ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃទី ១៣ ខែ​ឧសភា បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​នៅ​ជាប់​ព្រំដែន​​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ជិត​ខាង ខណៈ​​ប្រទេស​ទាំង​នោះ​កំពុង​ដាក់​ប្រទេស​ក្នុង​​គ្រាអាសន្ន​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩។

ការ​ដាក់​ចេញ​នូវ​​​បទ​បញ្ជា​​ថ្មី​​របស់​លោក​ ស ខេង នេះ បាន​ធ្វើ​ឡើង​តាមរយៈ​លិខិត​ផ្ញើ​ជូន អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា​ស្ដីពី​ការ​​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​ទៅ​ប្រទេស​ជិត​ខាង​ តាម​ច្រក​របៀង​នានា​កាល​​ពី​ថ្ងៃ​ពុធ​ទី ​១៣ ខែ​ឧសភា​​។ លោក​ ស ខេង ​ថ្លែង​ថា​៖ «ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្ដម​ លោក​ជំទាវ (អភិបាល​ខេត្ដ​​ជាប់​ព្រំដែន​​)​​ ជ្រាប​ថា នា​ពេល​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ត្រូវ​បាន​មេ​ខ្យល់​នាំ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​​ទៅ​ក្នុង​ប្រទេស​ជិត​ខាង​ ខណៈ​ពេល​ដែល​ប្រទេស​​ជិត​​ខាង​ទាំង​នោះ​កំពុង​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​ដើម្បី​បង្ការ ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​​​»​។

លោក​បញ្ជាក់​ថា វិធានការ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​នូវ​ការ​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ចេញ​-ចូល​ប្រទេស​ជិត​ខាង​ ការ​ថែ​​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ ការពារ​នូវ​ផល​ប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​ដាល​​នៃ​ជំងឺ​កូវីដ ​១៩ ​នៅ​កម្ពុជា។​

លោក​បញ្ជាក់​ក្នុង​លិខិត​ថា​៖ ​«ក្រសួង​មហាផ្ទៃ សូម​ណែនាំ​ដល់​លោក​ លោកស្រី អភិបាល​ខេត្ដ​ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ដ ត្រូវ​កោះ​ប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ខេត្ដ​ជា​បន្ទាន់ ដើម្បី​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​អស់​នៅ​តាម​តំបន់​ព្រំដែន ឲ្យ​ចូលរួម​សហការ​គ្នា​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ចេញ​ចូល​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​តាម​ច្រក​របៀង​នៅ​តាម​បណ្ដោយ​ព្រំដែន​​ជាមួយ​ប្រទេស​ជិត​ខាង»​។

ជាមួយ​គ្នា​នេះ​​លោក ស ខេង ក៏​បាន​ណែនាំ​ឲ្យ​អភិបាល​ខេត្ដ​ជាប់​ព្រំដែន​ត្រូវ​ស្រាវជ្រាវ​ស្វែងរក​ និង​តាម​​ចាប់​ខ្លួន​មេ​ខ្យល់​ ដែល​ធ្វើ​ចលនា​អូស​ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ ឲ្យ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ ចូល​ទៅ​ប្រទេស​ជិត​ខាង​តាម​ច្រក​របៀង​នានា​​ផង​ដែរ​។

លោក​បន្ដ​ថា​៖ «ក្នុង​ករណី​ដែល​សមត្ថកិច្ច​នៃ​ប្រទេស​ជិត​ខាង​ បាន​ចាប់​ឃាត់​ខ្លួន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ចូល​ទៅ​ប្រទេស​ជិត​ខាង​​ តាម​ច្រក​របៀ​ង​នានា​រដ្ឋបាល​ខេត្ដ​ ត្រូវ​ទំនាក់​ទំនង​ និង​សម្របសម្រួល​ជាមួយ​​សមត្ថកិច្ច​នៃ​ប្រទេស​ជិត​ខាង​ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ឲ្យ​បាន​ឆាប់ ​ដើម្បី​ស្នើ​ឲ្យ​សមត្ថកិច្ច​នៃ​ប្រទេស​ជិត​​ខាង​ចាត់​បញ្ជូន​ពួក​គាត់​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​និង​យក​ចិត្ដ​ទុក​ដាក់​ត្រួត​ពិនិត្យ​សុខភាព​ការ​អនុវត្ដ​វិធានការ​ចត្ដាឡីស័ក ​និង​ការ​ដឹក​ជញ្ជូន​បងប្អូន​​ទៅ​កាន់​លំនៅ​ឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​សម​ស្រប​»​។

លោក ស ខេង ​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ប្រទេស​ជិត​ខាង​នៅ​តែ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ នៅ​ឡើយ​។ លោក​ថា​ ហេតុ​នេះ​រដ្ឋបាល​ខេត្ដ​ត្រូវ​អប់រំ​ណែនាំ ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ ក្នុង​រយៈ​ពេល​នេះ​ជា​ដាច់​ខាត​។ ត្រូវ​បន្ដ​យក​ចិត្ដ​ទុក​ដាក់​ អនុវត្ដ​នូវ​វិធានការ​ និង​គោលការណ៍​​ណែនាំ​នានា​របស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា និង​ក្រសួង​សុខាភិបាល ​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​១៩ នៅ​កម្ពុជា​ ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់ទង​សុំ​​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ ដោយ​​ទូរស័ព្ទ​លោក​ពុំ​មាន​អ្នក​ទទួល​។

លោក ជា ពិសិដ្ឋ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ឧត្ដរមានជ័យ​ដែល​​ជា​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស ថៃ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ពុំ​មាន​​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ចេញ​​ពី​កម្ពុជា​តាម​ច្រក​នៃ​ព្រំ​ដែន​ខេត្ដ​​ឧត្ដរមានជ័យ​នោះ​ទេ ប៉ុន្ដែ​នាពេល​កន្លង​មក​នេះ នៅ​តែ​មាន​ពលករ​ចំណាក​ស្រុក​ចេញ​ពី​ប្រទេស​ ​ថៃ ​មក​កម្ពុជា​វិញ​ជា​បន្ត​​បន្ទាប់​។

លោក​ថ្លែង​បន្ត​ថា​៖ «ខេត្ដ​ឧត្ដរមានជ័យ​មាន​ច្រក​ចេញ​ចូល​ជាមួយ​ប្រទេស ​ថៃ ​ចំនួន ​៣ ច្រក ប៉ុន្ដែ​ខេត្ដ​យើង​មិន​មាន​ច្រក​របៀង​នោះ​ទេ​។ ច្រក​ទាំង ​៣ នេះ​បច្ចុប្បន្ន​គឺ​បាន​បិទ​ជា​ផ្លូវ​ការ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល។ បច្ចុប្បន្ន​នេះ​មាន​តែ​ពលរដ្ឋ​ចាកចេញ​ពី​ខាង​ប្រទេស ​ថៃ ​មក​ខ្មែរ​បើ​ចូល​ពី​ខ្មែរ​ទៅ​ប្រទេស​ថៃ ​ពុំ​មាន​ទេ លើកលែង​តែ​ការ​ចរាចរ​ទំនិញ​ពាណិជ្ជកម្ម​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច​គយ​»។

ចំណែក​លោក សុខ សុទ្ធី អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​កោះកុង​ដែល​មាន​ព្រំដែន​គោក ​និង​សមុទ្រ​ជាប់​ប្រទេស​ថៃ ​ដែរ​នោះ​ឲ្យ​ដឹង​ថា មិន​មាន​ពលរដ្ឋ​ខ្មែរ​លួច​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ពី​កម្ពុជា​ទៅ​​ប្រទេស​ថៃ ​នោះទេ ហើយ​បច្ចុប្បន្ន​រដ្ឋបាល​ខេត្ដ​កំពុង​អនុវត្ដ​តាម​ការ​​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​​។

លោក​ថ្លែង​ថា​៖ «ឥឡូវ​នេះ​យើង​កំពុង​តែ​អនុវត្ដ​នូវ​អ្វី​ដែល​ជា​ប្រសាសន៍​សម្ដេច​ក្រឡាហោម​។ ខេត្ដ​កោះកុង​យើង ​មិន​មាន​ពលករ​ចេញ​-ចូល​នោះ​ទេ​ ហើយ​​ជា​ទូទៅ​ យើង​បន្ត​អនុវត្ដ​តាម​ការ​​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ តាម​ប្រព័ន្ធ​ចត្ដាឡីស័ក​ជា​ប្រចាំ​​»។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ (Central) បាន​ថ្លែង​​ថា ក្នុង​ដំណាក់​កាល​នៃ​ការ​រីករាល​ដា​ល​ជំងឺ​កូវីដ ​១៩ នេះ ភាគី​ខ្មែរ និង​ថៃ​បាន​ផ្អាក​មួយ​រយៈ​នូវ​ដំណើរការ​នៃ​ការ​ទទួល​ពលករ​រវាង​ប្រទេស​ទាំង ​២ កត្ដា​នេះ ​ហើយ​ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រថុយ​​ឆ្លង​ដែន​តាម​ច្រក​របៀង​ទៅ​​​រក​ការងារ​ធ្វើ​​នៅ​ប្រទេស ​ថៃ​។

លោក​ថ្លែង​ថា៖ «កត្ដា ​២ ​ដែល​​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សម្រេច​ចិត្ដ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ​នេះ​ គឺ​កត្ដា​អូស​ទាញ និង​កត្ដា​ជំរុញ​។ កត្ដា​អូស​ទាញ​​មាន​អ្នក​មក​ប្រាប់​គាត់​ថា​ធ្វើ​ចំណាក​ស្រុក​បាន​ប្រាក់​ខែ​ច្រើន​ជាដើម ហើយ​​កត្ដា​ជំរុញ​ គឺ​តម្រូវ​ការ​ក្រពះ​។ នៅ​ពេល​ពលរដ្ឋ​អត់​មាន​ចំណូល គ្មាន​លុយ​សម្រាប់​ទិញ​ម្ហូប​អាហារ​គ្រប់គ្រាន់ គ្មាន​លុយ​សម្រាប់​រ៉ាប់​រង​ចំណាយ​ប្រចាំ​ថ្ងៃ និង​សង​បំណុល​គេ រួម​នឹង​ការងារ​នៅ​ខ្មែរ​នៅ​មាន​ភាព​ចង្អៀត​នៅ​ឡើយ​ទើប​ជំរុញ​ឲ្យ​ពួក​គាត់​ត្រូវ​តែ​ប្រថុយ​ធ្វើ​ចំណាក​ស្រុក​បែប​នេះ​»។ ​

លោក តុលា ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​ចំពោះ​កត្ដា​ជំរុញ​នេះ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ទៀត។ ​ជាមួយ​គ្នា​នេះ​ លោក ​តុលា ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​បម្រុង​ សម្រាប់​ទប់ស្កាត់​បញ្ហា​ជំងឺ​កូវីដ​ ​១៩ ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​​ដែល​គ្មាន​​ការងារ​ធ្វើ​ក្នុង​ដំណាក់​កាល​នេះ​ផង​ដែរ​​។

លោក​ឲ្យ​ដឹង​ថា ប្រទេស​ថៃ ​បាន​ចំណាយ​ថវិកា​បម្រុង​ក្នុង​ការ​ជួយ​ដល់​ពលករ​នៅ​ដំណាក់កាល​នេះ តាមរយៈ​ការ​បើក​ប្រាក់​ខែ​ ៥០ ភាគរយ ហើយ​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​​មក​​ពី​ថៃ​ជិត ១០ ម៉ឺន​នាក់​នោះ​ ភាគ​ច្រើន​គ្មាន​ឯកសារ​ច្បាស់លាស់ ​ឬ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​៕​