិ សុធារដ្ឋ ពី​ស្នងការរង​ទទួល​ផែន​អត្តសញ្ញាណកម្ម​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ទៅ​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ជំនួស​លោក បែន តារា ដែល​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល នគរបាល​ព្រំដែន​ផងដែរ​៕