ភ្នំពេញៈ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ការជាប់​ពាក់ព័ន្ធ​រវាង​ករណី​រត់ពន្ធ​អាវុធ​ទៅ​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​ និង​ករណី​មួយ​កាលពី​ឆ្នាំ​មុន ដែល​នេះ​ហាក់បី​ដូចជា​ផ្ទុយ​នឹង​ការអះអាង​កាលពី​ពេល​មុន​របស់​ក្រសួង​ការពារ​ជាតិ​ដែល​ថា​អាវុធ​ទាំងនោះ​មិន​មាន​ចេញពី​ប្រទេស​កម្ពុជា​ទេ​។

ក្នុង​អំឡុង​សុន្ទរកថា​មួយ​ក្នុង​ខេត្ត​ក្រចេះ​លោក ខេង បាន​ថ្លែង​ថា «​នៅមាន​បញ្ហា​» ​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​អាវុធ ហើយ​ថា​ករណី​ភាគច្រើន​បំផុត​កើតឡើង​រវាង​កម្ពុជា និង​ថៃ​។ លោក​បន្ត​ថា៖ «​ថៃ​បាន​បង្ក្រាប​លើ​ករណី​នេះ និង​បាន​ចាប់​ខ្លួន​ខ្លះ ប៉ុន្តែ​មិនទាន់​បាន​ចាប់​ខ្លួន​មេគំនិត​នៅ​ឡើយ​ទេ​»​។

បន្ទាប់មក​លោក​ថ្លែង​ថា​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ករណី​មួយ​កាលពី​ពាក់កណ្តាល​ខែ​មេសា​ដែល​ក្នុង​នោះ​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ជិត​ព្រំដែន​កម្ពុជា​អាច​នឹង​ពាក់ព័ន្ធ​នឹង​ករណី​មួយ​កាលពី​ឆ្នាំ​ ២០១៧​។

កាលពី​ខែ​មិថុនា និង​កក្កដា​ឆ្នាំ​មុន​សមាជិក​មួយ​ចំនួន​របស់​ក្រុម​រត់ពន្ធ​អាវុធ ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នៅ​ថៃ និង​កម្ពុជា​។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​រួមមាន​អនុសេនីយទោ​ម្នាក់​នៅ​ក្រសួង​មហាផ្ទៃ​ដែល​ជា​សាច់ញាតិ​សាច់ថ្លៃ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោក ប៊ុន លើត អតីត​អភិបាល​ខេត្ត​កោះកុង​ និង​នគរបាល​ថៃ​ម្នាក់​ដែល​មាន​ឋានៈ​អនុសេនីយទោ​។

លោក ស ខេង បាន​ថ្លែង​ថា​៖ «​សូម​ពិនិត្យ​មើល និង​បញ្ចប់​ករណី​នេះ​»​។ «​ប្រសិន​បើ​យើង​លាក់បាំង​ករណី​នេះ ឬ​មិន​ជីកកកាយ វា​នៅ​តែ​កើតឡើង​»​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ថ្លែង​ថា​លោក​មិន​មាន​ព័ត៌មាន​ថ្មី​អំពី​ការស៊ើបអង្កេត​នេះ​ទេ​។

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​លោក ឈុំ សុជាតិ ដែល​បាន​ថ្លែង​នៅ​ក្នុង​ហ្វេសប៊ុក​ថា អាវុធ​ទាំង​នោះ​មិន​ចេញ​ពី​ប្រទេស​កម្ពុជា និង​បាន​ថ្លែង​ថា​លោក​នៅ​តែ​រក្សា​ជំហរ​របស់​លោក ប៉ុន្តែ​មិន​អាច​ធ្វើការ​សន្និដ្ឋាន​ពី​មុន​ការបញ្ចប់​ការ​ស៊ើបអង្កេត​បាន​ទេ​។ លោក​ថ្លែង​ថា៖ «​យើង​មិន​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​ទេ​។ យើង​ព្យាយាម​ស្វែងយល់​។ យើង​រីករាយ​ប្រយុទ្ធ​នឹង​ប្រភព​នោះ​»​។

អាវុធ​ដែល​ត្រូវ​បាន​រឹបអូស​ក្នុង​អំឡុង​ការចាប់​ខ្លួន​នោះ​រួមមាន​កាំភ្លើង​វែង​ម៉ាក M-16 ចំនួន​ ៤ ​ដើម ដែល​មាន​រួច​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អាវុធ​ ២ ​ដើម​ទៀត​គឺ​កាំភ្លើង​វែង​ម៉ាក Type-95៕