ភ្នំពេញៈ លោក ស ខេង ​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​​​ បន្ត​តាម​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​នៅ​មជ្ឈ​មណ្ឌលកម្សាន្ត​​រ៉ុកឲ្យ​បាន​​ ជា​មួយ​នឹងការគូស​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ត្រូវ​តែ​ស្អាត​ស្អំ​​ ដោយ​មិន​ត្រូវ​​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដែល​ជា​បទ​ឧក្រិដ្ឋ​នេះ​ឡើយ។

លោក ស ខេង បាន​ថ្លែង​បែប​​នេះនៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ ២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នពេញ​កាលពី​ថ្ងៃទី ១៩ មីនា។​លោក​លើក​ឡើង​​ថា ក្រសួង​មហា​ផ្ទៃនឹងមិន​ស្ទាក់ស្ទើរ​ ក្នុង​ការ​ចាប់ខ្លួន​មន្ត្រី​ប៉ូលិស​​រូប​នោះ​ឡើយ និង​បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ត្រូវ​ប្រឹងប្រែង​ឱ្យ​ខ្លាំ​ង​ឡើង​ថែមទៀតក្នុងការ​ទប់ស្កាត់​គ្រឿង​ញៀន ហើយ​​មិន​ត្រូវ​​ពាក់ព័ន្ធ​នឹង​បទ ល្មើស​គ្រឿ​ង​​ញៀន​ដាច់​ខាត។

លោក​ថ្លែង​ថា​​៖ «ព្រោះ​ក្នុង​ចំណោម​មុខ​​សញ្ញា​នៃ​បទល្មើស​គ្រឿង​ញៀ​ន​​​ក្នុង​រ៉ុកមាន​ប៉ូលិស​ចូល​ពាក់​ព័​ន្ធ​​នៅក្នុង​នោះ ដែល​ជាមុខ​សញ្ញា​កំពុង​តាមរក​ចាប់ខ្លួន ដូច្នោះ​ យើង​មិនត្រូវ​ស្ទាក់ស្ទើ​រធ្វើ​បញ្ហា​នេះ​ទេ និង​ត្រូវ​បន្ត​ធ្វើ​ទៀត»។

លោក​បន្តថា៖ «​(សមត្ថកិច្ច​) ​ត្រូវ​ដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ ចំពោះ​ម្ចាស់​ទីតាំង​សប្បាយ សណ្ឋា​គារ ផ្ទះសំណាក់​នានា ដើម្បី​បង្ការ​និង​ទប់ ស្កាត់ ការ ​ប្រើ​ប្រា​ស់ ជួញដូរ និង​ចែក​ចាយ​សារធាតុ​ញៀន។ ទន្ទឹមនឹងនេះ ថ្នាក់​ដឹក​នាំ​មន្ត្រីរាជការ​និង​កង​កម្លាំង​ប្រដាប់អាវុធ​ត្រូវតែ​ស្អាត​ស្អំ និង​មិន​ត្រូវ​​ពាក់ព័ន្ធ​នឹង​គ្រឿ​ងញៀន និង​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់»។

បើតាម​លោក ស ខេង គ្រឿង​​ញៀនគឺជា​បញ្ហា​ដ៏​ក្ដៅគគុក​មួ​យ ​នៅ​ពេល​សព្វថ្ងៃនេះ ព្រោះ​ចាប់​ពី​ឆ្នាំ ២០១៨ មក មាន​គ្រឿង​ញៀន​ជាង​កន្លះ​តោន ត្រូវ​បង្ក្រា​ប​ និង​រឹបអូស​បាន ស្រប​ពេល​បទ​​ល្មើស​គ្រឿង​ញៀន​កំពុង​បន្ត​កើតឡើង​នៅ​រាជធានី​ភ្នំពេញ និង​រាលដាល​ដល់​បណ្ដា​ខេត្ត​មួយ​ចំនួន។

លោក ស ខេង បាន​ជំរុញ​ឱ្យ​សមត្ថ​កិច្ច​ត្រូវ​ចាត់ទុកថា​ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន គឺ​ជា​ភារកិច្ច​យុទ្ធសាស្ដ្រ​សម្រាប់​ឆ្នាំ ២០១៩-២០២០ និង​ឆ្នាំ​ខាង​មុខ ដើម្បី​កាត់បន្ថយ​ជា​អតិប​រមា និង​ឈាន​ទៅ​​លុប​បំបាត់ ការចែក​ចាយ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន នៅ​ក្នុង​ប្រទេស។

លោក​ថា៖ «ពីព្រោះ​មកដល់ពេលនេះ មិន​ត្រឹមតែ​រាជធានី​ភ្នំពេញ​ទេ ដែល​បាន​ចរាចរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ទីជនបទ​មួយ​ចំនួន​ក៏បាន​ជួបប្រទះ​ហើយ​ដែរ​។ យើង​ឃើញស្រាប់​ហើយ ទាំង​នៅ​ក្លិប​កម្សាន្ត​រ៉ុ​ក និង​ក្លិប​កម្សាន្ត​មួយ​ទៀត​ នៅ​ខេត្ត​​សៀម​រាបដែល​យើង​បានធ្វើ ២-៣ ​ថ្ងៃ​មុននេះគឺ​សុទ្ធតែ​មនុស្ស​ដែលមាន​វ័យក្មេង​ ជា​យុវជន​ទាំងអស់ដែល​ទៅប្រើ​ប្រាស់​ជក់​គ្រឿងញៀន​នៅ​ទីនោះ ដូច្នោះ ​វា​ធ្វើឱ្យប៉ះពាល់​​ដល់​ធនធាន​មនុស្ស ប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម​យ៉ាងធ្ងន់ធ្ង​រ ពីព្រោះថា វា​អាច​ក្លាយទៅជា​ចោរ​លួច ​ចោរប្លន់ ចោរ​ឆក់ អី​ជាដើម ហើយក៏​ប៉ះ​ពាល់​ដល់​ធន​ធាន​ថវិកា​ក្នុង​ការស្ដារ​នី​តិសម្បទា និង​វិធាន​ការ​ផ្សេងៗ​ទៀត»។

លោក ឆាយ គឹម​ខឿន អ្នក​​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក​មិនទាន់​អាច​បញ្ជាក់​បាន​ថា ​មាន​​មន្ត្រី​ប៉ូលិស​ប៉ុន្មាន​នាក់​ ជាប់​ពាក់ព័ន្ធ​​ក្នុង​ករណី​គ្រឿងញៀន​ នៅក្នុង​ក្លិប​កម្សាន្ត រ៉ុ​ក​ឡើយ ព្រោះ​កំពុង​ស្ថិតក្នុង​ដំណាក់​កាល​តាម​ចាប់ខ្លួន។ លោក​បន្តថា មានតែ​ករណី​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​រ៉ុ​ក​តែមួយ​ប៉ុណ្ណោះ ដែល​មាន​មន្ត្រី​ប៉ូលិស​ជាប់​ពាក់ព័ន្ធ។

លោក​បន្ត​ថា៖ «ពាក្យ​ថា ពាក់ព័ន្ធ ជួនកាល​អាចជា​ការបង្ក​​លក្ខណៈ ជួនកាល​អាច​រួម​ប្រព្រឹត្ត។ វិធានការ​ គឺ​មិនឱ្យ​វា ​(ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន) រួចខ្លួន​ធ្វើ​អីពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ជា​បទឧក្រិដ្ឋ បើ​គេ​អាច​យកទៅ​បាញ់ចោល​គេ​យកទៅ​បាញ់​ចោល ហើយ​សមត្ថកិច្ច​ហ្នឹងហើយ ដែលមាន​ទោស​គុណ​ជា ២»។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​ យល់​ឃើញ​ថារឿង​ប៉ូលិស​ពាក់ព័ន្ធ​នឹង​គ្រឿ​ង​ញៀន គឺ​ជា​​រឿង​ដែល​មិនអាច​ចៀស​រួច​ឡើយ ព្រោះ​ដោយសា​រ​ការតាមដាន​អំពី​ការអនុវ​ត្ត​​ច្បាប់​នៅតែមាន​ភាព​ធូររលុង ដែល​នាំ​ឱ្យ​មានការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ស្របពេល​គេ​ដឹងថា ការ​ជួញ​ដូរ​និង​ចែក​ចា​យ​គ្រឿងញៀន​គឺជា​អំពើ​ខុស​ច្បាប់​​មួយ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ឆាប់​មាន​បាន។

លោកបញ្ជាក់​​ថា៖ «ការ​តាម​រក​ឈ្មួ​ញ​​គ្រឿងញៀនឬ​អ្នកពាក់​​​​ព័ន្ធ​ ដូចជា​ប៉ូលិស​ជាដើម មិន​ពិបាក​រក​ទេដោយសារ​អីដោ​យ​សារ​ការ​ឆ្មក់​ចូលទៅ​ឃាត់​មនុស្ស​ជាង ៣០០ នាក់ ​កន្លងមក​ហ្នឹ​ង ពួកគេ​នឹង​អាច​ផ្ដល់​ចម្លើយ​ហើ​យ​ថា តើ​អ្នកណា​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ នៅក្នុង​ហ្នឹង (រ៉ុ​ក) ខ្លះ ដូច្នេះ ​ខ្ញុំ​មានជំនឿថា នឹង​អាច​រក​ឃើញ​បើ​​​ក្រសួង​មហា​ផ្ទៃមាន​ឆន្ទៈ​ពិត​ប្រាកដពិសេ​ស​​​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បំបែក សំណុំរឿង​ចែកចាយ​គ្រឿងញៀ​​នដែល​ពាក់ព័ន្ធ​ជាមួយ​ប៉ូលិស​ហ្នឹង»។

សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់លោ​ក គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ពីបទ «ចាត់ចែង​សម្រួល​ ឱ្យមាន​ការប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​សមគំនិត» និង​សម្រេច​ឃុំ​ខ្លួ​ននៅ​ពន្ធនា​គារ ​(PC)​ រួមទាំង​អ្នក​ពាក់ព័ន្ធ​ចំនួន ១៧ នាក់​ផ្សេង​ទៀត។

កាលពី​ថ្ងៃ​ម្សិលមិញ​ លោក កែ កឹម​យ៉ាន ឧបនាយក​រដ្ឋ​ម​ន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផ​ល​ការងារ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ របស់​អាជ្ញា​​​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ស្នើឱ្យ​ពិនិត្យ​ និង​វាយតម្លៃ​អំពី​លទ្ធភាព​ដែល​សម្រេចបាន​អំពី​ចំណុចខ្លាំង​និង​ខ្សោយ និង​បញ្ហា​ប្រឈម ដើម្បី​កំណត់​ទិសដៅ​និង​សក​ម្ម​ភាព​ការងារ​ ឱ្យបាន​សមស្រប ក្នុង​ការ​​ទប់ស្កាត់​និង​ដោះ​ស្រា​យ រាល់​បញ្ហា​ពាក់ព័ន្ធ​គ្រឿង​ញៀន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព៕