កំពង់ធំៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បញ្ជា​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រុម​ការងារ​ពាក់ព័ន្ធ​ឲ្យ​ចុះ​ស៊ើបអង្កេត​ជាបន្ទាន់ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ជនរងគ្រោះ​ដែល​ជា​មន្ត្រី​នគរបាល​នារី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដែល​ប្តឹង​ចោទ​លោក​ស្នងការ​ខេត្ត​នេះ​ពី​ការបៀតបៀន​កេរភេទ និង​បំពាន​លើ​ពួកគេ​។

លោក ស ខេង បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ម្សិលមិញ​ថា លោក​ទទួល​បាន​ព័ត៌មាន និង​ពាក្យ​ស្នើឱ្យ​ជួយ​រក​យុត្តិធម៌​ពី​ជនរងគ្រោះ​ទាំងនេះ​ដែល​ពួកគេ​បាន​ចោទ​ថា លោក​ អ៊ុក កុសល ស្នងការ​ខេត្តកំពង់ធំ​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មកលើ​ពួកគាត់ ដោយ​លោក​បាន​បញ្ជូន​ករណី​នេះ​ទៅ​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ដើម្បី​ធ្វើការ​ពិនិត្យ​ករណី​នេះ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «​រឿងនេះ​មិនមែន​ជា​ករណី​ថ្មី​ទេ ជា​រឿង​យូរ​មកហើយ ប៉ុន្តែ​​ដោយសារ​នៅក្នុង​ស្នងការដ្ឋាន​ខេត្ត​កំពង់ធំ​មាន​បញ្ហា ដូចនេះ​ខ្ញុំ​មិនទាន់​អាច​សម្រេច​ធ្វើការ​ដោះស្រាយ​យ៉ាងណា​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ក្រុម​ការងារ​ដោះស្រាយ​ជាមុនសិន​»​។

លោក ស ខេង ធ្លាប់​បាន​ធ្វើលិខិត​ព្រមាន​ម្តង​រួចហើយ ហើយ​លោក​ក៏​ធ្លាប់​បាន​សន្យាថា ក្រោយពី​ការព្រមាន​ហើយ​បើ​មិនមាន​ការកែប្រែ​នោះ​លោក​នឹងមាន​វិធានការ​មួយ​ជំហាន​ទៀត គឺ​ការដកចេញ​ ឬ​ចាត់វិធានការ​រដ្ឋបាល​ធ្ងន់ធ្ងរ​ណាមួយ​ទៅលើ​មន្ត្រី​នគរបាល​ទាំងនោះ​។

យោង​តាម​លិខិត​ចុះ​ថ្ងៃទី​ ៣០ ខែ កក្កដា ឆ្នាំ​ ២០២០ ដែលមាន​ស្នាម​ផ្តិតមេដៃ​ចំនួន​ ៤ ​របស់​នគរបាល​នារី​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​ដែល​បាន​ផ្ញើជូន​លោក ស ខេង ឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ទាំងនោះ​ត្រូវ​បាន​លោក​ អ៊ុក កុសល ដែលជា​មេដឹកនាំ​របស់​ពួកគាត់​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​លើ​ពួកគាត់​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​ ២០១៨ ​មក ប៉ុន្តែ​ពួកគាត់​មិន​ហ៊ាន​ធ្វើការ​តវ៉ា ដោយសារ​រង​ការគំរាមកំហែង​ពី​លោក​ អ៊ុក កុសល ខ្លាច​ប៉ះពាល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ជា​ស្ត្រីភេទ និង​ខ្លាច​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ (​ប្ដី​ដឹង​អាច​ប្រឈម​នឹង​ការលែងលះ​គ្នា​)​។ លិខិត​ដដែល​បញ្ជាក់​យ៉ាង​លម្អិត​ពី​សកម្មភាព​បៀតបៀន​កេរ​ភេទ​មកលើ​ក្រុម​នារី​​ជនរងគ្រោះ​ទាំងនេះ​ពី​សំណាក់​លោក អ៊ុក កុសល​។

នារី​រងគ្រោះ​ប្រាប់​លោក ស ខេង ថា៖ «​កន្លងមក​ពួកនាង​ខ្ញុំ​ក៏បាន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​បុគ្គលិក​រួចហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​យុត្តិធម៌​ទេ មក​ដល់​ពេល​នេះ ពួកនាង​ខ្ញុំ​គ្មាន​ផ្លូវ​ណា ដើម្បី​ជ្រើសរើស​ក្រៅពី​គោរព​ស្នើសុំ​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេច​ក្រឡាហោម​ដែល​ជា​ឪពុកម្តាយ ជួយ​រកយុត្តិធម៌​ឲ្យ​កូនចៅ​ជា​ជនរងគ្រោះ​ផង ព្រោះ​អ្នកប្រព្រឹត្ត​ជា​មេកោយ ហើយ​មាន​អំណាច​គាបសង្កត់​មកលើ​កូនចៅ​ដែល​ទន់ខ្សោយ​»​។

លោក​ អ៊ុក កុសល មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​លើ​ការចោទប្រកាន់​នេះ​បាន​ទេ​ពី​ម្សិលមិញ​។

ប៉ុន្តែ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មកដល់​ពេល​នេះ​លោក​មិនទាន់​ទទួល​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ​ក្នុង​ករណី​ស៊ើបអង្កេត​លើ​ការចោទប្រកាន់ លោក អ៊ុក កុសល ​នេះ​ដោយសារ​រឿងនេះ​ខាង​ក្រុម​ការងារ​នៃ​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​កំពុង​ធ្វើការ​។ លោក​បញ្ជាក់​ថា​៖ «​សុំ​ទុក​ឱ្យ​ក្រុមការងារ​ធ្វើការ​សិន ហើយ​ខ្ញុំ​មិនទាន់​អាចសន្និដ្ឋាន​យ៉ាងណា​នៅឡើយ​បាន​ទេ មុនពេល​ក្រុមការងារ​ស្រាវជ្រាវ​នោះ​»​។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់ CCHR លោកស្រី ចក់ សុភាព ​ថ្លែង​ថា ការដោះស្រាយ​បញ្ហា​បំពាន​លើ​ស្ត្រី​គឺ​ត្រូវ​ដាក់​ទោសទណ្ឌ​លើ​ជនល្មើស​តាមផ្លូវ​ច្បាប់ ដោយ​មិន​មាន​ការលើកលែង​ដោយសារ​ឋានៈ​ ឬ​ក្រុម​បក្ខពួក​នោះឡើយ ដើម្បី​លុបបំបាត់​នូវ​វប្បធម៌​និទ្ទណ្ឌភាព​នោះ​ទើប​ជា​ការធានា​នូវ​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​។ «​មិនមែន​ដោយ​ការកំហិត​លើ​សម្លៀកបំពាក់​របស់​ស្ត្រី ឬ​ការដាក់បន្ទុក​បន្ថែម​ដោយសារ​ការស្លៀកពាក់​ ឬ​ឥរិយាបថ​ណាមួយ​របស់​ស្ត្រី ជា​មូលហេតុ​នៃ​អំពើហិង្សា ឬ​បៀតបៀន​នោះឡើយ​។ ខ្ញុំ​ក៏​សង្ឃឹមថា បុគ្គល​ទាំងឡាយ​ដែល​អះអាង​ថា គាំទ្រ​ដល់​ការរក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ស្ត្រី​នឹង​ចូលរួម​ទាមទារ​ និង​ផ្តល់នូវ​យុត្តិធម៌​ដល់​ស្ត្រី​គ្រប់រូប​ដែល​បាន​រងគ្រោះ​ដូច​ករណី​នេះ​ជាដើម​»​។

គួរ​បញ្ជាក់​ថា កាលពី​ដើម​ខែ​មិថុនា​កន្លង​មក​លោក ស ខេង បាន​ដាក់​វិន័យ​ដោយ​ការព្រមាន​លើក​ទី​ ១ ​ម្តង​រួច​មក​ហើយ ចំពោះ​លោក អ៊ុក កុសល ដោយ​មូលហេតុ​ខ្វះ​ការយក​ចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រង​ និង​ដឹកនាំ​៕