ស្ទឹងត្រែងៈ លោក ស ខេង បានបញ្ជាឲ្យមន្ត្រីរដ្ឋបាលខេត្ត និងកម្លាំងប្រដាប់អាវុធត្រៀម បង្ការ ទប់ស្កាត់ និងបង្ក្រាប ឲ្យខាងតែបាននូវរាល់សកម្មភាព ដែលប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរ ដែលលោកថា បង្កឡើងដោយក្រុមក្រៅច្បាប់មួយនៅបរទេសដែលកំពុងបំផុសបំផុលពីការប៉ុនប៉ងវិលត្រឡប់ចូលមកកម្ពុជាទាំងខុសច្បាប់។
ទោះបីយ៉ាងណា បទបញ្ជារបស់លោក ស ខេង នេះ គឺមិនបានសំដៅចំឈ្មោះក្រុមណាមួយជាក់លាក់នោះទេ ប៉ុន្តែត្រូវបានគេយល់ថា គឺសំដៅទៅលើក្រុមរបស់លោក សម រង្ស៊ី ប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិ ដែលនៅបរទេស ដែលលោក ស ខេង ថា តែងតែញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងប្រទេស ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងបានបំផុសប្រជាពលរដ្ឋនៅខាងក្នុង ដើម្បីរង់ចាំស្វាគមន៍ ការវិលត្រឡប់មកវិញ ក្រោយពីពួកគេ ត្រូវបានហាមធ្វើនយោបាយស្របពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។
លោក ស ខេង បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើក ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃម្សិលមិញ ដែលមានការចូលរួមពីមន្ត្រីរដ្ឋបាលខេត្ត មន្ត្រីនគរបាល និង កងរាជអាវុធហត្ថរាប់រយនាក់។
លោកថា អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាពង្រឹង សន្តិភាព និងស្ថិរភាព ហើយត្រូវខិតខំរួមគ្នាថែរក្សា ការពារនូវសុខសន្តិភាពដោយថ្នាក់បញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវពង្រឹង អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចនានា ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាននូវរាល់សកម្មភាពដែលប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរនៅក្នុងសង្គម។
លោកក៏បានបញ្ជាឲ្យថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាពនានា ត្រូវពង្រឹង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្លាំងមានសមត្ថកិច្ចនានាក្នុងអង្គភាពរបស់ខ្លួន ឲ្យលើកកម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន។
លោកបញ្ជាក់ថា៖ «កម្លាំងប្រឆាំងនឹងសុខសន្តិភាព កំពុងតែខិតខំ ដើម្បីរកវិធីបំផ្លាញសុខសន្តិភាព។ នេះគឺជាបញ្ហា ដូច្នេះ គឺយើងមិនត្រូវភ្លេចខ្លួន យើងមិនត្រូវបាត់ការប្រុងប្រយ័ត្ន ឬក៏ស្ពឹកស្រពន់ ឆ្អែតឆ្អន់នឿយណាយនោះទេ ចាំបាច់ត្រូវតែម្ចាស់ការបំផ្លាញចោល នូវរាល់សកម្មភាពទាំងឡាយណាដែលមានបំណង ឬក៏ដែលធ្វើសកម្មភាពបំផ្លាញសុខសន្តិភាព»។
លោកបន្ថែមថា មានក្រុម ១ ដែលនៅក្រៅច្បាប់ ប៉ុនប៉ង ចូលមកកម្ពុជា ទាំងខុសច្បាប់ ហើយថា នៅឆ្នាំពី ២០១៣ ពួកគេចូលមកដោយស្របច្បាប់ ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោតឆ្នាំ ២០១៣ ប៉ុន្តែ ឥឡូវនេះ វាខុសពីឆ្នាំ ២០១៣ បំណងរបស់ពួកគេដែលចង់ចូលមកគឺខុសច្បាប់ ដោយសារបានបំផុសពលរដ្ឋនៅខាងក្នុងឲ្យរង់ចាំស្វាគមន៍ការវិលត្រឡប់មកវិញរបស់ពួកគេ។
លោកបញ្ជាក់ដូច្នេះថា៖ «ការស្វាគមន៍របៀបនេះ វាមិនដូចគ្នា នៃការស្វារគមន៍នៅឆ្នាំ ២០១៣ ទេ។ នេះហើយដែលខ្ញុំចង់និយាយថា ការប៉ុនប៉ង ដើម្បីបំផ្លាញសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជានោះ ពីព្រោះថា កាលណាចូលមកខុសច្បាប់ ប្រមូលកម្លាំងគាំទ្រចូលរួមដើម្បីទទួលឬធ្វើសកម្មភាពណាមួយប្រែមកថា ប្រឆាំងជាមួយនឹងច្បាប់ ប្រឆាំងនឹងសុខសន្តិភាព ស្ថិរភាព ដែលយើងកំពុងតែមានសព្វថ្ងៃនេះ ប្រឆាំងនឹងការអភិវឌ្ឍ»។
លោក ស ខេង ក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់អប់រំប្រជាជនគ្រប់មជ្ឈដ្ឋាន ឲ្យពង្រឹងនូវកិច្ចសហការប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នា និងលើកកម្ពស់ស្មារតីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកព្រមទាំងខិតខំរួមគ្នា ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ សាធារណៈ និងត្រូវចៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលផ្ទុយទៅនឹងច្បាប់និងសកម្មភាពទាំងឡាយណាដែលនាំឲ្យប៉ះពាល់សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គមជាតិទាំងមូល។
លោកបញ្ជាក់បន្ថែមថា៖ «យើងដឹងទាំងអស់គ្នាហើយ បើគ្មានសុខសន្តិភាពទេ យើងធ្វើអីមិនបានទេ ហើយមិនមែននៅតែកម្ពុជាទេតែប្រទេសទាំងអស់នៅលើសកលលោកដូចគ្នាដែរ។ បន្ទាប់ពីយើងបានសុខសន្តិភាព យើងខិតខំធ្វើម៉េច ការពារសុខសន្តិភាពឲ្យបាននេះគឺជាការចាំបាច់»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានលើកឡើងដែរថា ប្រទេស កម្ពុជា មិនល្អឥតខ្ចោះនោះទេ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបន្តកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយ ហើយថា ក្រោយការបោះឆ្នោតជាតិលើកទី៦ រហូតដល់ពេលនេះ សភាពការណ៍ជាទូទៅ នៃប្រទេសកម្ពុជា មានលក្ខណៈអំណោយផលជាងពេលណាទាំងអស់។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រការដាក់បញ្ជា និងការណែនាំរបស់លោក ស ខេង ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។
លោកបញ្ជាក់ថា៖ «នេះគឺជាការដាស់តឿនមន្ត្រីរបស់យើងឲ្យមានការប្រុងប្រយ័ត្ន ឬធ្វើសកម្មភាពណាមួយដែលគាំទ្រ លោក សម រង្ស៊ី ដោយសារមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគឺជាអ្នកអនុវត្តច្បាប់។ បើសិនប្រជាពលរដ្ឋទៅចូលរួម និងស្វាគមន៍ ក្នុងន័យនយោបាយ គាត់បានរំលោភច្បាប់ ដោយការទៅទទួលស្វាគមន៍តាមលក្ខណៈនយោបាយធ្វើឲ្យខូចនិងបាត់បង់ស្ថិរភាពសង្គម និងផ្ទុយនឹងសាលក្រមតុលាការកំពូលដែលហាមពួកគេធ្វើសកម្មភាពនយោបាយ»។
ប៉ុន្តែ លោក មាស នី អ្នកវិភាគនយោបាយម្នាក់ទៀត បានចាត់ទុក ការលើកឡើងរបស់លោក ស ខេង ថា គ្រាន់តែជា សារនយោបាយ ដែលមានបំណងលាងសម្អាតនូវការសង្ស័យរបស់លោកនាយករដ្ឋមន្ត្រី នាពេល កន្លងមក ចំពោះភក្តីភាពរបស់លោក ស ខេង ចំពោះលោក ហ៊ុន សែន ហើយការដាក់បញ្ជានេះ វាក៏បង្ហាញថា រាជរដ្ឋាភិបាល ក៏មានការសង្ស័យទៅលើកម្លាំងប្រដាប់អាវុធរបស់ខ្លួនដែរ។
លោកបញ្ជាក់ថា៖ «ធម្មតាលោក ស ខេង ត្រូវថ្លែងសារបែបនេះដើម្បីការពារខ្លួនគាត់ កុំឲ្យមានការសង្ស័យតទៅទៀតចំពោះការមន្ទិលពីសម្តេច ហ៊ុន សែន និងសមាជិក (CPP) ផ្សេងទៀត»។
ក្រៅពីនេះលោក មាស នី ក៏បានគូសបញ្ជាក់ផងដែរថា បើទោះបីជាមានប្រជាពលរដ្ឋចេញទៅរង់ចាំទទួលស្វាគមន៍លោក សម រង្ស៊ី ក៏ដោយ ក៏វាមិនមែនជាអំពើខុសច្បាប់អ្វីដែរ ដោយសារតែសំណុំរឿងដែលធ្វើការចោទប្រកាន់ទៅលើលោក សម រង្ស៊ី គឺជារឿងនយោបាយ៕