ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​ទារិកា​អាយុ ៥ ​ខែ​ម្នាក់ រស់នៅ​ជាមួយ​ម្ដាយ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ (​ព្រៃស​) បាន​ស្លាប់​កាលពី​ថ្ងៃទី​ ២៦ ខែ​ មករា ឆ្នាំ​ ២០២០ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ស ខេង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃទី​ ១៩ ខែ​កុម្ភៈ​ ថា​៖ «​ករណី​ហ្នឹង​យើង​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ហើយ មិនចាំបាច់​គាត់​ (​អង្គការ​លីកាដូ​) អំពាវនាវ​ក៏​យើង​ត្រូវតែ​ស៊ើបអង្កេត​ដែរ​»​។

ជាមួយ​គ្នា​នេះដែរ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ.ស.ម.ក.) បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ ១៩ ខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា គ.ស.ម.ក. បាន​ចាត់​ក្រុម​ការងារ​ធ្វើការ ពិនិត្យ​សិក្សា និង​​វិភាគ​លើ​ព័ត៌មាន និង​របាយការណ៍ និង​ចុះ​ស៊ើបអង្កេត​ដោយ​ជួប​ជាមួយ​គ្រប់ភាគី​រួមមាន ប្រធាន​ពន្ធនាគារ មន្ត្រី​ប៉ុស្តិ៍ ជន​ជាប់ឃុំ​បន្ទប់​ជាមួយ​គ្នា​ចំនួន​ ២ ​រូប​ម្តាយ​ទារិកា និង​ប្រធាន​អគារ​។

លោក​ នុត ​សាវនា ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាននិង​កំពុង​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទៅលើ​ករណី​ដែល​អង្គការ​លីកាដូ​ស្នើសុំ​ទទូច​ឱ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ​ទៅលើ​ការស្លាប់​របស់​ទារិកា​អាយុ​ ៥ ​ខែ​ម្នាក់​។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លីកាដូ​បាន​អះអាង​ថា ទារិកា​អាយុ​ ៥ ​ខែ​ម្នាក់​រស់នៅ​ជាមួយ​ម្ដាយ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ (​ព្រៃ​ស​) បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ ទី​ ២៦ ខែ​មករា​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត ក្នុង​រាជធានី​ភ្នំពេញ​។ ការស្លាប់​នេះ​បង្ហាញ​ពី​តម្រូវការ​ចាំបាច់​សម្រាប់​អាជ្ញាធរ​ក្នុងការ​ផ្ដល់​អាទិភាព​សិទ្ធិ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​សម្រាប់​ស្ត្រី​ដែលមាន​កូនតូច​នៅ​ជាមួយ​។ អ្នកស្រី​មិន​ត្រូវ​បានផ្ដល់​មេធាវី​ការពារ​ក្ដី​ទេ ហើយក៏​មិនបាន​ដឹង​ពី​សិទ្ធិ​ក្នុង​ការស្នើសុំ​នៅក្រៅ​ឃុំ​ផងដែរ​។ អ្នកស្រី​មាន​ផ្ទៃពោះ​ ៨ ​ខែ​នៅពេល​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​យើងខ្ញុំ សូម​ស្នើសុំ​ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ធានា​ថា​ករណី​បែប​នេះ​មិន​កើតមាន​ឡើង​ម្ដងទៀត​»​។

លោក​ នុត ​សាវនា ​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​និង​កំពុង​ស្រាវជ្រាវ​មើលថា​តើ ទារក​ដែល​បាន​ស្លាប់​គឺ​បណ្តាល​មកពី​ការខ្វះ​ការយកចិត្ត​ទុកដាក់​ពី​សមត្ថកិច្ច ឬ​ក៏​បណ្តាល​មកពី​លក្ខខណ្ឌ​ការរស់នៅ​របស់​គាត់​មិន​សមស្រប និង​ស្រាវជ្រាវ​ថា តើ​មន្ទីរពេទ្យ​បាន​យកចិត្ត​ទុកដាក់​គ្រប់គ្រាន់​ដែរ​ឬ​ទេ​ក្នុង​ការពិនិត្យ​ព្យាបាល​ទារិកា​នោះ​។

ទិដ្ឋភាព​នៅ​ខាងមុខ​ពន្ធនាគារ​ព្រៃស​នាពេល​កន្លងមក​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍​

លោក សាវនា ថ្លែងថា​៖ «​ខ្ញុំ​កំពុងតែ​ស្រាវជ្រាវ​ករណី​ហ្នឹង​ហើយ​សុំ​គោលការណ៍​ពី​អគ្គនាយកដ្ឋាន​ថា ត្រូវ​ដោះស្រាយ​យ៉ាងម៉េច​ចំពោះ​ការងារ​ហ្នឹង​។ ខ្ញុំ​គិតថា បញ្ហា​ខាង​មន្ទីរពេទ្យ​កុមារ​ច្រើន​ជាង ពីព្រោះ​គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ពេទ្យ​ដែរ ហើយ​ខាង​ពេទ្យ​សរសេរ​មក​ថា ខ្លួន​មិន​សូវ​បាន​យកចិត្ត​ទុកដាក់​។ យើង​មិនមែន​សាចទឹក​ដាក់គ្នា​អី​ទេ​»​។

លោក​បាន​អះអាង​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​មាន​ការសោកស្តាយ​ពេលដែល​ទទួល​ដំណឹង​ថា ទារិកា​អាយុ​ ៥ ​ខែ​នោះបាន​ស្លាប់ ហើយ​លោក​បាន​ទទួល​ស្គាល់​ថា ការខ្វះ​ការយកចិត្ត​ទុកដាក់​គ្រប់គ្រាន់ និង​ពិនិត្យ​ដិតដល់​ក្នុងការ​ថែ​ព្យាបាល​ទារិកា​នោះ​ពី​មន្ត្រី​ពន្ធនាគារ និង​គ្រូពេទ្យ​មួយចំនួន​។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹងថា​លីកាដូ​ក៏បាន​ស្នើសុំ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថា អ្នក​ជាប់ឃុំ​ទាំងអស់​ដែល​មាន​សិទ្ធិ គួរ​ត្រូវ​បាន​សាក​សួរថា តើ​អ្នក​ទាំងនោះ​ចង់​ស្នើសុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ដែរ​ឬ​ទេ​? ​ជាពិសេស​ករណី​អ្នក​ជាប់ឃុំ​ដែល​ងាយ​រងគ្រោះ​ដូចជា ស្ត្រី​មាន​កូន​តូច​នៅ​ជាមួយ និង​អនីតិជន​។ គួរផ្ដល់​អាទិភាព​ចំពោះ​សវនាការ​សុំ​នៅក្រៅ​ឃុំ​នៃ​ករណី​របស់​អ្នក​ជាប់ឃុំ​ដែល​ងាយ​រងគ្រោះ​ដូចជា ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​តូច​នៅ​ជាមួយ ដូចនេះ​អ្នក​ទាំងនេះ​មិនចាំបាច់​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​វែង និង​មិនមាន​ពេលវេលា​កំណត់​ជាក់លាក់​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ត្រូវ​ធានាថា​ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​គួរ​ត្រូវបាន​ប្រើប្រាស់​ដោយ​សមស្រប និង​ជា​ជម្រើស​ចុងក្រោយ​ដោយ​អនុលោម​តាម​គោលការណ៍​សន្មត​ថា គ្មាន​ទោស និង​ការពិចារណា​ឱ្យ​បាន​ហ្មត់ចត់​អំពី​អ្នក​ជាប់ឃុំ​ដែល​ងាយ​រងគ្រោះ ហើយ​ថា​ត្រូវ​ធានាថា រាល់​បុគ្គល​ដែល​ត្រូវ​បាន​ចោទប្រកាន់​ទទួល​បាន​សិទ្ធិ និង កិច្ចការពារ​ផ្នែក​ច្បាប់​ពេញលេញ ការជូនដំណឹង​ត្រឹមត្រូវ​ពី​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំងនោះ​ និង​ដឹង​ពី​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការដាក់​ពាក្យស្នើសុំ និង​ទទួលបាន​សិទ្ធិ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ជាពិសេស​ក្នុង​ករណី​នៃ​អ្នក​ជាប់ឃុំ​ដែល​ងាយ​រងគ្រោះ​ដូចជា អនីតិជន ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​តូច​នៅ​ជាមួយ​ជាដើម​។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លីកាដូ​បញ្ជាក់ថា​៖ «​ម្ដាយ និង​ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ពីបទ​មជ្ឈិម គួរ​ត្រូវ​បាន​ព្យួរទោស​»​។

លោក សាវនា បាន​ឲ្យ​ដឹងថា​ចំណុច​ខ្លះ​នៃ​ការស្នើសុំ​របស់​អង្គការ​លីកាដូ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អនុវត្ត​ហើយ និង​ចំណុច​ខ្លះ​ទៀត​វា​ហួស​ដែន សមត្ថកិច្ច​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​ពុំមែន​មាន​ន័យថា​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ព្រងើយកន្តើយ​រឿង​ហ្នឹង​នោះទេ ហើយ​លោក​អះអាង​ថា ជន​ជាប់ឃុំ​ដែល​ងាយ​រងគ្រោះ គឺ​អាទិភាព​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ហើយ​ថា​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មាន​ការលំបាក​ក្នុង​ការគ្រប់គ្រង​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ ​ដោយសារ​តែមាន​ជន​ជាប់ឃុំ​វា​ច្រើន ខណៈ​ដែល​មន្ត្រី​ពន្ធនាគារ​មាន​ចំនួន​តិច និង​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​ថ្លែងថា​៖ «​មនុស្ស​ច្រើន​តែ​យើង​មាន​មន្ត្រី​តិច ដូច្នេះ​ហើយ​គាត់​មើល​មិនបាន​ពេញដៃ​ពេញជើង​។ និយាយ​ទៅ​យើង​មិនមែន​ច្រានចោល​ការទទួល​ខុសត្រូវ​នោះទេ តែមាន​ចំណុច​ខ្លះ​វា​ហួស​ដែន​សមត្ថកិច្ច និង​សមត្ថភាព​។ ហើយ​ចំណុច​ទាំង​ប៉ុន្មាន​ហ្នឹង វា​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​តែបើ​យើង​ខំ​តែឯង​ធ្វើ​ដោយ​គ្មាន​ការជួយ​ពី​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​វា​នឹង​លំបាក ហើយ​ចំណុច​ខ្លះទៀត​វា ទាមទារ​ការចូលរួម​ពី​ប្រមុខ​ដឹកនាំ​ស្ថាប័ន​ក្តី និង​អ្នក​នយោបាយ​ជាន់ខ្ពស់​រហូត​ដល់​អាច​ធ្វើ​វិសោធកម្ម​ច្បាប់​មួយចំនួន​»​។

លោក សាវនា ក៏បាន​អរគុណ​ចំពោះ​អង្គការ​លីកាដូ​ដែល​បាន​ខិតខំ​សិក្សា និង​បានផ្តល់​អនុសាសន៍​ដែល​ជា​ការរួមចំណែក​ការកាត់បន្ថយ​បញ្ហា​នៅ​ថ្ងៃមុខ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នឹង​ពិនិត្យ​មើល និង​សិក្សា​បន្ថែម​ទៅលើ​របាយការណ៍​របស់​អង្គការ​លីកាដូ និង​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍ​ និង​ស្ថាប័ន​ថា​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

យោង​តាម​របាយការណ៍​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ១៨ ខែ​មករា ឆ្នាំ​ ២០២០ ទារិកា​អាយុ​ ៥ ​ខែ​បាន​រងរបួស​ជា​ទម្ងន់​ដោយ​បាក់ ឆ្អឹងភ្លៅ បុគ្គលិក​ពេទ្យ​នៅ​មណ្ឌលអប់រំ​កែប្រែ​ទី​ ២ បាន​ពិនិត្យ​ស្ថានភាព​ជំងឺ​របស់​នាង និង​បាន​បញ្ជូន​នាង និង​ម្ដាយ​ទៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត​ដែល​បាន​ព្យាបាល​អ្នក​ជាប់ឃុំ​មកពី​ពន្ធនាគារ​កន្លងមក​។ បុគ្គលិក​ពេទ្យ​បាន​ថត​កាំរស្មី​អ៊ិច និង​បាន​រកឃើញ​ថា ទារក​នេះ​បាន​បាក់​ឆ្អឹងភ្លៅ​។ ទារក និង​ម្ដាយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយសារ​ខាង​មន្ទីរពេទ្យ​លើកឡើង​ថា មិនមាន​អ្នក​ជំនាញ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ក្មេង​បែបនេះ​ទេ​។

មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏​បាន​ព្យាបាល​ទារក​រងគ្រោះ​រួច​ហើយ​ក៏​បញ្ជូន​នាង​ត្រឡប់​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ ​វិញ ទោះបី​ជា​បុគ្គលិក​ពន្ធនាគារ​បាន​ស្នើសុំ ទេវី និង​ម្ដាយ ស្នាក់នៅ​ពេទ្យ​មួយ​យប់​ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ ក៏​បុគ្គលិក​មន្ទីរពេទ្យ​បាន​បដិសេធ និង​ត្រូវ​បាន​រាយការណ៍​ថា បាន​និយាយ​ថា​គ្មាន​បន្ទប់​ទំនេរ​សម្រាប់​ទេវី និង​ម្ដាយ​ទេ​។ ត្រឹម​ថ្ងៃទី​ ២៥ ខែ​មករា ឆ្នាំ​ ២០២០ ទារិកា​នោះ​មាន​ការពិបាក​ដកដង្ហើម​។ ម្ដាយ​របស់​នាង​បាន​កត់សម្គាល់​ឃើញថា កូន​របស់​ខ្លួន​បាន​ចាប់ផ្ដើម​បាត់បង់​ស្មារតី និង​បាន​ប្រាប់​ទៅ​មន្ត្រី​ពន្ធនាគារ​ភ្លាម​។

បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ បាន​ដាក់​សេរ៉ូម ទេវី និង​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត​ជា​កន្លែង​ដែល​អ្នក​ទាំងនោះ​សម្អាត ស្លេស្ម៍ និង​ថត​កាំរស្មី​អ៊ិច សួត​របស់​នាង​។ លុះដល់​ព្រឹក​ថ្ងៃ​ ២៦ ខែ​មករា ទេវី ពិបាក​ដកដង្ហើម​ជាខ្លាំង​។ នាង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​បន្ទប់​សង្គ្រោះបន្ទាន់​ជា​កន្លែង​ដែល​វេជ្ជបណ្ឌិត​បាន​ព្យាយាម​យក​ស្លេស្ម៍​ចេញ​ពី​សួត​របស់​នាង និង​បាន​ធ្វើ​ចលនា​បេះដូង ប៉ុន្តែ​នាង​នៅ​តែ​មិនដឹង​ខ្លួន​។ បន្ទាប់មក ទេវី ត្រូវ​បានដាក់​នៅក្នុង​ទូកញ្ចក់​បំពាក់​ជាមួយ​នឹង​អុកស៊ីហ្សែន​។ ប៉ុន្តែ​នៅ​ ៣ ​នាទី​ក្រោយមក នាង​ក៏​បាន​ស្លាប់បាត់​បង់ជីវិត ហើយ​ការធ្វើ​កោសល្យវិច័យ​សាកសព​បាន​បង្ហាញ​ថា ទេវី ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារូបត្ថម្ភ​៕