ភ្នំពេញៈ លោក​ ​ស ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ដែល​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ​និង​ការ​កាប់​ឈើ​ខុស​ច្បាប់​។​

នៅ​ក្នុង​វេទិកា​ជាតិ ​អន្តរ​សាសនា​នៅ​កម្ពុជា​លើក​ទី៣ ​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិព័រណ៍​កោះពេជ្រ​កាល​ពី​​ថ្ងៃ​ពុធ​ ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ​ក្រសួង​ធម្មការ​ និង​សាសនា និង​អង្គការ​ការីតាស​កម្ពុជា​ ​ថ្នាក់​ដឹកនាំ ​សាសនា​រួមមាន​ ព្រះពុទ្ធ​សាសនា​ អ៊ិស្លាម​សាសនា​ ​កាតូលិក ​និង​គ្រិស្ត​បរិស័ទ ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ​លោក​ ស​ ខេង​ ថ្លែង​ថា ​​អ្នក​រក​ស៊ី​ជួញដូរ​មនុស្ស​មិនមែន​អ្នក​ក្រ​ទេ ​គឺ​អ្នក​មាន​លុយ​ ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ ​ប៉ុន្តែ​លោភលន់ មិន​ចេះ​ចប់​មិន​​ចេះ​ហើយ​​ដោយ​ប្រើ​មធ្យោបាយ​ទៅ​បោក​បញ្ឆោត​អ្នក​ដែល​គ្មាន​លទ្ធភាព​ ​អ្នក​ដែល​គ្មាន​ការ​ចេះ​ដឹង​ ​គ្មាន​ការ​អប់រំ​ ឬ​ជីវភាព​ខ្សត់ខ្សោយ ​ហើយ​លោក​ក៏​បញ្ជា​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ ​បង្កក​ទ្រព្យ​សម្បត្តិ​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​។​

លោក​ ស​ ​ខេង​ ​ថ្លែង​​ថា​៖ ​«​ការ​ជួញដូរ​គ្រឿង​ញៀន​ក្តី ​ការ​ជួញដូរ​មនុស្ស​ក្តី​ រក​ស៊ី​ឈើ​ខុស​ច្បាប់​នេះ​ក្តី​ ​បើ​យើង​គ្រាន់​តែ​ចាប់​បាន​មក ​យក​មនុស្ស​ហ្នឹង​ទៅ​កាត់​ទោស​ ​ប៉ុន្តែ​អាច​ចរាចរ​លុយ​នោះ ​ដែល​លុយ​វា​ខ្មៅ​ស្រាប់​នោះ ​យើង​អត់​មាន​បង្កក​ទុក​ វា​អត់​មាន​ប្រយោជន៍​ទេ​»​។​

លោក ​ស​ ​ខេង​ បាន​អះអាង​ផង​ដែរ​ថា​មូលហេតុ​បណ្តាល​ឱ្យ​មាន​ការ​ជួញដូរ​មនុស្ស​ ពី​ព្រោះ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ ដូច​ភាព​ក្រីក្រ ​ការ​លំបាក​ ​ខ្វះ​អាហារូបត្ថម្ភ ជីវភាព​ខ្សត់​ខ្សោយ​មិន​បាន​ទទួល​បាន​​ការ​អប់រំ​ ​នេះ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​ជន​ខិលខូច​ ​ជន​លោភ​លន់ ​ឬ​ក៏​ឧក្រិដ្ឋជន​ឆក់​យក​ឱកាស​នេះ​ដើម្បី​បោក​បញ្ឆោត​ និង​ជួញដូរ​។​

យោង​តាម​របាយការណ៍​របស់ ​គណៈកម្មាធិការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ (​គ​.​ជ.​ប​.ជ​)​ ​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​រយៈពេល ​៦​ ខែ​ដើម​ឆ្នាំ ​២០១៩ ​នេះ ​សមត្ថកិច្ច​បាន​ធ្វើ​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ជួញដូរ​ផ្លូវ​ភេទ​បាន​ចំនួន​ ​៧៨​ ​ករណី​ ​គឺ​មាន​ការ​កើន​ឡើង​ ​២៥​ ភាគរយ ​និង​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​បាន​ចំនួន​ ​២៦៣ ​នាក់​ ​គឺ​កើន​ឡើង​ ​១៤៨ ​ភាគរយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​។​

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ តុលាការ​រាជធានី-ខេត្ត ​បាន​ធ្វើ​ចំណាត់​ការ​រឿង​ក្ដី​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ឃុំ ​១០១ ​នាក់​ ​នៅ​ក្រៅ​ឃុំ ​២៥ ​នាក់ ​និង​កំពុង​​ចាត់​ការ​មាន​ចំនួន​ ​៦៣ ​ករណី​។​

លោកស្រី​ ​ជូ​ ប៊ុនអេង ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹង​​ថា​ អំពើ​ជួញដូរ​មនុស្ស ​ដែល​បាន​ថែ្លង​ក្នុង​វេទិកា​ជាតិ​នេះ​ដែរ​ថា ​អំពើ​ជួញដូរ​មនុស្ស​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ជន​ដែល​ត្រូវ​បាន​គេ​ជួញដូរ​នោះ​ទេ​តែ​ក៏​បាន​ប៉ះពាល់​​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ផង​ដែរ​។​

លោកស្រី​ថ្លែង​ថា​៖ ​«​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ជម្នះ​គ្រប់​ឧបសគ្គ​​ក្នុង​ការ​បង្ការ ​ទប់ស្កាត់​ បង្ក្រាប​ សង្គ្រោះ ​ផ្តន្ទាទោស ​និង​ការពារ​ជន​រងគ្រោះ​យ៉ាង​សកម្ម។ ​ដោយ​ឡែក​ក្នុង​រយៈពេល ៦ ​ខែ​ដើម​ឆ្នាំ​នេះ ​ការ​អប់រំ​ផ្សព្វផ្សាយ​ ​និង​សកម្មភាព​បង្ការ​ទប់ស្កាត់​ ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ​និង​ធ្វើ​ឡើង​តាម​គ្រប់​រូបភាព​ទាំង​កិច្ច​ការពារ​ផ្លូវ​ច្បាប់​ ​ការ​អប់រំ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​»​។​

ទន្ទឹម​នេះ​ដែរ​លោក​ ​ស​ ​ខេង ​បាន​ថ្លែង​ថា ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​​ឆ្នាំ ​២០១៩ ​នេះ ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​នៃ​ប្រសិទ្ធភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ប្រទេស ​កម្ពុជា ​ពី​កម្រិត ​២ ​(​ធម្មតា)​ ​ទៅ​កម្រិត ​២ ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល ​ឬ​ ​(​Tier ​2​ ​Watch ​list)​ ហើយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ អ្នក​តំ​ណាង​សាសនា​ព្រះពុទ្ធ​ ​សាសនា​កាតូលិក​ និង​សាសនា​អ៊ិស្លាម​ ​ធ្វើ​សកម្មភាព​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ចំណាត់​ថ្នាក់​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ប្រទេស ​កម្ពុជា ​ប្រសើរ​ឡើង​វិញ​៕​