ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ដោយ​បង្គាប់​ឲ្យ​មន្ត្រី​នៅក្នុង​បក្ស​កាន់​រដ្ឋាភិបាល​ខិតខំ​ធ្វើអំពើ​ល្អ តាមរយៈ​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​ប្រជាជន​ដើម្បី​ទទួល​បាន​ការគាំទ្រ​។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ស្នាក់ការ សាលប្រជុំ និង​សមិទ្ធផល​នានា​របស់​គណបក្ស​​ប្រជាជន​កម្ពុជានៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​នា​ថ្ងៃទី​ ៨ ខែ​មករា ឆ្នាំ​ ២០២០ លោក ស ខេង បាន​ថ្លែងថា​ក្រោយ​ឆ្នាំ​ ១៩៧៩ មកទល់​ពេល​បច្ចុប្បន្ននេះ​គណបក្ស​ប្រជាជន​នៅ​បន្ដ​រក្សា​ឧត្តមគតិ​របស់​ខ្លួន​ជាពិសេស​មន្ដ្រី​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ​ជាប់​ជាប្រចាំ​នៅតាម​មូលដ្ឋាន​។

លោក​បាន​បន្តថា គណបក្ស​ប្រជាជន​តែង​គិតគូរ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដោយ​បាន​កសាង​ប្រព័ន្ធធារាសាស្ត្រ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ បង្កបង្កើនផល ផ្លូវដើរ សាលារៀន អគ្គិសនី មន្ទីរពេទ្យ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ គោល​ការណ៍​ផ្សេងៗ​ឲ្យ​វា​ស្រប​ស្ថានភាព ជាក់ស្តែង​ផង តាមរយៈ​មន្ត្រី​របស់​ខ្លួន មន្ត្រី​ថ្នាក់ជាតិ​ចុះ​ជួប​ប្រជាជន​ជាប្រចាំ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់​ថា យើង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ភ្លេច​ពី​កំណើត​ទេ មិន​ភ្លេច​ពី​ឧត្តមគតិ​របស់ខ្លួន​ទេ​គឺជា​និច្ចកាល​ឈរ​នៅ​ជាមួយ​ប្រជាជន ស្លាប់​រស់នៅ​ជាមួយ​ប្រជាជន ហើយ​មិន​រត់ចោល​​ប្រជាជន នេះ​ជា​ការពិត​ជាក់ស្ដែង​មិនមែន​យើង​ចេះតែ​ថា ចេះតែ​និយាយ​ទេ គឺ​យើង​បានធ្វើ និង​កំពុង​ធ្វើ ហើយ​យើង​នឹង​ធ្វើ​តទៅ​មុខ​ទៀត​»​។

លោក​បាន​បន្ដថា​៖ «​គណបក្ស​ប្រជាន​កម្ពុជា​យើង​ជា​គណបក្ស​ប្រកាន់ខ្ជាប់​នូវ​ឧត្តមគតិ​របស់ខ្លួន​តាំងពី​ដើម​រៀង​រហូតមក​ដល់​បច្ចុប្បន្ននេះ​។ ឧត្តមគតិ​របស់ខ្លួន​ចង់​និយាយថា ការតស៊ូ​របស់ខ្លួន​គឺ​ដើម្បី​ជាតិ ដើម្បី​ប្រជាជន និង​ប្រជាពលរដ្ឋ ដើម្បី​សុខសន្ដិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​»​។

លោក​ក៏បាន​ឲ្យ​ដឹង​បន្ថែមថា នៅ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ក្រោម​ការដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​មាន​ពួក​ប៉ុលពត​ជា​មេខ្លោង បាន​ធ្វើបាប​ពលរដ្ឋ​យ៉ាងច្រើន​ហើយ​នៅពេល​ដែល​ពួកគេ​ត្រូវការ​ពលរដ្ឋ ពួកគេ​ដើរ​​កៀរគរ និង​និយាយ​លួងលោម​ពលរដ្ឋ ដើម្បី​មក​គាំទ្រ​ខ្លួន​ដល់​ពេល​ខ្លួន​ឡើងកាន់​អំណាច​បាន​សម្លាប់​ពលរដ្ឋ​ដោយ​គ្មាន​ហេតុផល​។ ដូច្នេះ​និយាយ​បាន​ថា​ពួកគេ «​ក្បត់​ឆន្ទៈ និង​ក្បត់​ឧត្តមគតិ​ខ្លួនឯង​»​។

លោក​ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​គណបក្ស​ខិតខំ​ធ្វើអំពើ​ល្អ​តាមរយៈ​ការពារ​សិទ្ធិ​ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ដើម្បី​ទទួល​បាន​ការគាំទ្រ និង​ត្រូវ​ខិតខំ​ថែរក្សា ពង្រឹង និង​ពង្រីក​សមាជិក​របស់ខ្លួន​បន្ថែមទៀត​។

លោក​បាន​ថ្លែងថា​៖ «​សំខាន់​គេ​ស្វែងរក​អ្នកគាំទ្រ​ឲ្យ​បាន​ច្រើន ដើម្បី​ស្វែងរក​អ្នកគាំទ្រ​ឲ្យ​បាន​ច្រើន តើ​យើង​ត្រូវធ្វើ​ម៉េច គឺ យើង​ត្រូវ​ធ្វើអំពើ​ល្អ​មិន​គំរាមកំហែង មិន​បោកប្រាស់ គាបសង្កត់​មិន​រំលោភ​អំណាច​ទៅ​លើ​ប្រជាជន បញ្ហាដីធ្លី បញ្ហា​ផ្សេងៗ​ទៀត​ជាដើម ហើយ​យើង​ត្រូវ​បម្រើ​គាត់ ទោះបី​ជា​គាត់​មិនមែន​ជា​សមាជិក​»​។

លោក​បាន​អះអាង​ថា ការធ្វើ​អំពើ​ល្អ​តាមរយៈ​ការពារ​សិទិ្ធ​ និង​ការពារ​ផលប្រយោជន៍​ឲ្យ​ប្រជាជន​ហ្នឹង​ដែល​ជួយ​គណបក្ស​ទទួល​សំឡេង​គាំទ្រ​ច្រើន​ដែល​ឈាន​ទៅ​ដល់​ការទទួល​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត ហើយ​អះអាង​ថា ការទទួល​ជោគជ័យ​ក្នុង​ការបោះឆ្នោត​មិន​ស្ថិត​នៅ​លើ​បរិមាណ​សមាជិក​នោះទេ​តែ​វា​អាស្រ័យ​ទៅ​លើ​គុណភាព​អ្នកគាំទ្រ​ពិតប្រាកដ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​មើល​ជាក់ស្តែង​នៅក្នុង​ស្រុក ព្រះស្តេច​យើង​មាន​ចំនួន​សមាជិក​បក្ស​ប៉ុន្មាន​?...​ខ្ញុំ​ថា​យ៉ាង​ហោចណាស់​ក៏​ ៣០ ០០០ ​ដែរ ប៉ុន្តែ​នៅពេល​បោះ​ឲ្យ​យើង តើ​គាត់​បោះ​ឲ្យ​យើង​បាន​ប៉ុន្មាន​? ​ប្រហែល​ ២០ ០០០ ​មិន​ដល់​ផង ខ្ញុំ​ឧទាហរណ៍​ទេ ខ្ញុំ​សុំទោស​ចុះ​យើង​សួរថា​ ១០ ០០០ ឬ​ ១០ ០០០ ជាង​នាក់​ទៀត​ទៅ​ទីណា​? ​នេះ​វា​បញ្ជាក់​ឲ្យ​ឃើញ​គុណភាព​នៃ​សមាជិក​យើង​។ ពិតមែន​គាត់ សមាជិក​យើង​មែន តែ​យើង​បម្រើ​គាត់ មិន​ល្អ គាត់​ថ្នាំងថ្នាក់​ជាមួយ​យើង​។ ដល់ពេល​បោះឆ្នោត បោះ​សម្ងាត់ គាត់​ថា​ទេ​ខ្ញុំ​មិន​បោះ​ឲ្យ​ទេ​ទោះបី​ជា​បក្ស​ខ្ញុំ​តែ​ធ្វើ​ផ្តេសផ្តាស់​ចំពោះ​ខ្ញុំ ខ្ញុំ​មិន​បោះ​ឲ្យ​ទេ​អាហ្នឹង​វា​មួយ​ជ្រុង ហើយ​ជ្រុង​មួយទៀត ដោយសារ​តែ​យើង​ចេះតែ​បូកលេខ​វា​កើន អ៊ីចឹង​ទៅ​មិនមែន​តែ​ស្រុក​ព្រះស្តេច​មួយ​ទេ ស្រុក និង​ខេត្ត​មួយ​ចំនួន​ផ្សេងទៀត​ក៏​អ៊ីចឹង​ដែរ​»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​យល់ស្រប​ថា ការធ្វើ​អំពើ​ល្អ និង​ការពារ​ផលប្រយោជន៍​ប្រជាជន​តែ​ថា​កន្លង​ទៅ​ក៏មាន​មន្ត្រី​គណបក្ស​ប្រជាជន​មួយចំនួន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​ប្រជាជន​ដែល​បាន​ធ្វើឲ្យ​គណបក្ស​ប្រជាជន​បាត់បង់​អ្នកគាំទ្រ​មួយចំនួន​។

លោក​បាន​បញ្ជាក់ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ​គណបក្ស​ប្រជាជន​នឹងមាន​ផែនការ​គឺ​សមាជិក​ម្នាក់​ស្មើនឹង​សន្លឹកឆ្នោត​មួយ​សន្លឹក​ដែល​ត្រូវ​ចម្រាញ់ យក​គុណភាព​សមាជិក​បក្ស​។ យើង​ត្រូវធ្វើឲ្យ​ប្រាកដ​ក្នុង​ចិត្ត​អ្នក​ហ្នឹង គឺ​ស្មោះស្ម័គ្រ​នឹង​បក្ស​ពិតប្រាកដ​ទើប​បញ្ចូល​ទៅ​ជា​សមាជិក​គណបក្ស​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែងថា គណបក្ស​ប្រជាជន​មិនបាន​ស្លាប់​រស់​ជាមួយ​ពលរដ្ឋ​នោះទេ នាពេល​កន្លងទៅ​ការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​ការ​នេះ​ប្រសិន​បើ​គណបក្ស​ប្រជាជន​មិន​បញ្ឈប់​ការធ្វើ​បាប​ និង​គាបសង្កត់​ប្រជាជន​នោះ​ទេ​គណបក្ស​ប្រជាជន​នឹង​មាន​ការលំបាក​ក្នុង​ការទទួល​ជោគជ័យ​ការបោះឆ្នោត​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​យើង​ឃើញ​ប្រជាពលរដ្ឋ​បាន​ស្រែកយំ​ដោយសារ​តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​រឿង​ផ្ទះសំបែង រឿង​អយុត្តិធម៌​នៅ​ក្នុង​សង្គម និង​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​»៕