ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​ ៥០០ ​នាក់​ បាន​ជួបប្រជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​សាលប្រជុំ​ក្រសួង​មហាផ្ទៃ​ដើម្បី​ជំរុញ​ការធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ដោយ​សេរី គ្មាន​ការ​គំរាមកំហែង និង​មិន​លម្អៀង​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ​ និង​លម្ហ​នយោបាយ​នៅ​កម្ពុជា​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​បើក​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល​ថា​៖ «​អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុងស្រុក និង​បរទេស​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្ដល់ និង​គាំទ្រ​ដល់​សេវា​សង្គម​នៅ​តាម​មូលដ្ឋាន​ជនបទ និង​សហគមន៍​ដាច់ស្រយាល និង​ធ្វើ​សកម្មភាព​នៅ​គ្រប់​រាជធានី ខេត្ត​ទូទាំង​ប្រទេស​ក្នុង​វិស័យ​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច សង្គម នៅក្នុង​ប្រទេស​»​។

លោក រដ្ឋមន្ត្រី បាន​ថ្លែងថា​៖ «​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ចូលរួម​ផងដែរ​ក្នុង​ការតស៊ូ​មតិ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​រដ្ឋ ដើម្បី​លើកកម្ពស់​​សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធ​យុត្តិធម៌ ធនធាន​ធម្មជាតិ បរិស្ថាន និង​សេវា​សង្គម​។​ល​។​»​។

លោក ស ខេង ក៏បាន​អះអាង​ថា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ជា​ធរមាន​ដោយ​មិន​តម្រូវ​ឲ្យ​ជូន​ដំណឹង​ជាមុន​ក្នុង​រយៈពេល​យ៉ាងតិច ៣ ​ថ្ងៃ​ទៅ​អាជ្ញាធរ​​មូលដ្ឋាន​ទៀត​ឡើយ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មាន​ការយល់ដឹង​ច្រើន និង​ផ្ដល់​កិច្ចសហការ​កាន់តែ​ប្រសើរ​។

ទន្ទឹម​នឹង​នេះដែរ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏បាន​ច្រានចោល​ទាំងស្រុង ចំពោះ​របាយការណ៍​របស់​អង្គការ​ក្នុងស្រុក​មួយ​ដែល​បាន​លើក​ឡើង​ថា ៦ ​ខែ ឆ្នាំ​ ២០១៩ អាជ្ញាធរ​បាន​រឹតត្បិត និង​រារាំង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​រហូត​ដល់​ ៧១ ​ករណី​ដោយ​លោក​បាន​អះអាង​ថា​ក្នុង​អំឡុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ​នេះ​ក្រសួង​មហាផ្ទៃ​តាមរយៈ​យន្តការ​ក្រុមការងារ​អន្តរក្រសួង​បាន​ទទួល​របាយការណ៍​តែ​ប្រមាណ​ចំនួន​ ០៥ ឬ​ ០៦ ​ករណី​តែ​ប៉ុណ្ណោះ​ដែល​ពាក់ព័ន្ធ​នឹង​ការរារាំង​សកម្មភាព​របស់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នៅតាម​មូលដ្ឋាន​។

លោក ស ខេង ថ្លែង​ថា​៖ «​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ ខ្ញុំ​ហាក់​ពុំយល់​ទាល់តែ​សោះ​ថា ហេតុអ្វី​បាន​ជា​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​មិន​រាយការណ៍ ឬ​ស្នើសុំ​កិច្ចសហការ​ពី​ក្រុមការងារ​អន្តរក្រសួង ឬ​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ដែល​បាន​​កើតឡើង​។ តើ​ករណី​បែបនេះ​បង្ហាញ​ពី​ភាពជា​ដៃគូ​មាន លក្ខណៈ​ស្មោះត្រង់ និង​ពិតប្រាកដ​ដែរឬទេ​?»​។

យោងតាម​សុន្ទរកថា​របស់​លោក ស ខេង ​បាន​ថ្លែងថា​រហូត​មក​ដល់​ខែ សីហា ឆ្នាំ​ ២០១៩ ​នេះ​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​ចំនួន​សរុប ៥ ៤៨៣ ក្នុង​នោះ​សមាគម ចំនួន​ ២ ២០៣ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៣ ២៨០ និង​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៨១ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​តាម​សំណើ​របស់​សាមី សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល​។

លោក ស ខេង ថ្លែង​ថា​៖ «​ចំនួន​នៃ​ការបង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ថ្មី​ប្រចាំខែ មិន​មាន​ការថយចុះ​ដូច​ការព្រួយបារម្ភ​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​ជា​​ញឹកញាប់ តែងតែ​ចោទប្រកាន់​មកលើ រាជរដ្ឋាភិបាល​កម្ពុជា​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការបង្កើត​សមាគម និង​អង្គការ​​មិនមែន​រដ្ឋាភិបាល​រួមទាំង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នោះ​ឡើយ​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍​អង្គការ​សង្គម​ស៊ីវិល​បន្ត​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពង្រឹង​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​រីកចម្រើន និង​រុងរឿង​។

លោក ស ខេង ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ ព្រមទាំង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​បាន​ចុះ​អនុស្សរណៈ​នៅ​ក្រសួង​ការបរទេស​ក្នុង​ការធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ការ​គំរាមកំហែង និង​មិន​លម្អៀង​ស្រប​តាម​ច្បាប់​ស្តីពី​សមាគម និង​​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​​នានា​ជា​ធរមាន​។

លោក​ ថេង សាវឿន អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​នោះដែរ​បាន​ថ្លែង​នៅ​ក្រៅ​វេទិកា​ដោយ​ស្វាគមន៍​នូវ​បទបញ្ជា​របស់​លោក​រដ្ឋ​មន្ត្រី​ដែល​ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន​បន្ត បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល​នឹង​ជួយ​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​ការងារ​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។

លោក សារឿន បន្ត​ថា​៖ «​ការយល់ដឹង​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​មាន​កម្រិត​ទៅលើ​អនុសាសន៍​របស់​សម្តេច​ក្រឡាហោម យើង​សង្ឃឹម​ថា​បន្ទាប់ពី​ការណែនាំ​នេះ​អាជ្ញាធរ​មូលដ្ឋាន​នឹង​យល់ដឹង​បាន​ច្រើន​ដោយ​កន្លងមក​មាន​មន្ត្រី​ខ្លះ​បាន​អនុវត្ត​ផ្ទុយ​ទៅ​នឹង​សេចក្តីប្រកាស​របស់​ក្រសួង​។ ​យើង​ទទួល​ស្គាល់​ថា មាន​ភាពល្អ​ប្រសើរ​ជាង​មុន​តែ​តំបន់​ខ្លះ​នៅតែ​មានការ​រឹតត្បិត​នៅឡើយ ដោយសារ​តែ​ការយល់ដឹង​របស់​សមត្ថកិច្ច​នៅ​មានកម្រិត​»​។

លោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​ចូលរួម​ក្នុង​វេទិកា​នោះ​ដែរ បាន​ថ្លែងថា​ការលើក​ឡើង​របស់​លោក ស ខេង ដែល​បាន​អះអាង​ថា​ពុំមាន​ការ​រឹតត្បិត​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទេ​។

លោក សែនករុណា បាន​អះអាង​ដោយ​លើក​ឡើង​ថា​លោក​មាន​ភ័ស្ដុតាង​ដែល​កម្លាំង​មួយ​ចំនួន​បាន​រឹតត្បិត និង​រារាំង​​សកម្មភាព​របស់​អង្គការ​មួយ​ចំនួន​រួមទាំង​អង្គការ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ផ្សេងៗ​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​ការ​សម្រង់​របាយការណ៍​ច្បាស់លាស់​ដែល​ឆ្លុះ​បញ្ជាំង​ពី​ការពិត តែ​យើង​មិន​ដឹង​ថា​គេ (​ក្រសួង​មហាផ្ទៃ​) ​ប្រើ​វិធីសាស្ត្រ​យ៉ាងណា​ដើម្បី​ធ្វើការ​ប្រមូល​ទិន្ន័យ​សម្រាប់​ក្រសួង​នោះទេ​»​។

លោក សែនករុណា ថ្លែងថា​៖ «​ថ្នាក់ជាតិ​គួរតែ​មាន​វិធានការ​លើ​អាជ្ញាធរ ឬ​មន្ត្រី​សមត្ថកិច្ច​រូប​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្តី​ណែនាំ​របស់​មហាផ្ទៃ ដើម្បី​ឲ្យ​អ្នក​ទាំងអស់​នោះ​បញ្ឈប់​អំពើ​រឹតត្បិត និង​រាងចាល ដោយសារ​តែ​កន្លងមក​មាន​​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​រំលោភ​ទៅលើ​សេចក្តី​ណែនាំ និង​បទបញ្ជា​របស់​រដ្ឋមន្ត្រី​»៕