កំពង់ឆ្នាំង: ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បានចេញ​បញ្ជា​ឱ្យ​លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង អនុវត្ត​វិធាន​ការចុះ​រុះរើ​របង ខ្ទម និង​រោង​ដែល​សង់​ទន្ទ្រាន និង​កាន់កាប់​ដី​រដ្ឋ​ជិត ២ ​ពាន់​ហិកតា​ដោយ​ខុសច្បាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ប៉ែក​ខាង​ស្រុក​ទឹកផុស ដើម្បី​ដកហូត​ដី​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។

តាម​លិខិត​ ១ ​ច្បាប់​ ជម្រាប​ជូន​លោក ឈួរ ច័ន្ទឌឿន ចុះ​ថ្ងៃទី​ ១២ ខែ​តុលា ដែល​ ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួល​បាន​ពី​ម្សិលមិញ ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ការគាំទ្រ ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការចាត់​វិធានការ​បញ្ឈប់​សកម្មភាព​ជនល្មើស​ដែល​បាន​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ស្ថិត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​។

លិខិត​បន្តថា ទន្ទឹម​នេះ​ក្រសួង​មហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ត្រូវ​បន្ត​ស្រាវជ្រាវ និង​ចាត់វិធានការ​ច្បាប់​ចំពោះ​មេខ្លោង​ដែល​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​រានទន្ទ្រាន​ដីព្រៃ និង​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​។ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ក្នុង​ការបង្ការ បង្ក្រាប និង​ទប់ស្កាត់​ការកាប់​រានទន្ទ្រាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ស្របតាម​លិខិត​លេខ ១៩-៦៣ សជណ ចុះ​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២០ ​របស់​ក្រសួងមហាផ្ទៃ​ស្ដីពី​ការជំរុញ​ការទប់ស្កាត់​ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​។

លើសពី​នេះ​អាជ្ញាធរខេត្ត​ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការបង្ការ​បង្ក្រាប និង​ទប់ស្កាត់​ការកាប់​រានទន្ទ្រាន​ដីព្រៃ​ឱ្យ​បាន​ល្អ​ប្រសើរ និង​ធ្វើ​សេចក្តី​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​មក​ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​មាន​វិធានការ​បង្ក្រាប​ទប់ស្កាត់​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

លោក ឈួរ ច័ន្ទឌឿន ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ចាត់​វិធានការ​អនុវត្ត​តាម​អនុសាសន៍​របស់​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ ដោយបាន​ដកហូត​ដីព្រៃ​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ជិត ២ ​ពាន់​ហិកតា​ទុក​ជា​សម្បតិ្ត​រដ្ឋ​វិញ​។ អាជ្ញាធរ​បាននិង​កំពុង​យក​កូនឈើ​ប្រណីត​មួយ​ចំនួន​ទៅ​ដាំ​លើដី​ដែល​ក្រុម​ជនខិលខូច​កាប់​ទន្ទ្រាន​នោះ​។

លោក​បន្តថា សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​រក​ជនខិលខូច​ដែល​បាននាំគ្នា​ទៅ​ឈូសឆាយ កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​នៅក្នុង​តំបន់​នោះ ដោយ​មាន​សំណុំរឿង​ខ្លះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជនខិលខូច​រួចហើយ ប៉ុន្ដែ​លោក​មិនទាន់​អាច​បង្ហាញ​អត្តសញ្ញាណ​ពេលនេះ​បានទេ ដើម្បី​ឈានទៅ​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សុំ​លាក់​អត្តសញ្ញាណ​សិន ដើម្បី​យើង​ធ្វើ​កុំឱ្យ​ជនខិលខូច​ដឹងខ្លួន​រត់គេច អ៊ីចឹង​ខ្ញុំ​សុំ​លាក់​។ យើង​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​កំពង់ឆ្នាំង ហើយ​តុលាការ​គេ​ចាត់​ចំណាត់ការ​មក​សមត្ថកិច្ច ទើប​សមត្ថកិច្ច​យើង​នឹង​អនុវត្តតាម​ដីកា​ទៅ​នាំខ្លួន​ពួកគេ​តាម​ដីកា​មក​ផ្ដន្ទាទោស​តាមច្បាប់​»​។

បើ​តាម​លោក ច័ន្ទឌឿន ទំហំ​ដី​ជិត ២ ​ពាន់​ហិកតា​នេះ​ ត្រូវ​បាន​ជនខិលខូច​ឆ្លៀតឱកាស​នាំគ្នា​យក​ត្រាក់ទ័រ រណារយន្ត គោយន្ត​ធ្វើការ​កាប់រាន​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​​ឱរ៉ាល់ ខណៈ​ដែល​អាជ្ញាធរ​កំពុង​រវល់​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​​កូវីដ​ ១៩​។ បន្ទាប់ពី​ឈូសឆាយ ពួកគេ​បាន​យក​ដើម​ចេក និង​ដើមឈើ​ហូប​ផ្លែ​មួយចំនួន​ទៅ​ដាំ​លើដី​នោះ ដោយ​មាន​បោះបង្គោល​កំណត់​ព្រំដី សង់រោង ខ្ទម ដើម្បី​ធ្វើជា​កម្មសិទ្ធិ​។

លោក សំ ចាន់គា មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង និង​ពោធិ៍សាត់​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល ប៉ុន្ដែ​លោក​ជំរុញ​ឱ្យ​ចាត់វិធានការ​មាន​តម្លាភាព​ដោយសារ​កន្លងមក​ធ្លាប់មាន​ការដកហូត​ដី​ទាំង​អយុត្តិធម៌​។ ការដកហូត​ដី​ទាំង​អយុត្តិធម៌​នេះ​ធ្វើ​ឱ្យ​មាន​ការរិះគន់​ទៅលើ​ចំណាត់ការ​របស់​អាជ្ញាធរ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក យើង​ឃើញ​មាន​ការដកហូត​នេះ ខ្វះ​តម្លាភាព​ណាស់ គឺ​កន្លែង​ដី​ដែល​អ្នកធំ អ្នក​មាន​អំណាច​កាន់កាប់ គឺ​មិន​ត្រូវបាន​ដកហូត ឬ​ចាត់វិធានការ​តាមច្បាប់​ទេ ប៉ុន្ដែ​កន្លែង​ដី​ដែលមាន​ពលរដ្ឋ​ក្រីក្រ​តាំងទី​លំនៅ បែរ​ជាមាន​អាជ្ញាធរ​ចុះទៅ​បង្ក្រាប ឬ​បណ្ដេញ​ចេញពី​ដី​នោះ​។ អ៊ីចឹង​ក្នុងនាម​យើង​ជា​សង្គម​ស៊ីវិល ប្រសិន​មាន​ករណី​ខុសច្បាប់ ត្រូវ​តែ​ចាត់វិធានការ​ដូចៗ​គ្នា និយាយ​រួម​គឺ​យើង​ចង់​ឱ្យ​មាន​តម្លាភាព​»​។

ប៉ុន្តែ​លោក ឈួរ ច័ន្ទឌឿន លើកឡើង​ថា អាជ្ញាធរ​មិនមាន​ការលើក​លែង ចំពោះ​ជនខិលខូច​រំលោភ​យក​ដីព្រៃ ឬ​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នោះទេ​។ អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ចំពោះ​បុគ្គល​ល្មើសច្បាប់​ទាំងអស់ បើទោះបី​ជា​បុគ្គល​នោះ​ជា​អ្នកមានអំណាច ឬ​ពលរដ្ឋ​សាមញ្ញ​ក៏ដោយ​៕